
ស្ត្រីម្នាក់អាយុប្រមាណ៣៤ឆ្នាំ មានមុខរបរជាពេទ្យធ្មេញ ត្រូវបានប៉ូលិសការពារសេតវិមាន សហរដ្ឋអាមេរិក បាញ់សម្លាប់កាលពីវេលាល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៣«ម៉ោងនៅសហរដ្ឋអាមេរិក»បន្ទាប់ពីក្រុមប៉ូលិសបានធ្វើការឡោមព័ទ្ធ និងបើករថយន្តដេញតាមដងផ្លូវនានាក្នុងក្រុងចន្លោះសេតវិមាននិងវិមានរដ្ឋសភា ព្រមទាំងបើកបំបុកទៅលើរថយន្តស្ត្រីរូបនោះ។
បណ្តាញព័ត៌មានបរទេសបានរាយការណ៍ឲ្យដឹងថា មូលេហតុដែលនាំឲ្យកើតមាននូវករណីនេះ គឺបន្ទាប់ពីមានស្ត្រីម្នាក់បើកបររថយន្តមួយគ្រឿងមានបំណងបុកចូលរបាំងសន្តិសុខការពារសេតវិមាន ដែលបានបិទទ្វារចាប់តាំងពីថ្ងៃទី០១ ខែតុលា មក ខណៈពេលសភាសហរដ្ឋអាមេរិកមិនទាន់មានការឯកភាពលើការអនុម័តថវិកាសម្រាប់រាជរដ្ឋាភិបាល។ក្រោយមក ក្រុមប៉ូលិសក៏បានបើករថយន្តដេញតាម តែរថយន្តរបស់ស្ត្រីនោះព្យាយាមបើកគេចខ្លួនទើបឈានដល់ដំណាក់កាលប៉ូលិសប្រើរថយន្តតាមប្រមាញ់វីវក់ពេញតាមដងផ្លូវនានាតែម្តង។
ប៉ូលិសបានរាយការណ៍ឲ្យដឹងថា រថយន្តស្ត្រីរូបនោះត្រូវកម្លាំងប៉ូលិសតាមទាន់និងបើកបំបុក ខណៈក្នុងរថយន្តសង្ស័យនោះឃើញមានកុមារីអាយុប្រមាណ១ឆ្នាំម្នាក់ផង ប៉ុន្តែក្មេងតូចនោះមិនទទួលរងរបួសអ្វីទេ រីឯស្ត្រីជាម្តាយត្រូវបានបាញ់សម្លាប់ និងកងកម្លាំងប៉ូលិសមួយចំនួនក៏រងរបួសផងដែរ។
លោកស្រី Cathy Lanier អធិការប៉ូលិសក្រុងបានឲ្យដឹងថា មធ្យោបាយជាច្រើនត្រូវបានបុក និងមានបំណងរំលោភទៅលើខ្សែក្រវាត់ការពារសុវត្ថិភាពចំនួន២របស់សេតវិមានដោយស្ត្រីរូបនោះ ប៉ុន្តែឥឡូវនាងបានស្លាប់បាត់បង់ជីវិតទៅហើយ៕
Source from: www.dtn7.com