
ខេត្តបន្ទាយមានជ័យ ៖ មន្ត្រីនគរបាលក្រីក្រម្នាក់ ត្រូវបានរថយន្ត កាមរីបុកស្លាប់ នៅនឹងកន្លែងកើតហេតុ ហើយកូនប្រុស ដែលរួមដំណើរជាមួយ បានរងរបួសធ្ងន់ បន្ទាប់ពីវិលត្រឡប់ មកពីសួរសុខទុក្ខម្ដាយឪពុក នារដូវបុណ្យភ្ជុំបិណ្ឌ កាលពីវេលាម៉ោង ១ រសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០១៣ នៅភូមិកូបកើត ឃុំកូប ស្រុកអូរជ្រៅ។
មន្ត្រីនគរបាល ដែលស្លាប់បាត់បង់ជីវិត យ៉ាងអាណោចអាធ័ម មានឈ្មោះ គង់ សំអឿន ធ្វើការនៅប៉ុស្តិ៍ឃុំគោកបល្ល័ង្គ ស្រុកមង្គលបូរី រួមជាមួយកូនប្រុស បានជិះម៉ូតូវ៉េវ មកដល់កន្លែងកើតហេតុ ស្រាប់តែមានរថយន្ត តូយ៉ូតា កាមរី ចង្កូតឆ្វេង១គ្រឿង ដែលជែងនឹងរថយន្ត ១ គ្រឿងទៀតជ្រុលទៅបុក មួយទំហឹង ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលអោយម៉ូតូខ្ទាតនិងខូចខ្ទេច។
ជនរងគ្រោះ គង់ សំអឿន បានដួលបោកទៅលើផ្លូវ រងរបួសធ្ងន់ បាក់ចង្កេះ និងបាក់ភ្លៅទាំងពីរ ហើយបានស្លាប់ភ្លាមៗ ចំណែកកូនប្រុសរបួសធ្ងន់ ត្រូវបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីសង្គ្រោះអាយុជីវិត។ ចំណែករថយន្តបង្ក ក្រោយពេលបុក មនុស្សស្លាប់ហើយ បានព្យាយាមបើករត់ ប៉ុន្តែត្រូវបាននគរបាលស្រុកអូរជ្រៅ ស្ទាក់ចាប់បាន ហើយអ្នកបើកបរ បានគេចខ្លួនបាត់ស្រមោល៕
Source from: watphnom-news.com
No comments:
Post a Comment