
រាជធានីភ្នំពេញ ៖ គណបក្សសង្គ្រោះជាតិ បានចាប់ផ្តើមធ្វើ សមាជមហាជននៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៣ នៅទីលានប្រជាធិបតេយ្យ ចាប់ពីម៉ោង ២ ដល់ម៉ោង៦ ល្ងាច ដើម្បីផ្ដល់ឱកាស ឲ្យប្រជាពលរដ្ឋជាម្ចាស់ឆ្នោត មកជួបជុំសម្ដែងមតិ និងផ្ដល់អនុសាសន៍សំខាន់ៗ ក្នុងការទាមទារ ស្វែងរកការពិត និងយុត្តិធម៌ ពាក់ព័ន្ធការបោះឆ្នោត ហើយប្រជាពលរដ្ឋខ្មែររាប់លាននាក់ បានសម្តែងមតិគាំទ្រ ចំពោះជំនួបមហាជននេះផងដែរ។
ពលរដ្ឋអ្នករត់ម៉ូតូឌុបម្នាក់នៅភ្នំពេញ បានគាំទ្រឲ្យគណបក្ស សង្គ្រោះជាតិ រៀបចំជំនួបមហាជននេះឡើង ដើម្បីទាមទារឲ្យមាន ដំណោះស្រាយសម្រាប់ ពលរដ្ឋម្ចាស់ឆ្នោត ព្រោះក្រោមការដឹកនាំ របស់គណបក្ស ប្រជាជនកម្ពុជា ធនធានធម្មជាតិ គ្រប់សព្វបែបយ៉ាង ត្រូវបំផ្លាញខ្ទេចខ្ទី ហើយជនអន្តោប្រវេសន៍វៀតណាម ខុសច្បាប់ ក៏មានវត្តមានលើទឹកដីខ្មែរ រឹតតែច្រើនឡើងៗ។
អ្នករត់តាក់ស៊ីពីភ្នំពេញ ទៅកំពត បានឲ្យដឹងថា ពួកគេធ្លាប់បានចូលរួម ធ្វើបាតុកម្មជាមួយ គណបក្សសង្គ្រោះជាតិ កន្លងមក ហើយនៅពេលនេះ ពួកគេសប្បាយចិត្ត នៅពេលឮថា គណបក្សសង្គ្រោះជាតិ រៀបចំឲ្យមានសមាជមហាជន និងគ្រោងធ្វើបាតុកម្ម ជាបន្តបន្ទាប់ទៀត។ មិនមែនតែ ក្រុមអ្នករត់តាក់ស៊ីទេដែលចង់ឲ្យមានបាតុកម្ម អ្នកជិះតាក់ស៊ីស្ទើរគ្រប់គ្នា បាននិយាយពីរឿងបាតុកម្មនេះ ហើយគ្រប់ៗគ្នា មិនខ្លាចបាតុកម្ម ធ្វើឲ្យប៉ះពាល់ដល់របរ ចិញ្ចឹមជីវិតប្រចាំ ថ្ងៃរបស់ពួកគេឡើយ។
តាមមើលទៅ ប្រជាពលរដ្ឋខ្មែរ ហាក់មិនចង់រង់ចាំ រយៈពេល ៥ឆ្នាំ ក្រោមការដឹកនាំ របស់គណបក្សប្រជាជន ទៀតឡើយ។ ពួកគេចង់បាន យុត្តិធម៌សម្រាប់ ការបោះឆ្នោត ហើយពាក្យថា យុត្តិធម៌ការបោះឆ្នោតនេះហើយ ដែលធ្វើឲ្យពួកគេ លះបង់ពេលវេលា ប្រកបរបរចិញ្ចឹមជីវិត ព្រមទាំងលុយកាក់ផ្ទាល់ខ្លួន ដើម្បីធ្វើដំណើរ មកចូលរួមបាតុកម្ម ទាមទារយុត្តិធម៌ ដែលគេចង់បាន។
ប្រជាពលរដ្ឋជាច្រើនទៀត មិនចង់ឃើញគណបក្ស ប្រជាជនកម្ពុជា ដឹកនាំប្រទេស ៥ឆ្នាំបន្តទៀតឡើយ ព្រោះថា ពួកគេបានរងទុក្ខ ដោយសារអំពើអយុត្តិធម៌ជាច្រើន ក្រោមការដឹកនាំ របស់គណបក្សកាន់អំណាចសព្វថ្ងៃ ពិសេសអយុត្តិធម៌ក្នុងបញ្ហាដីធ្លី។ គណបក្ស សង្គ្រោះជាតិក៏បានរៀបចំគម្រោង ធ្វើមហាបាតុកម្ម ទ្រង់ទ្រាយធំនៅថ្ងៃទី២៣ ខែតុលា ដោយមានការដង្ហែញ្ញត្តិ យកទៅដាក់ជូន តំណាងអង្គការសហប្រជាជាតិ ប្រចាំប្រទេសកម្ពុជាផងដែរ៕
Source from: watphnom-news.com
No comments:
Post a Comment