
ខេត្តបន្ទាយមានជ័យ ៖ បុរសជាម្ចាស់ឥវ៉ាន់ម្នាក់ឈ្មោះ ឃុន ហាងទ្បេង អាយុ ៤៥ឆ្នាំ មានស្រុកកំណើត នៅខេត្តបាត់ដំបង ទើបតែមកពីស្រុកថៃ ត្រូវជនទំនើងម្នាក់ បើករថយន្តកិនឥវ៉ាន់ ហើយប្រើអំពើហិង្សា ដោយយកកាំភ្លើងភ្ជង់វាយបំបែកក្បាលជនរងគ្រោះ ហូរឈាមស្រោចពេញខ្លួន កាលពីវេលាម៉ោង ៧និង៤០ នាទីយប់ថ្ងៃទី៣០ តុលា២០១៣ ត្រង់ចំណុចខាងត្បូង ឆៀងខាងលិចរង្វង់មូល ស្រីគ្រប់លក្ខណ៍ ក្នុងភូមិ៣ សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ រួចបើករថយន្តគេចខ្លួន បាត់ស្រមោល។
សាក្សីបានប្រាប់ឲ្យដឹងថា បុរសទំនើងម្នាក់នោះមានឈ្មោះ តឿ អាយុប្រហែលជាង ២០ឆ្នាំ គេធ្លាប់ឃើញនៅក្រោយ សណ្ឋាគាររុងរឿង ក្នុងភូមិគោរដ្ឋាន សង្កាត់អូរអំបិល ហើយតែងតែដើរជាមួយកូនម្ចាស់ផ្ទះសំណាក់ ម្កុជមាស។ ជនរងគ្រោះ ហាក់ដូចជាមិនសូវគ្រប់ទឹក បានកាន់ថង់ពណ៌សធំមួយ ដោយមានថ្នាំពេទ្យ អង្រឹង ចានឆ្នាំព្រមទាំងសំភារៈជាច្រើនទៀតនៅចិញ្ចើមផ្លូវ ត្រង់ចំណុចខាងត្បូងឆៀងខាងលិច រង្វង់មូលស្រីគ្រប់លក្ខណ៍ ក៏ត្រូវរថយន្តមួយគ្រឿងម៉ាកកាមរី ចង្កូតស្តាំពណ៌ស បើកមកឈប់ស្ទើរតែកិនឥវ៉ាន់ជនរងគ្រោះ ហើយអ្នកបើកបរបានឈប់រថយន្ត ចូលកន្លែងលក់ទូរសព្ទ័។
ដោយរថយន្តបើកកិនលើឥវ៉ាន់ ជនរងគ្រោះក៏ប្រាប់ឲ្យម្ចាស់ បើកឡានថយក្រោយតែ បែរជាមិនថយស្រាប់តែបើកទៅមុខ កិនឥវ៉ាន់ជនរងគ្រោះម្តងទៀតទាំងកំរោល។ ជនរងគ្រោះបានហៅ ម្ចាស់រថយន្តឲ្យឈប់ ក្នុងគោលបំណងដោះស្រាយគ្នា តែរថយន្តមិនឈប់ ស្រាប់តែជនរងគ្រោះ បានយកដប M150 គប់ទៅចំរថយន្ត ។ ពេលនោះឈ្មោះ តឿ បានដើរសំដៅមករកជនរងគ្រោះ ដោយដៃកាន់កាំភ្លើងខ្លីមួយដើម មិនស្គាល់ម៉ាកភ្ជង់ទៅលើជនរងគ្រោះ រួចវាយក្បាលជនរងគ្រោះនឹងកាំភ្លើង បណ្ដាលឲ្យបែកហូរឈាមស្រោចពេញខ្លួន ហើយបើករថយន្តគេចបាត់ទៅ៕
Source from: watphnom-news.com
No comments:
Post a Comment