ទីប្រឹក្សា​រាជរដ្ឋាភិបាល​និង​ទីប្រឹក្សានាយករដ្ឋមន្ត្រី​អាច​នឹង​មាន​ចំនួន​កើនឡើង​ច្រើន​ទៀត​

​ប្រិ​យ​មិត្ត​អ្នក​អាន​ពិតជា​បានដឹង​និង​បានឃើញ​រួច​ហើយ​អំពី​ចំនួន​ទីប្រឹក្សា​របស់​រាជរដ្ឋាភិបាល​ទីប្រឹក្សា​របស់​នាយក​រដ្ឋមន្ត្រី​និង​ទីប្រឹក្សា​អម​ក្រសួង​ស្ថាប័ន​នា​អាណត្តិ​ទី​៤​កន្លង​មក​មាន​ចំនួន​ច្រើន​សន្ធឹកសន្ធាប់​

​ប្រិ​យ​មិត្ត​អ្នក​អាន​ពិតជា​បានដឹង​និង​បានឃើញ​រួច​ហើយ​អំពី​ចំនួន​ទីប្រឹក្សា​របស់​រាជរដ្ឋាភិបាល​ ទីប្រឹក្សា​របស់​នាយក​រដ្ឋមន្ត្រី​ និង​ទីប្រឹក្សា​អម​ក្រសួង​ ស្ថាប័ន​ នា​អាណត្តិ​ទី​៤​កន្លង​មក​ មាន​ចំនួន​ច្រើន​សន្ធឹកសន្ធាប់​ រហូត​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​រិះគន់​ថា​ ជា​ការ​ខ្ជះខ្ជាយ​ បង្ហិនបង្ហោច​ថវិកាជាតិ​ និង​ឆ្លុះ​បញ្ចាំង​ថា​ រាជរដ្ឋាភិបាល​ និង​នាយក​រដ្ឋមន្ត្រី​អសមត្ថភាព​ក្នុង​ការ​បំពេញ​មុខងារ​ ទើប​តម្រូវ​ឲ្យ​មាន​ទីប្រឹក្សា​ច្រើន​សំពីងសំពោង​ដូច្នេះ​ ។​

ក្រោយ​ការ​បង្កើត​ចេញ​ជា​រូបរាង​នូវ​រដ្ឋសភា​នីតិកាល​ទី​៥​ និង​រាជរដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ កាលពី​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៣​រួច​មក​ ប្រិ​យ​មិត្ត​អ្នក​អាន​បាន​សម្តែង​នូវ​ការ​អបអរសាទរ​ បន្ទាប់​ពី​បានឃើញ​ព្រះមហាក្សត្រ​ត្រាស់​បង្គាប់​បញ្ចប់​តំណែង​ទីប្រឹក្សា​រាជរដ្ឋាភិបាល​ ទីប្រឹក្សានាយករដ្ឋមន្ត្រី​ និង​ទីប្រឹក្សា​អម​ក្រសួង​ ស្ថាប័ន​ ដែល​ទទួល​បានការ​តែងតាំង​មុន​ថ្ងៃ​ទី​២៤​ ខែកញ្ញា​ ឆ្នាំ​២០១៣​ តាម​សេចក្តី​ក្រាប​បង្គំ​ទូល​ថ្វាយ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ ជា​នាយក​រដ្ឋមន្ត្រី​ ។​

​តាម​ការ​ពិត​ ព្រះមហាក្សត្រ​ទ្រង់​ត្រាស់​បង្គាប់​បញ្ចប់​តំណែង​ទីប្រឹក្សា​អាណត្តិ​ចាស់​ ដើម្បី​តែងតាំង​ទីប្រឹក្សា​សម្រាប់​អាណត្តិ​ថ្មី​ទៀត​តែ​ប៉ុណ្ណោះ​ ដែល​នេះ​ជា​នីតិវិធី​ឬ​បែបបទ​ដែល​រាជរដ្ឋាភិបាល​ធ្លាប់​អនុវត្តន៍​កន្លង​មក​អស់​ជា​ច្រើន​អាណត្តិ​ហើយ​ ។​ ​

ព័ស្តុតាង​បាន​បង្ហាញ​ថា​ ទីប្រឹក្សា​រាជរដ្ឋាភិបាល​នា​អាណត្តិ​ទី​៤​ត្រូវ​បាន​បញ្ចប់​ ហើយ​ទីប្រឹក្សា​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​ក៏​ត្រូវ​បាន​តែងតាំង​ជាបឋម​មាន​ចំនួន​២៩​រូប​ ក្នុង​នោះ​១​រូប​មាន​ឋានៈ​ស្មើ​ឧបនាយករដ្ឋមន្ត្រី​,​ ២៤​រូប​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ និង​៤​រូប​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ។​ ទីប្រឹក្សា​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​ដែល​ទើប​ទទួល​បានការ​តែងតាំង​ជាបឋម​នា​ពេល​នេះ​ គឺ​ភាគច្រើន​ឬ​សឹង​ទាំងអស់​ជា​អ្នក​ធ្លាប់​បម្រើ​ការងារ​ក្នុង​ជួរ​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៤​ ។​

​រីឯ​ទីប្រឹក្សា​ផ្ទាល់​របស់​នាយក​រដ្ឋមន្ត្រី​អាណត្តិ​ទី​៥​ដែល​ទទួល​បានការ​តែងតាំង​ជាបឋម​មាន​ចំនួន​២១​រូប​ (​ក្នុង​នោះ​២​រូប​មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ត្រី​,​ ៨​រូប​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​,​ ១០​រូប​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ និង​១​រូប​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​)​ ជំនួយការ​មាន​ចំនួន​៣៤​រូប​(​ក្នុង​នោះ​៦​រូប​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​,​ ១៨​រូប​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​ និង​១០​រូប​មាន​ឋានៈ​ស្មើ​អគ្គនាយក​)​ ខុទ្ទកាល័យ​មាន​ចំនួន​១៣​រូប​ ដែល​១​រូប​ទើបនឹង​ទទួលមរណភាព​ គឺ​ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ លឹ​ម​ លាង​សែ​ (​ក្នុង​នោះ​៥​រូប​មាន​ឋានៈ​ស្មើ​ទេស​រដ្ឋមន្ត្រី​,​ ៦​រូប​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ និង​១​រូប​ជា​កូនប្រុស​បង្កើត​នាយក​រដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​អគ្គនាយក​ គឺ​ឯកឧត្តម​ ឧត្តមសេនីយ៍​ ហ៊ុន​ ម៉ា​និ​ត​)​ ពិធីការ​មាន​ចំនួន​៥​រូប​(​ក្នុង​នោះ​១​រូប​មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​,​ ២​រូប​មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ និង​២​រូប​មាន​ឋានៈ​ស្មើ​អនុរដ្ឋលេខាធិការ​)​ និង​សមាជិក​ក្រុម​លេខាធិការ​មាន​ចំនួន​២៩​រូប​ដែល​មាន​ឋានៈ​ស្មើ​អគ្គនាយក​ ។​ ​

សរុប​ទីប្រឹក្សា​ ជំនួយការ​ ខុទ្ទកាល័យ​ ពិធីការ​ និង​សមាជិក​ក្រុម​លេខា​របស់​នាយក​រដ្ឋមន្ត្រី​អាណត្តិ​ទី​៥​ដែល​ទទួល​បានការ​តែងតាំង​ជាបឋម​ មាន​ចំនួន​១០១​រូប​ ។​ ​

មជ្ឈដ្ឋាន​អ្នកវិភាគ​កិច្ចការ​សង្គម​ និង​អ្នក​តាមដាន​ព្រឹត្តិការណ៍​នយោបាយ​នៅ​កម្ពុជា​ បាន​ធ្វើការ​ព្យាករណ៍​ទុកជា​មុន​ថា​ ទីប្រឹក្សា​រាជរដ្ឋាភិបាល​ និង​ទីប្រឹក្សានាយករដ្ឋមន្ត្រី​អាច​នឹង​មាន​ចំនួន​កើនឡើង​ច្រើន​ជាង​នេះ​ទៀត​ ក្រោម​រូបមន្ត​(​សិល្បៈ​នៃ​ការ​ចែករំលែក​)​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​ ៕​

Hun-Sen-90


Source from: www.dtn7.com

No comments:

Post a Comment