
ខេត្តស្ទឹងត្រែង ៖ រថយន្តធុនធំប្រភេទយីឌុប បានបើកបុកជាមួយម៉ូតូ បណ្តាលឱ្យបុរសវ័យចំណាស់ម្នាក់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ កាលពីវេលាម៉ោង ៤និង៣០ នាទីរសៀលថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៣ នៅចំណុចផ្លូវជាតិលេខ៧គល់ស្ពានសេកុង ត្រើយខាងត្បូង ក្នុងភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង។
មុនពេលកើតហេតុ ជនរងគ្រោះធ្វើដំណើរ ពីលិចមកកើត លុះពេលជិះឆ្លងជាតិលេខ៧អា ជិតផុតហើយនោះ ស្រាប់តែរថយន្តយីឌុបមួយគ្រឿង បើកបរក្នុងល្បឿនលឿន ធ្វើដំណើរពីត្បូងមកជើង បានបោល មកមុកចំពីមុខពេញទំហឹង ធ្វើអ្នកជិះម៉ូតូខ្ទាតប៉ើងចម្ងាយ ប្រមាណជាង ១០ម៉ែត្រ ស្លាប់នៅនឹងកន្លែង។ ខណៈនោះរថយន្តបង្ក បានបន្ថែមល្បឿន អូសម៉ូតូនៅក្រោមរថយន្ត ទៅមុខជាង ២០០ម៉ែត្រ ទើបឈប់ ហើយអ្នកបើកបរ រថយន្តបានចុះគេចខ្លួន បាត់ស្រមោល។
ជនរងគ្រោះមានឈ្មោះ វណ្ណ សាណង អាយុ ៦០ឆ្នាំ ជាក្រុមប្រឹក្សា ស្រុកសេសាន រស់នៅភូមិស្រែពោធិ៍ សង្កាត់ស្រះឫស្សី ក្រុងស្ទឹងត្រែង ហើយម៉ូតូរបស់ជនរងគ្រោះ ម៉ាកវេវអាល់ហ្វា ពណ៌ខ្មៅក្រហម គ្មានស្លាកលេខ។ ចំណែករថយន្តបង្ក ជាប្រភេទរថយន្តយីឌុប ពណ៌ត្រួយចេកម៉ាក FUSO ពាក់ស្លាក់លេខ ស្វាយរៀង 3A 0762 ។ រថយន្តបង្កនោះ ជារថយន្តដឹកក្របី ចេញពីម្តុំព្រំដែនឡាវ យកទៅលក់នៅវៀតណាម ដោយមានឈ្មោះ ថា ជាម្ចាស់រថយន្តនោះ៕
Source from: watphnom-news.com