
រាជធានីភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ បានបញ្ចូនបុគ្គលិកធនាគារ ២នាក់ និងមន្ត្រីក្រសួងឧស្សាហកម្មម្នាក់ ទៅកាន់សាលាដំបូង រាជធានីភ្នំពេញ កាលពីរសៀល ថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៣ ពីបទប្រើជំនាញលួចប្រាក់ជាង ២លាន៣សែនដុល្លារ ចេញពីធនាគារមួយចំនួន នៅក្នុងរាជធានីភ្នំពេញ ដោយប្រើកាតអេធីអឹម និងប្រព័ន្ធបច្ចេកវិទ្យាទំនើប ។
ជនសង្ស័យទាំង ៣នាក់រួមមានទី១.ឈ្មោះ យ៉េត សុភ័ត្រា ភេទស្រី អាយុ ៣០ ឆ្នាំ ជាបុគ្គលិកធនាគារ កាណាឌីយ៉ា ស្នាក់នៅផ្ទះលេខ១៥ ផ្លូវ២៧៦ សង្កាត់អូឡាំពិក ខណ្ឌចំការមន ទី២.ឈ្មោះ ស៊ន សៅរិ៍នីន ភេទប្រុស អាយុ ៣៣ ឆ្នាំ ជាមន្ត្រីក្រសួងឧស្សាហកម្មរ៉ែ និងថាមពល ស្នាក់នៅផ្ទះលេខ១៥ ផ្លូវ៣៦០ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន និងទី៣.ឈ្មោះ ឡេង ស៊ុនគ្រី ភេទប្រុស អាយុ ៣២ ឆ្នាំ ជាបុគ្គលិកធនាគារ កាណាឌីយ៉ា ស្នាក់នៅផ្ទះលេខ៧២ សេអឺហ្សេរូ ផ្លូវលេខ១២២ សង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក ។
ជនសង្ស័យទាំង ៣នាក់ ត្រូវបានសាលាដំបូង រាជធានីភ្នំពេញសាកសួរ ជាច្រើនម៉ោង និងបានចោទប្រកាន់ ពីបទលួចបង្កើត កាតក្រេឌីត (ប័ណ្ណឥណទាន) ។ ក្រុមជនសង្ស័យ បានប្រើបច្ចេកវិទ្យាខ្ពស់ ក្នុងការបង្កើត កាតក្រេឌីតចំនួន ៥កាត រួមមាន វិសាហ្គោលកាត ចំនួន៣ និងម៉ាស្ទ័រកាតចំនួន ២ ដើម្បីលួចដកប្រាក់ពីធនាគារ កាណាឌីយ៉ា តាមរយៈទូអេធីអឹម និងដកប្រាក់ ចេញពីគណនេយ្យ របស់អតិថិជន ដែលយកប្រាក់មកផ្ញើនៅធនាគារ ។
ប្រភពបានបញ្ជាក់ថា ក្នុងមួយសប្ដាហ៍ក្រុមជនសង្ស័យ លួចដកប្រាក់ ៣ទៅ៤ ដង ពីទូអេធីអឹម របស់ធនាគារ ABA និងធនាគារ SBC ដោយលួចដកម្តងចាប់ពី ១ម៉ឺនដុល្លារ ២ម៉ឺនដុល្លាររហូតដល់ ៥ម៉ឺនដុល្លារ។ ក្រោយរយៈពេលលួចដក ជាច្រើនលើក ធនាគារបានបាត់ ទឹកប្រាក់អស់ចំនួន ២លាន៣សែនដុល្លារ ហើយខាងធនាគារ បានស្រាវជ្រាវ ក៏ធ្វើការឃាត់ខ្លួន ក្រុមជនសង្ស័យ ប្រគល់ឲ្យនគរបាលព្រហ្មទណ្ឌចាត់ការតែម្តង ៕
Source from: watphnom-news.com