
រាជធានីភ្នំពេញ ៖ បុរសម្នាក់ជាអង្គរក្សពាក់ស័ក្តិ៤ និងត្រូវជាកូនរបស់ ថៅកែហាងគុយទាវពន្លឺច័ន្ទ ទល់មុខផ្សារសេនជូរី ផ្លាស្សា ស្ថិតតាមបណ្តោយ មហាវិថីសហព័ន្ធរុស្ស៊ី បានផឹកស៊ីស្រវឹងជោកជាំ ជិះរថយន្តតែម្នាក់ឯង ក្នុងគោលបំណងទៅផ្ទះ លុះជិះរថយន្តមកដល់ចំណុចម្តុំហាង ៨៨៨៨ ក៏ដកកាំភ្លើងឡុកស៊េរីទំនើបបាញ់ ២គ្រាប់ស្តាកាណុង បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ ពីវេលាម៉ោង ២០និង១០នាទីយប់ ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០១៣ នៅចំណុចផ្លូវ៧មករា ម្តុំហាងការ៉េប្រាំបី ភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនដែលបាញ់បោះសេរីមានឈ្មោះ ប៊ុន ច័ន្ទពិសិដ្ឋ អាយុ ៣១ឆ្នាំ ជាអង្គរក្សពាក់ស័ក្តិ៤ មានទីលំនៅផ្ទះលេខ១០០E.០ ភូមិប៉ប្រកខាងត្បូង មហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានជិះរថយន្ត RX300 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2V-7027 ប្រើប្រាស់អាវុធម៉ាកឡុក១៩ លេខNJY832 មានបង់០១ និងគ្រាប់ចំនួន ១៥គ្រាប់ បាញ់អស់ចំនួន ៤គ្រាប់។
ពេលកើតហេតុឈ្មោះ ប៊ុន ច័ន្ទពិសិដ្ឋ បានជិះរថយន្ត RX300 ពណ៌ស បាញ់កាំភ្លើង២-៣ គ្រាប់ភ្លាមនោះកម្លាំងអន្តរាគមន៍ ក៏បានជិះម៉ូតូទៅដេញស្ទាក់រថយន្តនោះ ក្នុងគោលបំណងសួរនាំ ស្រាប់តែឈ្មោះ ប៊ុន ច័ន្ទពិសិដ្ឋ អត់ឈប់ទេ ក៏បានព្យាយាមបើករត់ តាមផ្លូវទំនប់ ៧មករាទៅលិច។ ពេលនោះកម្លាំងប៉ុស្តិ៍រដ្ឋបាលសាក់សំពៅ ចេញស្ទាក់ក៏មិនឈប់ទៀត រួចបើករត់សំដៅចុះទៅជើងវិញ តាមផ្លូវផ្សារទួលសំបូរ សង្កាត់ព្រៃវែង ហើយក៏បត់ឡើងទៅលិច តាមផ្លូវវត្តស្លែងកាត់វត្តព្រៃវែង ទើបកម្លាំងប៉ុស្តិ៍រដ្ឋបាលពងទឹក យកលូដាក់បាំងផ្លូវ ទើបស្ទាក់ចាប់បានទាំងមនុស្ស និងរថយន្ត ព្រមទាំងដកហូតកាំភ្លើងខ្លី០១ដើម មាន ១៥គ្រាប់៕
Source from: watphnom-news.com