
ខេត្តព្រៃវែង ៖ មានហេតុការណ៍ដ៏គួរឲ្យរន្ធត់មួយបានកើតឡើង កាលពីវេលាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៣ ដោយសារតែមានរថយន្តមួយគ្រឿង ជិះគ្នា៧នាក់ ដែលជាជនស៊ីរី បានជួបឧប្បទ្ទវហេតុ ក្រឡាប់ធ្លាក់ចូល ប្រឡាយទឹកបឹងស្នេហ៍ ដែលមានទីតាំងនៅចំណុចផ្លូវទំនប់បង្ហៀរទឹក ស្ថិតក្នុងភូមិស្នេហ៍ ឃុំធាយ ស្រុកបាភ្នំ បណ្តាលឲ្យស្លាប់៤នាក់ បាត់ខ្លួន២នាក់ និងជួយសង្គ្រោះបានម្នាក់។
បើតាមសេចក្តីរាយការណ៍ពីខេត្តព្រៃវែងបានឲ្យដឹងថា សពជនរងគ្រោះចំនួន៤នាក់ ក្នុងនោះស្រីពីរនាក់ និងក្មេងប្រុសអាយុជាង១ឆ្នាំពីរនាក់ ត្រូវបានរកឃើញ ហើយបុរសម្នាក់អាយុជាង៣០ឆ្នាំ បានរួចផុតពីសេចក្ដីស្លាប់ ខណៈដែលជនរងគ្រោះពីរនាក់ផ្សេងទៀតបាននឹងកំពុងបាត់ខ្លួន ក្នុងនោះមានអ្នកបើកបរផងដែរ ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកកាមរីឆ្លាម ពណ៌ស មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2A-8239 ជិះគ្នា៧នាក់ ដែលសុទ្ធតែជាជនស៊ីរី បើកបរតាមបណ្តោយផ្លូវជាតិ។ ខណៈពេលជិះមកដល់ចំណុចកន្លែងកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូតធ្លាក់ផ្លូវ បណ្តាលឲ្យក្រឡាប់ធ្លាក់ចូលទៅក្នុងចំណុចបង្ហៀរទឹកដែលមានកម្លាំងទឹកហូរខ្លាំង បណ្តាលឲ្យមានមនុស្សស្លាប់ និងបាត់ខ្លួនតែម្តង។
បច្ចុប្បន្នកម្លាំងសមត្ថកិច្ចមូលដ្ឋាន កំពុងតែព្យាយាមធ្វើការស្វែងរកអ្នកដែលបាត់ខ្លួនជាបន្តទៀត។ ចំណែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុក ដើម្បីរង់ចាំខាងស្ថានទូត មកធ្វើការដោះស្រាយជាបន្តទៀត៕
Source from: watphnom-news.com