
នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣នេះ គណបក្សសង្គ្រោះជាតិបានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនមួយ ទាមទារឲ្យមានការលើកពេលឬពន្យារពេលការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានកំណត់ធ្វើចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៣។
ការទាមទារឲ្យមានការពន្យារពេលការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៣នេះ ដោយគណបក្សសង្គ្រោះជាតិបានលើកហេតុផលថា គណបក្សទាមទារឲ្យមានការកែទម្រង់ស៊ីជម្រៅទាក់ទងទៅនឹងការបោះឆ្នោតដែលគណបក្សនយោបាយទាំងពីរ«គណបក្សសង្គ្រោះជាតិ និងគណបក្សប្រជាជនកម្ពុជា» ដែលមានអាសនៈនៅក្នុងរដ្ឋសភាត្រូវពិភាក្សាគ្នាក្នុងពេលខាងមុខ និងពេលវេលានេះជារដូវវស្សាហើយជាក់ស្តែងប្រជាពលរដ្ឋកំពុងរងគ្រោះដោយសារទឹកជំនន់ផង។
សូមបញ្ជាក់ជូនថា កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣កន្លងមក គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានចេញសេចក្តីប្រកាសព័ត៌មានឲ្យដឹងថា ការពិនិត្យបញ្ជីឈ្មោះនិងចុះឈ្មោះបោះឆ្នោតឆ្នាំ២០១៣នឹងចាប់ផ្តើមពីថ្ងៃទី០១ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៣៕
Source from: www.dtn7.com