
-ស្ថានភាពទឹកជំនន់ នៅក្រុងសៀមរាប កំពុងប្រឈមមុខ យ៉ាងខ្លាំង, អាជ្ញាធរខេត្ត អាចប្រកាសភាពអាសន្ន
សៀមរាប ៖ ចាប់ពីព្រលប់ថ្ងៃទី០៥ រហូតដល់ម៉ោង ២:០០ យប់រំលងអធ្រាត្រ ចូលថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៣ លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប បានបន្ដដឹកនាំកម្លាំង ចុះពិនិត្យ និងបើកផ្លូវទឹក ទ្វារទឹក ដើម្បីរំដោះទឹកកុំឲ្យ ហូរចូលលិចក្រុងសៀមរាបជាពិសេស នៅទំបន់̸ទ្វារទឹកតាកាវ ដែលបានបាក់ទំបន់ ធ្វើឲ្យជន់លិចលំនៅដ្ឋាន ផ្លូវថ្នល់ ផលដំណាំ កាលពីវេលាជាង១០:០០នាទីយប់ថ្ងៃទី៥ ខែតុលា បណ្ដាលឲ្យប្រជាពលរដ្ឋដែលរស់នៅ តំបន់ជិតៗ ខាងប្រាសាទបាយ័ន ដូចជា នៅតំបន់ភូមិភាគ គោកចក ភូមិអង្គរក្រៅ ជាដើម បាននាំគ្នាដឹកជញ្ជូន ទ្រព្យសម្បត្តិ សត្វពាហន: ជ្រូក មាន់ ទា ចេញមកទុកនៅតាមដងផ្លូវថ្នល់ និងទីទួលមួយចំនួននោះ ។
នៅវាលាម៉ោងប្រមាណជាង១០:០០នាទី យប់ថ្ងៃទី៥ ខែតុលា លោកអភិបានខេត្ត និងមានការចូលរួមពី លោកអភិបាលរង នូ ផល្លា លោក ប៊ុន ថារិទ្ធិ អគ្គនាយកអាជ្ញាធរអប្សារា លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាល ខេត្តសៀមរាប មន្ត្រីមន្ទីរ អង្គភាពពាក់ព័ន្ធ កងកម្លាំងនគរបាល បងប្អូនប្រជាពលរដ្ឋ ជាច្រើននាក់បាននាំគ្នា ជួយបើកទ្វារទឹក នៅត្រពាំងខ្យង តាមបណ្ដោយផ្លូវវាងតំបន់អង្គរ ដែលនៅជិតទំនប់̸ទ្វារទឹក តាកាវ នោះ គឺមានទ្វារទឹកសរុបចំនួន ៤ផ្ទាំង ដែលចំណាយពេល ជាង ២ម៉ោង ទើបបើករួចរាល់ ដើម្បីបង្ហូរទឹកទៅចូលក្នុងបារាយណ៍ទឹកថ្លា ។
បន្ទាប់មកលោកអភិបាលខេត្ត បានដឹកនាំកម្លាំង ដើម្បីចុះពិនិត្យកម្ពស់ទឹក និងរៀបចំគ្រឿងចក្រ និងកម្លាំង សម្រាប់រំដោះទឹកចេញពី បារាយណ៍ទឹកថ្លា បើក្នុងករណីចាំបាច់ និងក្នុងគ្រាអាសន្ន។ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តសៀមរាប បានពិនិត្យកម្ពស់ទឹក និងពន្យល់រៀបចំត្រៀមក្នុង កម្រិតខ្ពស់ សម្រាប់ក្នុងករណីប្រកាសអាសន្ន និងវិធីដោះស្រាយ ក្នុងការជីកបើកផ្លូវទឹក នៅលើខ្នងទំនប់ នៃបារាយណ៍ទឹកថ្លា និងទីកន្លែង មួយចំនួនទៀតផងដែរ ។
លោកអភិបាលបានបន្ដនាំកម្លាំង ចុះពិនិត្យកម្ពស់ទឹកភ្លៀង ដែលដក់នៅតាមដងផ្លូវ និងកម្ពស់ទឹកនៅស្ទឹងសៀមរាប រហូតដល់ម៉ោងជាង ២:០០ រំលងអធ្រាត្រ ។ ចំពោះកម្ពស់ទឹកស្ទឹងសៀមរាប តាំងពីព្រលប់រហូតដល់ម៉ោងជាង ៣:០០ រំលងអធ្រាត្រ ថ្ងៃនេះ នៅតែហៀរចូលក្រុងជាបណ្ដើរៗ នៅកន្លែងខ្លះ ខណ:ភ្លៀងបានបន្ដបង្អុរ កាលពីព្រលប់ និងប៉ុន្មានថ្ងៃកន្លងទៅនេះ ដែលធ្វើឲ្យទឹកដក់ នៅតាមដងផ្លូវ ថ្នល់ សាលារៀន លំនៅដ្ឋាន និងទីតាំងមួយចំនួន ហើយលូប្រឡាយផ្លូវទឹក មួយចំនួនបាន បើកទឹកកុំឲ្យកកស្ទះហើយនោះ។
ប៉ុន្មានថ្ងៃនេះ អាជ្ញាធរខេត្ត បានដឹកនាំមន្ត្រី នៃមន្ទីរ អង្គភាព ស្ថាប័ន អាជ្ញាធរ និងវិស័យឯកជនពាក់ព័ន្ធ ដើម្បីចុះពិនិត្យ និងរៀបចំបើកផ្លូវទឹក ស្ដារលូ ដែលបង្ករការកកស្ទះផ្លូវទឹក តាមបណ្ដោយផ្លូវ និងទីកន្លែង មួយចំនួន នៅក្នុងទីប្រជុំជនក្រុង ។ ចំណែក នៅឯសាលាបឋមសិក្សា វត្តគងម៉ុច ជិតស្ពានក្រវាត់ក្រុង លោកអភិបាលខេត្តបានដឹកនាំឲ្យបើកផ្លូវទឹក ដើម្បីបង្ហូរ និងបន្ធូរទឹកពីស្ទឹងសៀមរាប ផងដែរ ។
ទោះជាយ៉ាងណាដោយ អំណាចនៃទឹកភ្លៀងដែលបង្អុរជាប់ៗគ្នា នៅប៉ុន្មានថ្ងៃនេះ បានធ្វើឲ្យទឹកស្ទឹងនៅឡើងប៉ប្រាសៗមាត់ស្ទឹង និងនៅតាមបណ្ដោយមាត់ស្ទឹង ចាប់ពីខាងលើតំបន់ផ្សារចាស់ រង្វង់មូលផ្លូវទៅភ្នំក្រោម ខាងមុខសណ្ឋាគារតាព្រហ្ម និងតាមបណ្ដោយមាត់ស្ទឹង ចាប់ពីខាងក្រោមអាងក្រពើ រហូតដល់ អារ៉ាញ់ចុងស្រុក សង្កាត់សៀមរាប ក្រុងសៀមរាប (ផ្លូវទៅភ្នំក្រោយ) ដែលមានចម្ងាយប្រមាណ ៤ ទៅ ៥គីឡូម៉ែត្រ ត្រូវបានទឹកហៀរចូលជាបណ្ដើរៗ រហូតដល់កន្លែងខ្លះមានកម្ពស់ជិតកន្លះម៉ែត្រនៅលើផ្លូវ ដែលធ្វើឲ្យទឹកចូលផ្ទះ ភូមិដ្ឋាន និងលិចផលដំណាំមួយចំនួនផងដែរ ។
ចំណែកឯនៅតាមបណ្ដោយ ផ្លូវជាតិលេខ៦ ចាប់ពីម្ដុំភូមិគ្រួស ភូមិវប្បធម៌ រហូតដល់រង្វង់មូលជ័យវរ្ម័នទី៧ គឺរង្វង់មូលនៃផ្លូវបំបែក ទៅព្រលានយន្តហោះ អន្តរជាតិសៀមរាប នៅយប់ថ្ងៃទី០៥ ខែតុលា ទឹកនៅដក់តាមផ្លូវ ហើយម្ដុំជិតទៅដល់ផ្សារពួក ស្រុកពួក គឺជិតទៅដល់ អនុវិទ្យាល័យ ទៀ បាញ់ ស្រុកពួក ត្រូវបានទឹកហូរឆ្លងកាត់ផ្លូវផងដែរ ។ ទឹកដែលហូរ និងទឹកដក់នៅលើដងផ្លូវទាំងនោះ វាបណ្ដាលឲ្យប៉ះពាល់ក្នុងការពិបាក ធ្វើដំណើរផង និងផ្លូវ ក៏ដូចជាចិញ្ចើមផ្លូវ មួយចំនួន ត្រូវបានហូរច្រោះ និងខូចផ្លូវផង ។
ចំណែក កាលពីព្រលប់ថ្ងៃទី០៥ ខែតុលា ភ្លៀងបានបង្អុរ មួយមេធំផងដែរ តែលុះដល់ម៉ោងជាង ៧:០០ ទើបរាំងរហូត ដល់ម៉ោងជាង ៣:០០រំលងអធ្រាត្រនេះ នៅក្រុងសៀមរាប ។ តែស្ថានភាពទឹកស្ទឹងហាក់នៅបន្ដហូរចូលតាមដងផ្លូវថ្នល់មួយចំនួន ដែលនៅតាមបណ្ដោយ ដងស្ទឹងដដែល ។ ចំពោះនៅតំបន់ដែលជន់លិចនៅជិតតំបន់ប្រាសាទបាយ័ន នោះ ប្រជាពលរដ្ឋបានឲ្យដឹងថា នៅវេលាម៉ោង ៣:០០រំលងអធ្រាត្រនេះ បានស្រកទៅវិញជាបណ្ដើរៗហើយ បន្ទាប់ពីបានបើកទ្វារទឹក នៅត្រពាំងខ្យងនោះរូចមក ។
ជាមួយគ្នានេះ ស្ថានភាពចុងក្រោយ អំពីទឹកជំនន់ នៅក្រុងសៀមរាប កំពុងប្រឈមមុខយ៉ាងខ្លាំង ដោយសារតែទឹកដែលត្រូវបង្ហូរចូលបារាយណ៍ ត្រូវចាល់ ហើយកំពុងហូរចេញមកវិញចូលក្រុងសៀមរាបវិញ។ អាជ្ញាធរខេត្តអាចនឹងប្រកាសភាពអាសន្ន ដល់ប្រជាពលរដ្ឋ ចំពោះស្ថានភាពបែបនេះ៕