
ក្រុមមន្ត្រីនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបានរៀបរាប់ប្រាប់អំពីភាពមិនប្រក្រតីក្នុងការដឹកនាំរបស់លោក អេង ភីរុង ប្រធានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែង ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អាណត្តិទី៥ ហើយព័ត៌មានអសកម្មនេះត្រូវបាន Admin របស់ Page មួយក្នុងបណ្តាញសង្គម Facebook ដែលប្រើ Profile ដាក់រូប"សម្តេចតេជោ ហ៊ុន សែន" និងតែងលើកតម្កើងសម្តេចនាយករដ្ឋមន្ត្រី យកមក Post ក្នុងវេទិកា"ខ្សឹបប្រាប់សម្តេច"របស់ខ្លួននាថ្ងៃពុធ ទី៣០ ខែតុលា ឆ្នាំ២០១៣នេះ ។
មន្ត្រីមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបានបង្ហើបប្រាប់ឲ្យដឹងថា នៅមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងដឹកនាំដោយលោក អេង ភីរុង ជាប្រធាន មានការប្រព្រឹត្តអំពើពុករលួយក្នុងរឿងចាត់ចែងអចលនវត្ថុ និងចលនវត្ថុរបស់រដ្ឋ ។ របបឯកសណ្ឋានរបស់មន្ត្រីក្រោមឱវាទមន្ទីរបានបាត់ស្រមោលចាប់តាំងអំពីឡុងឆ្នាំ២០០៥មកទល់បច្ចុប្បន្ន ពោលគឺបាត់ចាប់តាំងពីមានគោលការណ៍ផ្តល់ប្រាក់ឲ្យកាត់ឯកសណ្ឋានខ្លួនឯង ។ លោក អេង ភីរុង ជាប្រធានមន្ទីរផង ដើរតួជាប្រធានរដ្ឋបាលផង និងជាគណនេយ្យផង ព្រមទាំងបានបញ្ជូនក្មួយខ្លួនឯងឲ្យធ្វើការងារជំនួសប្រធាន ខណៈដែលប្រធានការិយាល័យចំណុះមន្ទីរមានត្រឹមតែឈ្មោះនៅក្នុងក្រដាសតែងតាំងគ្មានសិទ្ធិកាន់ការងារ ។ លើសពីនេះ លោកប្រធានមន្ទីរចុះហត្ថលេខាជំនួសកូនចៅក្រោមឱវាទថែមទៀត ។
ក្រុមមន្ត្រីបរិស្ថានខេត្តស្ទឹងត្រែងដែលទម្លាយរឿងអាស្រូវរបស់លោកប្រធានមន្ទីរខ្លួនឯងនោះ បាននាំគ្នាទម្លាក់កំហុសទៅលើឯកឧត្តមបណ្ឌិត ម៉ុក ម៉ារ៉េត អតីតជាទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងបរិស្ថាន គាបជាប់ទើបធ្វើឲ្យមន្ត្រីក្រោមឱវាទលោកប្រធានមន្ទីររើខ្លួនមិនរួចអស់រយៈពេលប្រមាណ១០ឆ្នាំ ។
មជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជា បានលើកឡើងថា ក្រុមមន្ត្រីគណបក្សប្រជាជនកម្ពុជាមានទម្លាប់អាក្រក់មួយ គឺគ្រប់ម៉ាត់ណាក៏ដោយក៏សម្តេច "សំដៅលើសម្តេចតេជោ ហ៊ុន សែន" រឿងតូចតាចត្រឹមដុសក្អែលប្រធានមន្ទីរចំណុះក្រសួងក៏ត្រូវការសម្តេច ។ បើដូច្នេះ តើរដ្ឋមន្ត្រីនៅតាមបណ្តាក្រសួង ស្ថាប័នយ៉ាងច្រើនគគោកនោះនាំគ្នាធ្វើកិច្ចការអ្វីដែរ ? ឬក៏មន្ត្រីគណបក្សប្រជាជនកម្ពុជាចង់បង្ហាញឲ្យឃើញថា អំណាចគ្រប់យ៉ាងគឺប្រមូលផ្តុំតែនៅលើ"សម្តេចតេជោ ហ៊ុន សែន"ម្នាក់ប៉ុណ្ណោះដូចគេថាមែន ?
សូមឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានអាណត្តិទី៥ មេត្តាត្រួតពិនិត្យមើលរបាយការណ៍រៀបរាប់របស់មន្ត្រីក្រោមឱវាទមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងផង កុំចាំបាច់រំខានដល់"សម្តេចតេជោ ហ៊ុន សែន"ដូចទម្លាប់របស់មន្ត្រីគណបក្សប្រជាជនកម្ពុជា តែងតែធ្វើកន្លងមកនោះតទៅទៀត ៕
Source from: www.dtn7.com
No comments:
Post a Comment