
រដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា មានអាយុបាន២០ឆ្នាំហើយគិតត្រឹមថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣កន្លងមកថ្មីៗនេះ ។ ទាំងព្រះមហាក្សត្រ ទាំងមន្ត្រីបម្រើការងារនៅគ្រប់ស្ថាប័នជាតិ ទាំងប្រជាពលរដ្ឋកម្ពុជាដែលជាម្ចាស់វាសនានៃប្រទេសជាតិ ត្រូវតែប្រព្រឹត្ត និងគោរពតាមរដ្ឋធម្មនុញ្ញ និងច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រកម្ពុជា ដែលស្របដាច់ខាតនឹងរដ្ឋធម្មនុញ្ញ ។
ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទី២អស់រយៈពេល២០ឆ្នាំជាប់ៗគ្នា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ធ្លាប់បានប្រកាសការពារ និងគោរពរដ្ឋធម្មនុញ្ញយ៉ាងប្តូរផ្តាច់ ព្រមទាំងបានព្រមានថា "បើមានការរំលោភបំពានរដ្ឋធម្មនុញ្ញ សម្តេចនឹងផ្ទុះអាវុធ" ។
មានព័ស្តុតាងជាច្រើនបានបង្ហាញថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាទី២មិនបានគោរពតាមរដ្ឋធម្មនុញ្ញ និងរំលោភបំពានលើរដ្ឋធម្មនុញ្ញ ខណៈដែលមាត់របស់មន្ត្រីទាំងនោះសូត្រទន្ទេញថា "ការពាររដ្ឋធម្មនុញ្ញជាដាច់ខាត" ដែលការរំលោភបំពាន និងការមិនគោរពរដ្ឋធម្មនុញ្ញនោះ មានជាអាទិ៍ ៖
១-មាត្រា២នៃរដ្ឋធម្មនុញ្ញបានចែងថា "បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាមិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួន ដែលមានកំណត់ក្នុងផែនទីខ្នាត១/១០០.០០០ ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣-១៩៦៩ ។ " ប៉ុន្តែរាជរដ្ឋាភិបាលកម្ពុជាបានចុះសន្ធិសញ្ញាបំពេញបន្ថែមនាថ្ងៃទី១០ ខែតុលា ឆ្នាំ២០០៥ នៅទីក្រុងហាណូយ ប្រទេសវៀតណាម ជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ដោយយកផែនទីខ្នាត១/៥០.០០០ទៅវិញ ។
២-មាត្រា១៣៥ថ្មីនៃរដ្ឋធម្មនុញ្ញបានចែងតម្រូវឲ្យមានការបង្កើតច្បាប់ស្តីពីលក្ខន្តិកៈចៅក្រម និងព្រះរាជអាជ្ញា និងច្បាប់ស្តីពីការរៀបចំអង្គការតុលាការ ប៉ុន្តែអស់រយៈពេល២០ឆ្នាំមកហើយ រាជរដ្ឋាភិបាលមិនមានឆន្ទៈបង្កើតឲ្យមានច្បាប់គោលដ៏សំខាន់ទាំង២នេះសម្រាប់យកមកអនុវត្តន៍នៅក្នុងស្ថាប័នតុលាការនៅឡើយ ជាហេតុធ្វើឲ្យកើតមានអំពើពុករលួយ និងបក្ខពួកនិយមក្នុងស្ថាប័នតុលាការយ៉ាងពេញបន្ទុក ។
៣-រាជរដ្ឋាភិបាលធ្លាប់បានចេញការសម្រេចតាមស្មារតីលិខិតលេខ១៩៦៩សជណ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការផ្តល់យោបល់របស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ក្នុងសំណុំរឿងក្តីតែមួយ ផ្ទុយនឹងអំណាចសាលដីការដ្ឋប្បវេណីស្ថាពរលេខ១៤១ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០០៥ របស់តុលាការកំពូល ដែលជាការសម្រេចមួយរំលោភបំពានលើច្បាប់រដ្ឋធម្មនុញ្ញយ៉ាងកំរោល ។
៤-ទាក់ទងនឹងដំណើរការបើកកិច្ចប្រជុំដំបូងនៃរដ្ឋសភានីតិកាលទី៥របស់គណបក្សប្រជាជនកម្ពុជា កាលពីថ្ងៃទី២៣ ខែកញ្ញា និងការជ្រើសតាំងថ្នាក់ដឹកនាំរដ្ឋសភា និងគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី២៤ កញ្ញា ត្រូវបានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សនយោបាយប្រឆាំងដ៏ធំនៅកម្ពុជា និងមានអាសនៈចំនួន៥៥នៅក្នុងរដ្ឋសភានីតិកាលទី៥ ចោទប្រកាន់ថា រំលោភទៅលើរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាត្រង់មាត្រា១, មាត្រា៤, មាត្រា៦ថ្មីនៃច្បាប់ធម្មនុញ្ញបន្ថែម, មាត្រា៨, មាត្រា៩, មាត្រា៥១ថ្មី និងមាត្រា៧៦ ។
យោងតាមព័ស្តុតាងដូចបានលើកឡើងខាងលើនេះ បានឆ្លុះបញ្ចាំងឲ្យឃើញថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាទី២គ្រប់គ្រងអំណាចដោយគណបក្សប្រជាជនកម្ពុជា គឺជាតួអង្គដ៏សំខាន់ក្នុងការប្រព្រឹត្តអំពើរំលោភបំពានរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជា ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យ និងអ្នកវិភាគព្រឹត្តិការណ៍នយោបាយនៅកម្ពុជា បានសម្តែងនូវការចាប់អារម្មណ៍ថា ទោះបីលេចចេញនូវសកម្មភាពរំលោភបំពានរដ្ឋធម្មនុញ្ញដោយមន្ត្រីគណបក្សប្រជាជនកម្ពុជាដូច្នោះក៏ដោយ ក៏គេមិនបានឃើញ "សម្តេចតេជោសែន" អនុប្រធានគណបក្សប្រជាជនកម្ពុជាដ៏មានឥទ្ធិពល និងជាបុរសខ្លាំងនៃកម្ពុជា"ធ្វើការផ្ទុះអាវុធ"កម្ទេចទៅលើក្រុម ឬបុគ្គលដែលរំលោភបំពានរដ្ឋធម្មនុញ្ញក្នុងនាមជាអ្នកការពាររដ្ឋធម្មនុញ្ញ និងច្បាប់ទាំងឡាយនៃព្រះរាជាណាចក្រកម្ពុជាដែលស្របនឹងរដ្ឋធម្មនុញ្ញដូចការអះអាងនោះឡើយ ៕
Source from: www.dtn7.com