
ខេត្តតាកែវ ៖ ច្រើនឆ្នាំមកហើយដែលឈ្មោះ មេ ដា បានឃុបឃិតជាមួយ អាជ្ញាធរនិងសមត្ថកិច្ច ធ្វើសកម្មភាព បើកលេងល្បែងស៊ីសងដូចជា បៀរ អាប៉ោង យូគី កន្ទុយលេខ ហ្គេម ជាដើម នៅក្បែរសាលារៀន នៅក្នុងភូមិសាមគ្គីឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ យ៉ាងអនាធិបតេយ្យ ដោយគ្មានរំខានដល់លោក ស្រី បេន ជាអភិបាលខេត្តតាកែវ សោះឡើយ។
បើតាមប្រភពព័ត៌មាន ពីប្រជាពលរដ្ឋបានឲ្យដឹងថា ឈ្មោះ មេ ដា បានក្លាយជាមេល្បែងស៊ីសង ធំជាងគេប្រចាំក្នុងស្រុកអង្គរបុរី បានបើកលេងយ៉ាងគគ្រឹកគគ្រេង ដោយមិនខ្លាចញញើត សមត្ថកិច្ចឡើយ ហើយឈ្មោះ មេ ដា បានអួតអាងថា ខ្លួនបានគិតគូរត្រូវរ៉ូវ ជាមួយលោកអភិ បាលខេត្តរួចហើយ គេឲ្យបើកលេងម៉ាសេរី គឺគ្មានអាជ្ញាធរ ឬសមត្ថកិច្ចណា ហ៊ានចេញមុខមក បង្ក្រាបនោះទេ។
អាជ្ញាធរ ឬសមត្ថកិច្ចមួយចំនួន សូម្បីតែដើរក្បែរវង់ ក៏មិនហ៊ានផង ព្រោះឈ្មោះ មេ ដា បានបង់លុយឲ្យអស់ហើយ សូម សូមអញ្ជើញមកអ្នកញៀន ល្បែងស៊ីសងទាំងអស់ មកលេងដោយសុខស្រួល មិនបាច់ភ័យខ្លាច សមត្ថកិច្ចនោះឡើយ។ ទីតាំងបើកលេងល្បែង ស៊ីសង បៀរ អាប៉ោង យូគី កន្ទុយលេខ និងហ្គេមធំៗនោះ ស្ថិតនៅក្នុងដីឡូត៍ មួយកន្លែងក្បែរ សាលាវិទ្យាល័យសាមគ្គី ចម្ងាយជាង ១០០ ម៉ែត្រឈៀងខាងជើង ខ្លោងទ្វារសាលាវិទ្យាល័យ។
ការបើកឲ្យមានល្បែងស៊ីសង ដូចខាងលើនេះ យ៉ាងគគ្រឹកគគ្រេង ដែលមានឈ្មោះ មេ ដា ជាមេធំនោះ គឺជាប្រភពនាំឲ្យមាន ចោរលួច ចោរប្លន់ អំពើហិង្សាក្នុងគ្រួសារ ជាញឹកញាប់ដោយសារតែ ចាញ់ឈ្នះនោះ ហើយធ្វើឲ្យប្រជាពលរដ្ឋ រស់នៅមានការភ័យខ្លាចជាខ្លាំង ដោយសារតែអាជ្ញាធរខេត្ត គ្មានវិធានការបង្ក្រាប ទៅលើទីតាំងវង់ល្បែងស៊ីសង របស់ឈ្មោះ មេ ដា ព្រោះទីតាំងវង់ល្បែងនេះ ជាឆ្នាំងបាយ របស់សមត្ថកិច្ចពាក់ព័ន្ធ។
ប្រជាពលរដ្ឋរស់នៅក្នុង ស្រុកអង្គរបុរីទាំងអស់ សូមសំណូមពរដល់លោកស្រី បេន អភិបាលខេត្តតាកែវ មេត្តាចុះពិនិត្យ និងបង្ក្រាបវង់ល្បែងស៊ីសង របស់ឈ្មោះ មេ ដា ដែលកំពុងបើកលេង យ៉ាងអនាធិបតេយ្យជាបន្ទាន់ផង កុំគិតតែប្រយោជន៍ផ្ទាល់ខ្លួន ខ្លាំងពេក។ ពាក់ព័ន្ធនឹងការរិះគន់ របស់ប្រជាពលរដ្ឋដែលថា លោក ស្រី បេន អភិបាលខេត្តទទួលលាភ សក្ការៈពីល្បែងស៊ីសងរបស់ឈ្មោះ មេ ដា ដូចខាងលើនេះ យើងបានព្យាយាមធ្វើការ ទំនាក់ ទំនងសុំការបំភ្លឺ ក៏ប៉ុន្តែពុំមានប្រភព សុំបំភ្លឺបានទេ៕ ព្រះច័ន្ទ
Source from: watphnom-news.com
No comments:
Post a Comment