
ចាប់តាំងពីម៉ោង០៥ព្រឹកព្រលឹមអុរមក មានអ្នកម្តាយរាប់រយនាក់នាំកូនរៀងៗខ្លួនមកទទួលសេវាព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ជាទី៤ ជិតវត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
អ្នកមកទទួលសេវាព្យាបាលជំងឺទាំងនោះ ជាជនក្រីក្រមកពីគ្រប់ខេត្ត តំបន់ ហើយត្រូវរង់ចាំតាំងពីយប់់យ៉ាងកកកុញ ដើម្បីឲ្យកូនៗរបស់គាត់បានទទួលការពិនិត្យនិងព្យាបាលជំងឺដោយឥតគិតថ្លៃពីមន្ទីរពេទ្យគន្ធបុប្ជា ដែលជាមន្ទីរពេទ្យឯកជនគ្រប់គ្រងដោយលោកវេជ្ជបណ្ឌិត Beat Richner និងដំណើរការបានតាមការពឹងផ្អែកលើជំនួយសប្បុរសធម៌សុទ្ធសាធ។
ក្នុងស្ថានភាពជាក់ស្តែងបែបនេះ ឯកឧត្តម សម រង្ស៊ី ជាប្រធានគណបក្សសង្គ្រោះជាតិដ៏មានប្រជាប្រិយភាពធ្លាប់បានលើកជាសំណួរថា «តើហេតុអ្វីបានជាប្រព័ន្ធសុខាភិបាលរបស់រដ្ឋគ្រប់គ្រងដោយរាជរដ្ឋាភិបាលបច្ចុប្បន្ន មិនដំណើរការបានល្អហើយមិនអាចក្លាយជាទីពឹងសម្រាប់ប្រជាពលរដ្ឋក្រីក្រ?»។
ចម្លើយដ៏សមហេតុសមផលឆ្លើយតបទៅនឹងសំណួររបស់ឯកឧត្តម សម រង្ស៊ី និងក៏ដូចជាមជ្ឈដ្ឋានដទៃទៀត គឺមកពីអំពើពុករលួយកើតមានជាពិសេសនៅក្នុងស្ថាប័នរដ្ឋ និងអសមត្ថភាពក្នុងការគ្រប់គ្រងនៅក្នុងប្រព័ន្ធដំណើរការនៃស្ថាប័នរដ្ឋ។
មាត្រា៧២និងមាត្រា៧៣នៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជាបានចែងថា «សុខភាពរបស់ប្រជារាស្ត្រត្រូវបានធានា។ រដ្ឋយកចិត្តទុកដាក់ដល់ការការពារជំងឺនិងព្យាបាលជំងឺ។ប្រជារាស្ត្រក្រីក្រត្រូវបានទទួលការពិនិត្យរោគដោយឥតបង់ថ្លៃនៅតាមមន្ទីរពេទ្យ គិលានដ្ឋាន និងមន្ទីរសម្ភពសាធារណៈ។ រដ្ឋរៀបចំឲ្យមានគិលានដ្ឋាននិងមន្ទីរសម្ភពដល់ជនបទ។ រដ្ឋយកចិត្តទុកដាក់ចំពោះកុមារនិងមាតា។ រដ្ឋរៀបចំឲ្យមានទារកដ្ឋាននិងជួយឧបត្ថម្ភនារីដែលមានកូនច្រើនក្នុងបន្ទុកហើយឥតទីពឹង។»។
តាមការលើកឡើងរបស់អតីតឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងតាមការសិក្សាស្រាវជ្រាវ ដោយប្រុងប្រយ័ត្នពីមជ្ឈដ្ឋានផ្សេងទៀតបានឲ្យដឹងថា ទឹកប្រាក់ប្រមាណចំនួន៥០០លានដុល្លារអាមេរិកត្រូវបានបាត់បង់ក្នុងមួយឆ្នាំៗដោយសារអំពើពុករលួយនៅក្នុងស្ថាប័នរដ្ឋនៃព្រះរាជាណាចក្រកម្ពុជាទី២ ដែលប្រាក់ខ្ជះខ្ជាយដោយអំពើពុករលួយនេះគេអាចយកមកដំឡើងប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ ដើម្បីកាត់បន្ថយនិងលុបបំបាត់អំពើពុករលួយ ព្រមទាំងពង្រឹងសមត្ថភាពរបស់មន្ត្រីបម្រើការងារក្នុងស្ថាប័នរដ្ឋបាន។
សរុបសេចក្តីមក អំពើពុករលួយនិងអសមត្ថភាពលើការគ្រប់គ្រងក្នុងជួរមន្ត្រីរាជរដ្ឋាភិបាលសព្វថ្ងៃ គឺបានក្លាយជាបច្ច័យដ៏អាក្រក់នាំឲ្យសេវាសុខភាពនិងអប់រំសាធារណៈដែលផ្តល់ដោយរដ្ឋធ្លាក់ចុះអន់ថយ ខណៈដែលប្រមុខរាជរដ្ឋាភិបាលតែងស្តាប់តាមរបាយការណ៍ភូតភររបស់មន្ត្រីថ្នាក់ក្រោមឱវាទ និងព័ត៌មានចុះផ្សាយរបៀបដង្ហែអែបអបរកផលប្រយោជន៍មួយចំនួននោះ មិនព្រមទទួលស្គាល់ការពិតអំពីរឿងនេះឡើយ៕
Source from: www.dtn7.com