
ក្នុងចំណោមចៅក្រមកំពុងបម្រើការងារក្នុងសាលាជម្រះក្តីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន គឺមានតែឯកឧត្តម ជីវ កេង ជាចៅក្រមដល់អាយុត្រូវចូលនិវត្តន៍ម្នាក់គត់ដែលជាប់ឈ្មោះជាចៅក្រមមានតួនាទីច្រើនសំពីងសំពោង និងមានអំណាចលើសលប់ក្នុងស្ថាប័នតុលាការ ដោយសារចៅក្រមរូបនេះមានមុខងារជាប្រធានសាលាដំបូងរាជធានីភ្នំពេញផង "មានរយៈពេល៨ឆ្នាំ" ជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមផង "មានរយៈពេល៦ឆ្នាំក្រោមរូបភាពចាត់តាំង" ជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ មានឋានៈស្មើរដ្ឋមន្ត្រីផង ជាទីប្រឹក្សាឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រី មានឋានៈស្មើរដ្ឋមន្ត្រីផង ជាសមាជិកក្រុមប្រឹក្សាកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ផង និងជាពិសេសជាប្រធានអង្គភាពអធិការកិច្ចនៃក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម "អ.ក.វ"ផង ។
ដោយពាក់ស្លាកជាសមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ក្រោមរូបភាព"ចាត់តាំង" ឯកឧត្តម ជីវ កេង អាយុ៦២ឆ្នាំ ទទួលបានការតែងតាំងឲ្យកាន់តួនាទីចំនួន២សំខាន់ និងមហាមានអំណាច គឺ ៖ ប្រធានអង្គភាពអធិការកិច្ចនៃក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម "អ.ក.វ" មានភារកិច្ចស៊ើបអង្កេតមន្ត្រីស្ថាប័នតុលាការផង និងជាសមាជិកក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ មានឋានៈស្មើរដ្ឋមន្ត្រី ដ៏មានឥទ្ធិពលផង ។
រីឯក្នុងចំណោមមេធាវីពេញសិទ្ធិកំពុងប្រកបវិជ្ជាជីវៈក្នុងក្របខ័ណ្ឌគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលមានចំនួនជាង៧០០នាក់នោះ គឺមានតែឯកឧត្តម ប៉ាល់ ចន្ទតារា ម្នាក់គត់ដែលជាប់ឈ្មោះជាមេធាវីមានតួនាទីច្រើន និងមានអំណាចលើសលប់ក្នុងស្ថាប័នតុលាការ ដោយសារមេធាវីរូបនេះមានមុខងារជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើរដ្ឋមន្ត្រី "អាណត្តិទី៤"ផង ជាមេធាវីរាជរដ្ឋាភិបាល មានឋានៈស្មើរដ្ឋលេខាធិការផង ជាអនុប្រធានអង្គភាពអធិការកិច្ចនៃក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម "អ.ក.វ" ក្រោមរូបភាពពាក់អាវតំណាងឲ្យក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ផង ជាសមាជិកអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីផង "ពាក់អាវជាមេធាវីរាជរដ្ឋាភិបាល" និងជាសមាជិកគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញាផង "ពាក់អាវជាមេធាវីរាជរដ្ឋាភិបាល" ។
រវាងឯកឧត្តម ជីវ កេង និងឯកឧត្តម ប៉ាល់ ចន្ទតារា គឺមានឈ្មោះជាមេធាវីដូចគ្នា គ្រាន់តែខុសគ្នានៅត្រង់ឯកឧត្តម ជីវ កេង មេធាវីអត្តលេខ៨៤៨ ជាមេធាវីសុំមិនប្រកបវិជ្ជាជីវៈ ពីព្រោះមានវិសមិតភាពការងារ រីឯឯកឧត្តម ប៉ាល់ ចន្ទតារា មេធាវីអត្តលេខ៥១៨ ជាមេធាវីកំពុងប្រកបវិជ្ជាជីវៈយ៉ាងពេញបន្ទុក ។
ដោយសារឯកឧត្តម ជីវ កេង ជាទីប្រឹក្សាឯកឧត្តមបណ្ឌិតសភាចារ្យ សុខ អាន មានឋានៈស្មើរដ្ឋមន្ត្រី ជាប្រធានអង្គភាពអធិការកិច្ចនៃក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម ជាប្រធានសាលាដំបូងរាជធានីភ្នំពេញ … និងឯកឧត្តម ប៉ាល់ ចន្ទតារា ជាទីប្រឹក្សាសម្តេចនាយករដ្ឋមន្ត្រី មានឋានៈស្មើរដ្ឋមន្ត្រី ជាមេធាវីរាជរដ្ឋាភិបាល មានឋានៈស្មើរដ្ឋលេខាធិការ ជាអនុប្រធានអង្គភាពអធិការកិច្ចនៃក្រុមប្រឹក្សាវិន័យនៃឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម… ដូច្នេះហើយ ទើបឯកឧត្តមទាំង២នាក់នេះមានឱកាសសហការចាប់ដៃគ្នាជាប្រព័ន្ធ អាចធ្វើព្យុះធ្វើភ្លៀងគ្របដណ្តប់លើស្ថាប័នតុលាការកម្ពុជាស្រេចនឹងចិត្ត ពោរពេញទៅដោយអំណាច និងលាភសក្ការៈ ។
ដោយឡែក កន្លងទៅថ្មីៗនេះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យលេខនស/រកត/១០១៣/៩៥៦ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣ ត្រាស់បង្គាប់និរាករណ៍ព្រះរាជក្រឹត្យលេខនស/រកត/០៦០២/១៥៨ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០២ ស្តីពីការបង្កើតក្រុមប្រឹក្សាកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌ចោលជាអសារបង់ និងត្រូវបានយកការងារកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌នេះដាក់ឲ្យឋិតនៅក្រោមការទទួលខុសត្រូវរបស់ក្រសួងយុត្តិធម៌វិញ ។ មានន័យថា សមាសភាពអង្គភាពអធិការកិច្ចនៅក្រុមប្រឹក្សាវិន័យ"អ.ក.វ" ដែលបង្កើតឡើងដោយអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ១៤៤អនក្រ.បក ចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១២ តាមសេចក្តីស្នើរបស់សហប្រធានក្រុមប្រឹក្សាកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌នោះ ក៏ត្រូវមានការប្រែប្រួលជាថ្មីដែរ ។
រួមសេចក្តីមក ដើម្បីលៃលកឲ្យដំណើរការកំណែទម្រង់ច្បាប់និងប្រព័ន្ធយុត្តិធម៌នៅកម្ពុជាទទួលបាននូវប្រសិទ្ធភាព និងជោគជ័យតាមការចង់បាននោះ លុះត្រាតែធ្វើការកែទម្រង់លើមុខសញ្ញាឯកឧត្តម ជីវ កេង និងឯកឧត្តម ប៉ាល់ ចន្ទតារា ដែលជាបុរសមានអំណាចខ្លាំងក្នុងស្ថាប័នតុលាការ និងប្រព័ន្ធយុត្តិធម៌ជាមុនសិន ពីព្រោះតាមការកត់សម្គាល់នាពេលកន្លងមក យុត្តិធម៌សង្គមតាមរយៈនៃការដោះស្រាយរឿងក្តី ឬការអន្តរាគមន៍ផ្សេងៗមានភាពច្របូកច្របល់ក្រឡាប់ចាក់ ដោយសារស្នាដៃរបស់ឯកឧត្តមទាំង២នាក់នេះមិនស្ទើរឡើយ ៕
Source from: www.dtn7.com