កំណែទម្រង់​វិស័យ​កីឡា​ជាតិ​មានសង្ឃឹម​តិចតួច ទោះបី​មាន​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា​ថ្មី​

ឯកឧត្តម​បណ្ឌិតហង់​ជួនណា​រ៉ុ​នត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំយុវជននិង​កីឡាសម្រាប់​អាណត្តិ​ទី​៥​នេះ

ឯកឧត្តម​បណ្ឌិត ហង់​ជួន ណា​រ៉ុ​ន ត្រូវបានតែងតាំង​ជា​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា សម្រាប់​អាណត្តិ​ទី​៥​នេះ ខណៈដែល​ឯកឧត្តម ស៊ាន បូរ៉ា​ត អនុប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ត្រូវបានតែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា ទទួលបន្ទុក​វិស័យ​កីឡា ។​

​រាជរដ្ឋាភិបាល​អាណត្តិ​ថ្មី​នាយករដ្ឋមន្ត្រី​ចាស់ បានធ្វើការ​ផ្លាស់ប្តូ​រស​មាស​ភាព​ថ្នាក់ដឹកនាំ​ក្រសួង​អប់រំ យុវជន និង​កីឡា ពី​ថ្នាក់​កំពូល ដល់​ថ្នាក់កណ្តាល​ខ្លះ ដូចជា ការបាត់​ឈ្មោះ​ឯកឧត្តម ប៊ុន សុខ ពី​រដ្ឋលេខាធិការ​ក្រសួង និង​ឯកឧត្តម មាស សារិន ពី​អនុរដ្ឋលេខាធិការ​ក្រសួង​ក្នុង​អាណត្តិ​នេះ ត្រូវបាន​ម​ជ្ឈដ្ឋា​ន​នានា​អបអរសាទរ​យ៉ាងខ្លាំង ដ្បិត​ថ្នាក់ដឹកនាំ​ប៉ុន្មាន​រូបនេះ​មាន​ជំនាញ​លើក​គម្រោង​ចំណាយ​ថវិកាជាតិ ដោយ​បំប៉ោង​តួលេខ​ជាក់ស្តែង និង​ពុករលួយ​ដុះ​ស្លែ​ដើម្បី​យកលុយ​ដាក់​ហោប៉ៅ និង​យក​ទីតាំង​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​ធ្វើ​អាជីវកម្ម​បាន​លុយ​ចែកគ្នា​ជា​ប្រយោជន៍​ផ្ទាល់ខ្លួន​អស់​រាប់​ឆ្នាំ ។​

​ថ្វី​ដ្បិត ក្រសួង​អប់រំ យុវជន និង​កីឡា ក្នុង​អាណត្តិ​នេះ​មានការ​ផ្លាស់ប្តូរ​ថ្នាក់ដឹកនាំ​កំពូល និង​ថ្នាក់កណ្តាល​ខ្លះ​ក៏ពិតមែន ប៉ុន្តែ​អ្នកតាមដាន និង​ស្រឡាញ់​កីឡា​ជាតិ​បាន​សម្តែង​នូវ​ក្តីសង្ឃឹម​តិចតួច​ណាស់​លើ​ការកែទម្រង់​វិស័យ​កីឡា​ឲ្យ​មានការ​រីកចម្រើន ពីព្រោះ នៅមាន​វត្តមាន​មន្ត្រី​ល្បីល្បាញ​ខាង​ពុករលួយ​មួយចំនួនទៀត​កំពុង​បម្រើ​ការងារ​នៅក្នុង​វិស័យ​កីឡា​នៅឡើយ ហើយ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​ថែមទៀត ។​

​អគ្គនាយកដ្ឋាន​កីឡា​ចំណុះ​ក្រសួង មាន​ឯកឧត្តម អ៊ុក សិទ្ធ​ជាតិ ជា​អគ្គនាយក និង​មាន​លោក ម៉ិ​ល កាដូ ជា​អគ្គនាយករង ។ អគ្គនាយកដ្ឋាន​កីឡា​នេះ មាន​នាយកដ្ឋាន​ចំនួន​៤​ជា​ចំណុះ រួមមាន ៖ នាយកដ្ឋាន​កីឡា​សិស្ស​-​និស្សិត​,​នាយកដ្ឋាន​អប់រំ​កាយ​និង​កីឡា ,​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា និង​វិទ្យាស្ថាន​ជាតិ​អប់រំ ។​

​លោក ម៉ិ​ល កាដូ អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​កីឡា​ធ្លាប់​ជាប់​ឈ្មោះ​ល្បីល្បាញ​ពាក់ព័ន្ធ​ទៅនឹង​ការលើក​គម្រោង​ចាយលុយ​ប្រកួត​កីឡា​ជម្រើសជាតិ​រាប់ពាន់​លាន​រៀល​ក្នុង​មួយឆ្នាំៗ  និង​ការជ្រើសរើស​សិក្ខាកាម​ឲ្យ​ចូលរៀន​សាលា​កីឡា​មាន​បង្កប់​ដោយ​អំពើពុករលួយ​យកលុយ​ចំនួន​២.៥០០ ដុល្លារ​អាមេរិក ទៅ ៣.០០០ ដុល្លារ​អាមេរិក ក្នុង​ម្នាក់ៗ ជា​ថ្នូរ ។​

​លើសពីនេះ ឯកឧត្តម ស៊ាន បូរ៉ា​ត ជា​រដ្ឋលេខាធិការ​ក្រសួង ទទួលបន្ទុក​វិស័យ​កីឡា និង​ឯកឧត្តម អ៊ុក សិទ្ធ​ជាតិ ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា ព្រមទាំង​លោក ប៉ុង សុខ ជា​នាយក​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ជា​មនុស្ស​រាប់អាន​គ្នា​យ៉ាង​ល្អូក​ល្អឺ​ន សឹង​ចាក់ទឹកមិនលិច ។ ដូច្នេះ ការលើក​គម្រោង​ថវិកា​ចំណាយ​ប្រចាំឆ្នាំ ក្នុង​វិស័យ​កីឡា គឺ​អ្នក​លើក​គម្រោង អ្នកសម្រេច​លើ​គម្រោង និង​អ្នកត្រួតពិនិត្យ​ការអនុវត្ត​គម្រោង​ជា​ក្រុម​បក្ខពួក​តែមួយ​ដែល​អាច​ពុករលួយ​ខ្លាំង​ជាង​អាណត្តិ​មុន គួបផ្សំ​នឹង​មន្ត្រី​ជា​ថ្នាក់ដឹកនាំ​ស្ថាប័ន​កីឡា​ទាំង​៤ ចំណុះ​អគ្គនាយកដ្ឋាន​កីឡា ជា​ប្រភេទ​មន្ត្រី​ពូកែ​លុតក្រាប​អែបអប និង​មាន​ជំហរ​រ៉េ​រាំ​ដូច​ចុងស្រល់​ប៉ះ​ខ្យល់​បក់ សូម្បីតែ​បម្រើ​ការងារ​ក្នុង​ជីវភាព​គណបក្សនយោបាយ​ក៏​ចូលចិត្ត​ផ្លាស់ប្តូរ​ចុះឡើងៗ​ដែរ ។​

​សរុបសេចក្តី​មក មជ្ឈដ្ឋាន​នានា បាន​សម្តែង​នូវ​ក្តីសង្ឃឹម​តិចតួច​ណាស់​លើ​ការកែទម្រង់​វិស័យ​កីឡា​នៅ​កម្ពុជា ទោះបី​ក្រសួង​អប់រំ យុវជន និង​កីឡា មាន​ថ្នាក់ដឹកនាំ​កំពូល​ថ្មី​ក៏ដោយ ៕​

1374437_230426957119815_786182041_n


Source from: www.dtn7.com

No comments:

Post a Comment