
លំនៅឋានប្រជាពលរដ្ឋមួយចំនួនឋិតនៅភូមិសន្សំកុសល១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានទទួលរងការលិចលង់ជ្រាបទឹកចូលពេញផ្ទះ ដោយសារក្រុមហ៊ុនលោកឧកញ៉ា លាង ឃុន បើកការដ្ឋានសាងសង់គ្មានក្បួនខ្នាតត្រឹមត្រូវស្របតាមបទដ្ឋានបច្ចេកទេសជីកកាយដីដាច់ទុយោទឹកស្អាត ធ្វើឲ្យធ្លាយទឹកចេញក្រៅយ៉ាងល្ហល្ហាច ។
ហេតុការណ៍នេះបានកើតមានឡើងនាវេលាម៉ោងប្រមាណ១៤រសៀល ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៣ ខណៈដែលក្រុមហ៊ុនលោកឧកញ៉ា លាង ឃុន បើកការដ្ឋានសាងសង់នៅលើទីតាំងដីរបស់ក្រុមហ៊ុន ឋិតនៅផ្លូវលេខ២៧១ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន និងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជីកកាយដីដាច់ទុយោទឹកស្អាតរបស់អង្គភាពរដ្ឋាករទឹកស្វយ័តរាជធានីភ្នំពេញ ដែលកប់ក្នុងដីជម្រៅប្រមាណ៣ម៉ែត្រ ធ្វើឲ្យធ្លាយទឹកចេញក្រៅលិចលង់ផ្ទះប្រជាពលរដ្ឋជាប់ខាងក្រោយបរិវេណដីក្រុមហ៊ុន ឋិតនៅក្នុងសង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញតែម្តង ។
មជ្ឈដ្ឋានប្រជាពលរដ្ឋដែលរងគ្រោះ និងអ្នកបានឃើញហេតុការណ៍នេះ បាននិយាយថា ក្រុមហ៊ុនលោកឧកញ៉ា លាង ឃុន បើកការដ្ឋានសាងសង់ដោយធ្វេសប្រហែសគ្មានបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ទើបជីកកាយដីដាច់ទុយោទឹកស្អាត ធ្វើឲ្យធ្លាយទឹកចេញក្រៅលិចលង់ផ្ទះប្រជាពលរដ្ឋដូច្នេះ ។
លោក លាង ឃុន ទទួលបានការតែងតាំងជាឧកញ៉ាដោយព្រះរាជក្រឹត្យលេខនស/រកត/១០០៦/៤០៤ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ២០០៦ ៕
Source from: www.dtn7.com
No comments:
Post a Comment