
តាមការចុះផ្សាយដោយ CNN កាលពីថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៣ ម្សិលមិញនេះបានឲ្យដឹងថា មនុស្សចំនួន៤២នាក់ត្រូវបានស្លាប់និងមនុស្សចំនួន១.៦៧៥នាក់ផ្សេងទៀតបានរងរបួសដោយសារសត្វឪម៉ាល់យក្សទិចនៅភាគខាងជើងប្រទេសចិនចាប់តាំងពីខែកក្កដា ឆ្នាំ២០១៣មក។
អាជ្ញាធរខេត្តសាន់ស៊ី «Shaanxi» ប្រទេសចិន បានឲ្យដឹងថា មានមនុស្សយ៉ាងតិចចំនួន៣៧នាក់កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យនៅឡើយ ដោយសារសត្វឪម៉ាល់យក្សអាស៊ីទិច។
ជនរងគ្រោះម្នាក់ ដែលទទួលរងរបួសដោយសារសត្វឪម៉ាល់យក្សទិចបានប្រាប់បណ្តាញព័ត៌មានថា គាត់បានចំណាយពេលសម្រាកពេទ្យអស់ប្រមាណ២ខែ ប៉ុន្តែជើងដែលត្រូវឪម៉ាល់ទិចប្រមាណ២០០ទ្រនិចនោះមិនទាន់អាចកម្រើកបាននៅឡើយ ហើយបន្សល់ទុកនូវស្លាកស្នាមរន្ធទ្រនិចសឹងសុសជើង។
ជនរងគ្រោះម្នាក់ទៀតបាននិយាយឲ្យដឹងថា គាត់ត្រូវឪម៉ាល់ដេញរត់ដល់ចម្ងាយប្រមាណ២០០ម៉ែត្រ ហើយកាន់តែរត់ វាកាន់តែដេញទិច។
ឪម៉ាល់យក្សអាស៊ីនេះមានឈ្មោះជាវិទ្យាសាស្ត្រថា Vespa mandarinia ។ វាអាចមានប្រវែងដល់ទៅ ៥សង្ទីម៉ែត្រ និងពិសរបស់វាមានកម្រិតខ្លាំងដែលអាចធ្វើឲ្យមនុស្សស្លាប់និងខូចក្រលៀនបានពេលវាទិច។ ឪម៉ាល់ប្រភេទនេះវាកាចខ្លាំងនៅពេលដល់រដូវបន្តពូជនិងពេលផ្លាស់ទីធ្វើសម្បុកនៅខែកញ្ញា និងខែតុលា ហើយបើអាកាសធាតុក្តៅកាលណាវារឹតតែកាចថែមទៀត៕
Source from: www.dtn7.com
No comments:
Post a Comment