
ខេត្តបាត់ដំបង ៖ សមត្ថកិច្ចបានកោះហៅ បុរសពីរនាក់ មកសាកសួរហើយឃាត់ខ្លួន កាលរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៣ នៅការិយាល័យ នគរបាលព្រហ្មទ័ណ្ឌ កម្រិតស្រាល ខេត្តបាត់ដំបង ពីបទឆបោក យករថយន្តកាម៉ារី មួយគ្រឿងទៅបញ្ចាំ បានប្រាក់ចំនួន ១៤០០ ដុល្លារ យកទៅចាយវាយ ហើយជនរងគ្រោះ បានដាក់ពាក្យបណ្តឹង ឲ្យសមត្ថកិច្ចជួយចាត់ការ។
ជនសង្ស័យទាំងពីរនាក់រួមមានទី១ឈ្មោះ ជា សុខធា ហៅអូន អាយុ ៣១ ឆ្នាំ ស្នាក់នៅភោជនីយដ្ឋានអូនស ក្នុងភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង។ បុរសទី២ឈ្មោះ ឆយ ពៅ អាយុ ៣៣ ឆ្នាំ រស់នៅភូមិចំការស្វាយ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។ រីឯបុរសរងគ្រោះឈ្មោះ នឿន ចាន់ថា ហៅសូ អាយុ ៣៣ ឆ្នាំរស់នៅភូមិក្តី សង្កាត់ព្រៃហូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
រថយន្តដែលជនសង្ស័យ បានយកទៅបញ្ចាំ ម៉ាកកាម៉ារីស៊េរីឆ្នាំ១៩៩១ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ឆ០៩៥០ លេខតួ ៣៨៨៧៧៨។ បុរសសង្ស័យឈ្មោះ ជា សុខធា ហៅអូន បានសារភាពថា ខ្លួនបានស្គាល់ឈ្មោះ ឆយ ពៅ កាលពីឆ្នាំ២០១២ ហើយនៅខែកក្កដា ឆ្នាំ២០១៣ ឈ្មោះ ជុំ សុខុម ខ្វះប្រាក់សងគេ បានពឹងពាក់ខ្លួនឲ្យ យករថយន្តទៅបញ្ចាំ តែខ្លួនបានពឹងពាក់ឈ្មោះ ឆយ ពៅ ឲ្យជួយយករថយន្ត របស់ឈ្មោះ ជុំ សុខុម ទៅបញ្ចាំជំនួសវិញ។
ក្រោយមកឈ្មោះ ឆយ ពៅ បានមកខ្ចីអត្តសញ្ញាណប័ណ្ណរបស់ខ្លួន ទៅធានាបញ្ចាំម៉ូតូ របស់ឈ្មោះ នឿន ចាន់ថា ហៅសូ រួចយកប្រាក់ទៅលោះ រថយន្តដែលបញ្ចាំនៅផ្ទះ អ៊ុក ឃ្នួច។លុះដល់ខែសីហា ឆ្នាំ២០១៣ បានមកហាងខ្លួនម្តងទៀត ខ្ចីអត្តសញ្ញាណប័ណ្ណ ទៅធានាដាក់រថយន្តបញ្ចាំ ម៉ាកកាម៉ារីស៊េរីឆ្នាំ១៩៩១ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ ឆ០៩៥០ លេខតួ ៣៨៨៧៧៨ ជារបស់ឈ្មោះ នឿន ចាន់ថា ហៅសូចំនួន ១២០០ ដុល្លារ ហើយក្រោយពីទទួលបានប្រាក់ ថាយកឲ្យឈ្មោះ នឿន ចាន់ថា ហៅសូ រស់នៅកំពង់ធំ។
ឈ្មោះ ឆយ ពៅ បានសារភាពថា ខ្លួនបានចូលរួមយករថយន្ត ទៅបញ្ចាំជាមួយឈ្មោះ ជា សុខធា ហៅអូន ហើយឈ្មោះ នឿន ចាន់ថា ហៅសូ ធ្លាប់ប្រាប់ខ្លួនថា ឈ្មោះ ជា សុខធា ហៅអូន ធ្លាប់ខ្ចីប្រាក់វាពង្រីកហាងរកស៊ី ដោយវាគ្មានប្រាក់ បានឲ្យឈ្មោះ ជា សុខធា ហៅអូន យករថយន្តទៅបញ្ចាំចំនួន ២០០០ ដុល្លារ តែមិនដឹងវាឲ្យប៉ុន្មាននោះទេ។ ក្រោយមកឈ្មោះ នឿន ចាន់ថា ហៅសូ បានឲ្យខ្លួនរកម៉ូយ ទៅទិញរថយន្តនៅកន្លែងបញ្ចាំ នៅផ្ទះ អ៊ុក ឃ្នួច ជាច្រើនលើក។ជនសង្ស័យទាំង ២នាក់ ត្រូវបានកសាងសំណុំរឿង ពីបទឆបោក បញ្ជូនទៅតុលាការ នារសៀលថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣ ចាត់ការតាមនីតិវិធី៕
Source from: watphnom-news.com
No comments:
Post a Comment