
រាជធានីភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែង ខណៈជិះម៉ូតូតែម្នាក់ឯង ក៏ត្រូវរថយន្តដឹកកុងតឺន័រ មួយគ្រឿងទៀត របស់ក្រុមហ៊ុនផែស្ងួត តិច ស្រ៊ុន ដែលធ្វើដំណើរបញ្ច្រាសទិសគ្នា បុកដួលចូលក្រោមរថយន្តកិនអូសជាង ២០ម៉ែត្រ នៅចំណុចក្បែរ សាលាវិទ្យាល័យពងទឹក តាមបណ្តោយ ផ្លូវជាតិលេខ ៣ ស្ថិតក្នុងភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១២និង២០ នាទី ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៣ ។
ជនរងគ្រោះមានឈ្មោះ ខុន តុលា ភេទប្រុស អាយុ ១៧ ឆ្នាំ មុខរបរលក់ដូរ បច្ចុប្បន្នរស់នៅ ភូមិទួលសំបូរ សង្កាត់ព្រៃវែង ខណ្ឌដង្កោ ជិះម៉ូតូម៉ាក SIRIUSR ពណ៌ខ្មៅលាយស ពាក់ស្លាកលេខ ភ្នំពេញ 1AS-0464 ។ ចំណែករថយន្តដឹកកុងតឺន័រ បង្កហេតុជារបស់ក្រុមហ៊ុន ផែស្ងួតតិចស្រ៊ុន ពាក់ស្លាកលេខ ភ្នំពេញ 3B-5451 អ្នកបើកបរមិនត្រូវបាន ស្គាល់អត្តសញ្ញាណ នោះទេ ព្រោះក្រោយពីកើតហេតុ បានបើកទ្វារថយន្តរត់គេចខ្លួនបាត់ស្រមោល ។
ប្រភពព័ត៌មានពីសមត្ថកិច្ច ប្រាប់បន្តឲ្យដឹង មុនពេលកើតហេតុ ម៉ូតូជនរងគ្រោះ បើកបរក្នុងទិសដៅ ពីត្បូងទៅ ជើងតែម្នាក់ឯង លុះមកដល់ចំណុចកើតហេតុ ក៏ត្រូវរថយន្តកុងតឺន័រក្រុមហ៊ុន ផែស្ងួតតិចស្រ៊ុន បុកពេញទំហឹងតែម្តង ខណះបើកបរបញ្ច្រាសទិសគ្នា ពីជើងទៅត្បូង បណ្តាលឲ្យជនរងគ្រោះ ដួលបោកក្បាលទៅនឹងថ្នល់ ប្រកាច់ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ មើលទៅគួរឲ្យ អាណោចអាធ័មបំផុត៕
Source from: watphnom-news.com