
ប្រទេសឥណ្ឌា ៖ យ៉ាងហោចណាស់មនុស្សជាង ៤០នាក់ បានស្លាប់ក្នុងពេលដែលរថយន្តក្រុង ដឹកអ្នកដំណើរមួយគ្រឿង បានបើកបរជ្រុលទៅបុករថយន្ត ដឹកស៊ីទែនប្រេងឥន្ធនៈមួយគ្រឿង កាលពីព្រឹកព្រហាមស្រាងៗថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ បណ្តាលឲ្យឆេះយ៉ាងសន្ធោសន្ធៅនៅតំបន់ ម៉ាហាប៊ុបណាហ្កា ក្នុងរដ្ឋឧត្តរប្រទេស ស្ថិតនៅភាគខាងត្បូង នៃប្រទេសឥណ្ឌានៅថ្ងៃពុធនេះ ខណៈដែលរថយន្តក្រុងមួយគ្រឿងនេះ បានដឹកអ្នកដំណើរចំនួន ៤៥នាក់ បើកបរចេញមកពីទីក្រុង បេងហ្កាឡូ ឆ្ពោះទៅកាន់ទីក្រុង ហ៊ីដេរ៉ាបេត។
ក្នុងពេលគ្រោះថ្នាក់កើតឡើង ជនរងគ្រោះទាំងអស់ត្រូវបាន គេដឹកជញ្ជូនទៅកាន់មន្ទីរពេទ្យ ដែលនៅក្បែរនោះ ហើយរឿងហេតុដែលនាំឲ្យ មានគ្រោះថ្នាក់ចរាចរនេះ នៅមិនទាន់ដឹងនៅឡើយ។ ប៉ូលិស បានបញ្ជាក់ថា មូលហេតុបណ្ដាលឱ្យរថយន្ដត្រូវភ្លើងឆេះ ដោយសារតែរថយន្ដនេះហៀរប្រេង ហើយប៉ះជាមួយម៉ាស៊ីន ដែលក្តៅក៏ឆាបឆេះតែម្ដង ។ ហេតុការណ៍នេះបានកើតឡើង នៅក្នុង ភូមិ Kothakota ស្រុក Mahbubna ga ចម្ងាយ ១៤០គីឡូម៉ែត្រពីតំបន់ Hyderabad ។
រថយន្ដក្រុងដឹកអ្នកដំណើរ ដែលមានដាក់ម៉ាស៊ីនត្រជាក់ យ៉ាងប្រណីតរបស់ក្រុមហ៊ុន Volvo បានហៀរប្រេង ហើយបង្កឱ្យភ្លើងឆាបឆេះភ្លាមៗតែម្ដង ដោយអ្នកដំណើរមិនអាចដឹងខ្លួនទាន់ពេល ហើយរត់ចេញពីរថយន្ដនោះឡើយ ។ អ្នកដំណើរភាគច្រើនកំពុងតែដេកលក់ ពេលដែលហេតុការណ៍កើតឡើង ហើយអ្នកនៅក្នុងរថយន្ដ ៧នាក់ រួមមានទាំងអ្នកបើកបរ និងព្រូបាននាំគ្នាបំបែក ទ្វារកញ្ចក់រថយន្ដហើយរត់ចេញពីការឆាបឆេះនោះ ៕
Source from: watphnom-news.com