ឯកឧត្តម​ ជីវ​ កេង​ និង​ឯកឧត្តម​ ប៉ា​ល់​ ចន្ទ​តារា​ ជា​មុខសញ្ញា​ត្រូវ​កែទម្រង់​មុនគេ​ក្នុង​ដំណើរការ​កំណែទម្រង់​ច្បាប់​និង​ប្រព័ន្ធ​យុត្តិធម៌

ក្នុង​ចំណោម​ចៅក្រម​កំពុង​បម្រើ​ការងារ​ក្នុង​សាលា​ជម្រះក្តី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បច្ចុប្បន្ន​ គឺ​មាន​តែ​ឯកឧត្តម​ ជីវ​ កេង​ ជា​ចៅក្រម​ដល់​អាយុ​ត្រូវ​ចូល​និវត្តន៍​ម្នាក់​គត់​ដែល​ជាប់​ឈ្មោះ​ជា​ចៅក្រម​មាន​តួនាទី​ច្រើន​សំពីងសំពោង​ និង​មាន​អំណាច​លើសលប់​ក្នុង​ស្ថាប័ន​តុលាការ​ ដោយសារ​ចៅក្រម​រូប​នេះ​មានមុខ​ងារ​ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ផង​ "​មាន​រយៈពេល​៨​ឆ្នាំ​"​ ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ផង​ "​មាន​រយៈពេល​៦​ឆ្នាំ​ក្រោម​រូបភាព​ចាត់តាំង​"​ ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ផង​ ជាទី​ប្រឹក្សា​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ និង​ជា​ប្រធាន​ក្រុមប្រឹក្សា​អ្នក​ច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ផង​ ជា​សមាជិក​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់​និង​ប្រព័ន្ធ​យុត្តិធម៌​ផង​ និង​ជា​ពិសេស​ជា​ប្រធាន​អង្គភាព​អធិការកិច្ច​នៃ​ក្រុមប្រឹក្សាវិន័យ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ "​អ​.​ក​.​វ​"​ផង​ ។

​ដោយ​ពាក់​ស្លាក​ជា​សមាជិក​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ក្រោម​រូបភាព​"​ចាត់តាំង​"​ ឯកឧត្តម​ ជីវ​ កេង​ អាយុ​៦២​ឆ្នាំ​ ទទួល​បានការ​តែងតាំង​ឲ្យ​កាន់​តួនាទី​ចំនួន​២​សំខាន់​ និង​មហា​មាន​អំណាច​ គឺ​ ៖​ ប្រធាន​អង្គភាព​អធិការកិច្ច​នៃ​ក្រុមប្រឹក្សាវិន័យ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ "​អ​.​ក​.​វ​"​ មាន​ភារកិច្ច​ស៊ើបអង្កេត​មន្ត្រី​ស្ថាប័ន​តុលាការ​ផង​ និង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ដ៏​មាន​ឥទ្ធិពល​ផង​ ។​ ​

រីឯ​ក្នុង​ចំណោម​មេធាវី​ពេញ​សិទ្ធិ​កំពុង​ប្រកប​វិជ្ជាជីវៈ​ក្នុង​ក្របខ័ណ្ឌ​គណៈមេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​មាន​ចំនួន​ជាង​៧០០​នាក់​នោះ​ គឺ​មាន​តែ​ឯកឧត្តម​ ប៉ា​ល់​ ចន្ទ​តារា​ ម្នាក់​គត់​ដែល​ជាប់​ឈ្មោះ​ជា​មេធាវី​មាន​តួនាទី​ច្រើន​ និង​មាន​អំណាច​លើសលប់​ក្នុង​ស្ថាប័ន​តុលាការ​ ដោយសារ​មេធាវី​រូប​នេះ​មានមុខ​ងារ​ជាទី​ប្រឹក្សា​ផ្ទាល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ "​អាណត្តិ​ទី​៤"​ផង​ ជា​មេធាវី​រាជរដ្ឋាភិបាល​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ផង​ ជា​អនុប្រធាន​អង្គភាព​អធិការកិច្ច​នៃ​ក្រុមប្រឹក្សាវិន័យ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ "​អ​.​ក​.​វ​"​ ក្រោម​រូបភាព​ពាក់អាវ​តំណាង​ឲ្យ​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់​ និង​ប្រព័ន្ធ​យុត្តិធម៌​ផង​ ជា​សមាជិក​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ទំនាស់​ដីធ្លី​ផង​ "​ពាក់អាវ​ជា​មេធាវី​រាជរដ្ឋាភិបាល​"​ និង​ជា​សមាជិក​គណៈកម្មការ​សម្រាប់​ដោះស្រាយ​បញ្ហា​កូដកម្ម​ បាតុកម្ម​នៅ​តាម​គ្រប់មុខ​សញ្ញា​ផង​ "​ពាក់អាវ​ជា​មេធាវី​រាជរដ្ឋាភិបាល​"​ ។​

​រវាង​ឯកឧត្តម​ ជីវ​ កេង​ និង​ឯកឧត្តម​ ប៉ា​ល់​ ចន្ទ​តារា​ គឺ​មានឈ្មោះ​ជា​មេធាវី​ដូច​គ្នា​ គ្រាន់តែ​ខុស​គ្នា​នៅ​ត្រង់​ឯកឧត្តម​ ជីវ​ កេង​ មេធាវី​អត្តលេខ​៨៤៨​ ជា​មេធាវី​សុំ​មិន​ប្រកប​វិជ្ជាជីវៈ​ ពីព្រោះ​មាន​វិសមិតភាព​ការងារ​ រីឯ​ឯកឧត្តម​ ប៉ា​ល់​ ចន្ទ​តារា​ មេធាវី​អត្តលេខ​៥១៨​ ជា​មេធាវី​កំពុង​ប្រកប​វិជ្ជាជីវៈ​យ៉ាង​ពេញបន្ទុក​ ។

​ដោយសារ​ឯកឧត្តម​ ជីវ​ កេង​ ជាទី​ប្រឹក្សា​ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ជា​ប្រធាន​អង្គភាព​អធិការកិច្ច​នៃ​ក្រុមប្រឹក្សាវិន័យ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ជា​ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ​ …​ និង​ឯកឧត្តម​ ប៉ា​ល់​ ចន្ទ​តារា​ ជាទី​ប្រឹក្សា​សម្តេច​នាយក​រដ្ឋមន្ត្រី​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ត្រី​ ជា​មេធាវី​រាជរដ្ឋាភិបាល​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ជា​អនុប្រធាន​អង្គភាព​អធិការកិច្ច​នៃ​ក្រុមប្រឹក្សាវិន័យ​នៃ​ឧត្តម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​…​ ដូច្នេះ​ហើយ​ ទើប​ឯកឧត្តម​ទាំង​២​នាក់​នេះ​មានឱកាស​សហការ​ចាប់ដៃ​គ្នា​ជា​ប្រព័ន្ធ​ អាច​ធ្វើ​ព្យុះ​ធ្វើ​ភ្លៀង​គ្របដណ្តប់​លើ​ស្ថាប័ន​តុលាការ​កម្ពុជា​ស្រេច​នឹង​ចិត្ត​ ពោរពេញ​ទៅ​ដោយ​អំណាច​ និង​លាភសក្ការៈ​ ។​ ​

ដោយឡែក​ កន្លង​ទៅ​ថ្មីៗ​នេះ​ ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ទ្រង់​បាន​ចេញ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/១០១៣/៩៥៦​ ចុះ​ថ្ងៃ​ទី​០១​ ខែតុលា​ ឆ្នាំ​២០១៣​ ត្រាស់​បង្គាប់​និរាករណ៍​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៦០២/១៥៨​ ចុះ​ថ្ងៃ​ទី​១៩​ ខែមិថុនា​ ឆ្នាំ​២០០២​ ស្តី​ពី​ការ​បង្កើត​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់​និង​ប្រព័ន្ធ​យុត្តិធម៌​ចោល​ជា​អសារ​បង់​ និង​ត្រូវ​បាន​យក​ការងារ​កំណែទម្រង់​ច្បាប់​និង​ប្រព័ន្ធ​យុត្តិធម៌​នេះ​ដាក់​ឲ្យ​ឋិត​នៅ​ក្រោម​ការ​ទទួលខុសត្រូវ​របស់​ក្រសួងយុត្តិធម៌​វិញ​ ។​ មាន​ន័យ​ថា​ សមាសភាព​អង្គភាព​អធិការកិច្ច​នៅ​ក្រុមប្រឹក្សាវិន័យ​"​អ​.​ក​.​វ​"​ ដែល​បង្កើត​ឡើង​ដោយ​អនុក្រឹត្យ​របស់​រាជរដ្ឋាភិបាល​លេខ​១៤៤​អន​ក្រ​.​បក​ ចុះ​ថ្ងៃ​ទី​១១​ ខែកញ្ញា​ ឆ្នាំ​២០១២​ តាម​សេចក្តី​ស្នើ​របស់​សហ​ប្រធាន​ក្រុមប្រឹក្សា​កំណែទម្រង់​ច្បាប់​និង​ប្រព័ន្ធ​យុត្តិធម៌​នោះ​ ក៏​ត្រូវ​មានការ​ប្រែប្រួល​ជា​ថ្មី​ដែរ​ ។​ ​

រួម​សេចក្តី​មក​ ដើម្បី​លៃលក​ឲ្យ​ដំណើរការ​កំណែទម្រង់​ច្បាប់​និង​ប្រព័ន្ធ​យុត្តិធម៌​នៅ​កម្ពុជា​ទទួល​បាន​នូវ​ប្រសិទ្ធភាព​ និង​ជោគជ័យ​តាម​ការ​ចង់បាន​នោះ​ លុះត្រាតែ​ធ្វើការ​កែទម្រង់​លើ​មុខសញ្ញា​ឯកឧត្តម​ ជីវ​ កេង​ និង​ឯកឧត្តម​ ប៉ា​ល់​ ចន្ទ​តារា​ ដែល​ជា​បុរស​មាន​អំណាច​ខ្លាំង​ក្នុង​ស្ថាប័ន​តុលាការ​ និង​ប្រព័ន្ធ​យុត្តិធម៌​ជា​មុន​សិន​ ពីព្រោះ​តាម​ការ​កត់សម្គាល់​នា​ពេល​កន្លង​មក​ យុត្តិធម៌​សង្គម​តាម​រយៈ​នៃ​ការ​ដោះស្រាយ​រឿង​ក្តី​ ឬ​ការ​អន្តរាគមន៍​ផ្សេងៗ​មាន​ភាព​ច្របូកច្របល់​ក្រឡាប់ចាក់​ ដោយសារ​ស្នាដៃ​របស់​ឯកឧត្តម​ទាំង​២​នាក់​នេះ​មិន​ស្ទើរ​ឡើយ​ ៕​

Untitled-2


Source from: www.dtn7.com

No comments:

Post a Comment