
ខេត្តស្ទឹងត្រែង ៖ មេឈ្មួញធំៗកំពុងសុខស្រួល ក្នុងការរកស៊ីដឹកជញ្ជូនឈើ ខុសច្បាប់នៅលើទឹកដី ខេត្តស្ទឹងត្រែង មិនដែលមាន នរណាហ៊ានហើបមាត់ ហើយគេសង្កេតឃើញ ជំនាញរដ្ឋបាលព្រៃឈើ របស់លោក អ៊ីវ ឯកសាវត្តីជាអ្នកជួយសម្របសម្រួល ឲ្យក្រុមឈ្មួញមួយចំនួន រកស៊ីដឹកជញ្ជូនឈើ ខុសច្បាប់មិនដែលអើពើពីការបង្ក្រាបទេ។ ទាក់ទងបញ្ហានេះ គេយល់ថា លោក អ៊ុក រ៉ាប៊ុន ជារដ្ឋមន្ត្រីក្រសួងកសិកម្ម ដែលទើបឡើងតំណែងថ្មី មិនគួរមើលរំលងពី ភាពអនាធិបតេយ្យ នៃការដឹកជញ្ជូនឈើខុសច្បាប់ ក្នុងខេត្តស្ទឹងត្រែងនោះទេ ។
សេចក្តីរាយការណ៍ ពីខេត្តស្ទឹងត្រែងបានឲ្យដឹងថា ទឹកជំនន់ហៀរដងទន្លេមេគង្គ គឺជាឱកាសដែលក្រុមឈ្មួញធំៗមួយចំនួន ដូចជាយាយព្រឿង និងមេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា កំពុងសុខស្រួល ក្នុងការដឹកជញ្ជូនឈើ តាមផ្លូវទឹកពីភាគខាងជើង ខេត្តស្ទឹងត្រែង ចូលមកទីតាំងស្តុកឈើ របស់ពួកគេ ដើម្បីបន្តនាំចេញទៅស្រុកយួន យ៉ាងអនាធិបតេយ្យបំផុត។ មន្ត្រីជំនាញរដ្ឋបាលព្រៃឈើ ក្រោមបញ្ជារបស់លោក អ៊ីវ ឯកសាវត្តី បានត្រឹមតែនាំគ្នា ស្វែងរកជួបមេឈ្មួញ រកស៊ីឈើធំៗ ដើម្បីលាបាតដៃសុំ ប្រាក់ ដោយគ្មានសេចក្តីអៀនខ្មាស ។
កន្លងមករដ្ឋមន្ត្រី ក្រសួងកសិកម្ម តែងតែទទួលបាន របាយការណ៍ភូតភរ ពីថ្នាក់ក្រោម ហើយគេចាំបានថា លោក ច័ន្ទ សារុន ធ្លាប់ប្តេជ្ញាចិត្តបង្ក្រាប បទល្មើសព្រៃឈើ នៅក្នុងខេត្តព្រះវិហារនិង ខេត្តស្ទឹងត្រែង ឲ្យមានប្រសិទ្ធភាព ប៉ុន្តែទីបំផុតមន្ត្រីជំនាញ រដ្ឋបាលព្រៃឈើ ក្នុងខេត្តស្ទឹងត្រែង បានរាយការណ៍ភូតកុហកថ្នាក់លើ ដើម្បីបិទបាំងរឿងអាស្រូវ នៃការដឹកជញ្ជូនឈើខុសច្បាប់ ។ ប៉ុន្តែកាលៈទេសៈនេះលោក អ៊ុក រ៉ាប៊ុន ដែលទើបឡើងតំណែង ជារដ្ឋមន្ត្រីក្រសួងកសិកម្ម មិនគួរមើលរំលង ពីបទល្មើសព្រៃឈើរបស់ យាយព្រឿង និងមេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា នោះទេ។
មន្ត្រីមួយចំនួនបានរាយការណ៍ថា យាយព្រឿងដែលជា មេឈ្មួញរកស៊ីឈើ ខុសច្បាប់ល្បីជាងគេ ក្នុង ខេត្តស្ទឹងត្រែង មួយរយៈនេះហាក់ដូចជា ដកឃ្លាពីការរកស៊ី ដឹកជញ្ជូនឈើដោយផ្ទាល់ ប៉ុន្តែយាយ ព្រឿង បានធ្វើជាខ្នងបង្អែក ឲ្យក្មួយនិងប្អូនរបស់គាត់ជាអ្នក ចាប់អាជីពរកស៊ីដឹកជញ្ជូនឈើខុសច្បាប់ ខ្លាំងជាងពេលមុនទៅទៀត។ មានការបញ្ជាក់ផងដែរថា នៅពេលទូកដឹកជញ្ជូនឈើ មកពីស្រុកសេសាននិងស្រុកសៀមប៉ាង ចូលមកដល់ក្រុងស្ទឹងត្រែងសាច់ញាតិ របស់យាយ ព្រឿង បានយករថយន្តទៅចតក្បែរច្រាំង ឲ្យកម្មករលើកឈើពីទូក ដាក់លើរថយន្ត មិនចាំបាច់យកទៅ ស្តុកទុកក្នុងឃ្លាំងនោះទេ នាំតែខាតកម្លាំងពលកម្ម ។
ដោយឡែកមេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា ក៏កំពុងសកម្ម ក្នុងការដឹកជញ្ជូនឈើខុសច្បាប់ ដោយជ្រកក្រោមស្លាក ស្តារបាតអាងទំនប់វារីអគ្គិសនី សេសានក្រោម២ ហើយមេឈ្មួញ លឹម ប៊ុណ្ណា បានប្រគល់តួនាទីឲ្យឈ្មោះសាន ចយ ធ្វើជាមេការ ទទួលខុសត្រូវ លើជំនួញឈើខុសច្បាប់។ មកដល់ពេលបច្ចុប្បន្ននេះ ការកាប់បំផ្លាញព្រៃឈើ នៅក្នុងតំបន់បាតអាង ទំនប់វារីអគ្គិសនី វិនាសហិនហោចគ្មានសល់១ដើមទេ ប៉ុន្តែមេឈ្មួញ លឹម ប៊ុណ្ណា ហៅខ្នា បានបន្តប្រមូលទិញឈើ ដែលប្រជាពលរដ្ឋចូលទៅកាប់បំផ្លាញនៅតាមតំបន់ ព្រៃការពារនិងព្រៃអភិរក្ស ក្រៅតំបន់បាតអាង ទំនប់វារីអគ្គិសនីយ៉ាងអនាធិបតេយ្យបំផុត៕
Source from: watphnom-news.com
No comments:
Post a Comment