
រាជធានីភ្នំពេញ ៖ ស្របពេលដែល គណបក្សសង្គ្រោះជាតិ រៀបចំធ្វើសមាជមហាជន នៅម៉ោង ២រសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៣ នេះ គេសង្កេតឃើញកម្លាំង សមត្ថកិច្ចបានដាក់ប៉ុស្តិ៍ ត្រួតពិនិត្យយ៉ាងតឹងរឹង ចំពោះការធ្វើដំណើររបស់ប្រជាពលរដ្ឋ មកពីតាមបណ្តាខេត្តនានា ចូលមករាជធានីភ្នំពេញ បង្កឲ្យមានផលវិបាកយ៉ាងខ្លាំង សម្រាប់ប្រជាពលរដ្ឋ។
ប្រជាពលរដ្ឋបានរាយការណ៍ថា ផ្លូវជាតិសំខាន់ៗ ចូលរាជធានីភ្នំពេញ ត្រូវសមត្ថកិច្ចដាក់របាំង ដើម្បី ត្រួតពិនិត្យយ៉ាងតឹងរឹង ធ្វើឲ្យអ្នកធ្វើដំណើរ ដែលវិលត្រឡប់ពីស្រុកកំណើតវិញ តាមផ្លូវជាតិលេខ២ លេខ៣ លេខ៤ លេខ៥ និងផ្លូវជាតិលេខ៦ រអ៊ូរទាំយ៉ាងខ្លាំង។ ទាក់ទងនឹងករណី បិទផ្លូវក្រោមហេតុផលត្រួតពិនិត្យនេះផងដែរ ក្រុមអ្នករត់ឡានឈ្នួល និងអ្នកធ្វើដំណើរ បានលើកឡើងថា បានធ្វើឲ្យប៉ះពាល់ដល់ជីវភាព រស់នៅរបស់ពួកគេ ដោយសារអ្នកដំណើរ ត្រូវត្រឡប់មកភ្នំពេញវិញ ដើម្បីបម្រើការងារ ជាពិសេសកម្មករ នៅតាមរោងចក្រ។
ប្រជាពលរដ្ឋបានរអ៊ូរទាំថា ការត្រួតពិនិត្យនោះ នាំឲ្យខាតពេលវេលា ការងាររកស៊ី ធ្វើឲ្យប្រជាពលរដ្ឋមានអារម្មណ៍ថា ពិបាកដោយសារការ បិទផ្លូវញឹកញាប់។ មន្ត្រីអង្គការសិទ្ធិមនុស្ស យល់ឃើញថា ការរារាំងពលរដ្ឋធ្វើដំណើរ គឺជាទង្វើខុសច្បាប់ ព្រោះប្រទេសយើងប្រកាន់ របបលទ្ធិប្រជាធិបតេយ្យ គោរពសិទ្ធិមនុស្ស មិនគួរមានរឿងបែបនេះទេ។ ប៉ុន្តែសមត្ថកិច្ចដែលត្រូវអនុវត្តកិច្ចការនេះ តាមបញ្ជាថ្នាក់លើនោះ អះអាងថា នេះជាវិធានការ រិតបន្តឹងសន្តិសុខ។
អនុប្រធានគណៈកម្មាធិការវិន័យ នៃគណបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ មានប្រសាសន៍ថា ការស្ទាក់ត្រួតពិនិត្យ យ៉ាងតឹងរឹងចំពោះការធ្វើដំណើរ ក្រោមហេតុផល រកអាវុធឬប័ណ្ណបើកបរនោះ គឺជាការរារាំងមហាជន ដែលមានបំណង មកចូលរួមសមាជមហាជន នៅរសៀលថ្ងៃទី៦ ខែតុលា។ គណបក្សសង្គ្រោះជាតិ បានកំណត់យកថ្ងៃទី៦ ខែតុលា នេះជាការធ្វើសមាជ ឬបាតុកម្មលើកទី៣ ជំរុញឲ្យដោះស្រាយ ភាពមិនប្រក្រតី នៃការបោះឆ្នោត៕
Source from: watphnom-news.com