ភ្ញាក់ផ្អើល និង​ស្ទះផ្លូវ​ជិត​១​ម៉ោង លើ​មហាវិថី​ព្រះមុនីវង្ស​ដោយ​សមត្ថកិច្ច​ចាប់ខ្លួន​ជនត្រូវចោទ​ចេញ​សែក​ស្អុយ​គ្មាន​សាច់ប្រាក់​តម្លៃ​៣០​ម៉ឺន​ដុល្លារ​អាមេរិក​

​នៅវេលា​ម៉ោង ១៦ និង​៣០ នាទី​រសៀល នា​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០១៣​នេះ កងកម្លាំង​អាវុធហត្ថ​បាន​បើក​ប្រតិបត្តិ​ការឃាត់​ចាប់ខ្លួន​ជនត្រូវចោទ​​ម្នាក់​ក្នុង​រឿង​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ចេញ​មូល​ប្ប​ទា​នប​ត្រ​ស្អុយ​គ្មាន​សាច់ប្រាក់​តម្លៃ​ប្រមាណ​៣០​ម៉ឺន​ដុល្លារ​អាមេរិក តាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​របស់​តុលាការ ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល និង​ស្ទះចរាចរណ៍​នៅលើ​ដង​មហាវិថី​ព្រះមុនីវង្ស​ទល់មុខ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល ឋិត​នៅក្នុង​សង្កាត់​ស្រះចក ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ជិត​កន្លះ​ម៉ោង​។​

​មូលហេតុ​ដែល​នាំ​ឲ្យ​មានការ​ភ្ញាក់ផ្អើល និង​កកស្ទះ​ចរាចរណ៍​ជិត​កន្លះ​ម៉ោង​នៅលើ​ដង​មហាវិថី​ព្រះមុនីវង្ស កណ្តាល​រាជធានី​ភ្នំពេញ​ដូច្នេះ ដោយសារ​ជនត្រូវចោទ​​ពេល​សមត្ថកិច្ច​ធ្វើការ​ឃាត់​ចាប់ខ្លួន​នោះ ជនត្រូវចោទ​មិន​ព្រម​ចុះ​ពីលើ​រថយន្ត​របស់ខ្លួន​ម៉ាក Tundra ពណ៌​ស ដោយ​បិទទ្វារ​ជិត​មិន​ឲ្យ​សមត្ថកិច្ច​ចាប់ និង​នាំខ្លួន​បានឡើយ ប៉ុន្តែ​ទីបំផុត​សមត្ថកិច្ច​អាវុធហត្ថ​បាន​ប្រើប្រាស់​រថយន្តស្ទូច​ទាំង​រថយន្ត​ជនសង្ស័យ​ដែល​ក្នុងនោះ​មាន​ទាំង​ប្រពន្ធ​របស់​ជនត្រូវចោទ​​ទៀតផង​តែម្តង​។​

​ជនត្រូវចោទ​​ដែល​ត្រូវ​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ដោយ​អនុវត្តន៍​នូវ​ដីកាចាប់ខ្លួន​របស់​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ មានឈ្មោះ ថន សេង​តារា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​លេខ​២៣ ផ្លូវជាតិ​លេខ​១ ភូមិ​បឹង​ស្នោ សង្កាត់​និរោធ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បន្ទាប់ពី​មាន​បណ្តឹង​ចោទប្រកាន់​របស់​ភាគី​ជនរងគ្រោះ ឈ្មោះ ខៃ ណារិន ភេទ​ស្រី អាយុ​៥០​ឆ្នាំ ដែល​បាន​បញ្ជាក់ថា ជន​ត្រូវ​ចោទ​បានចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​លុយ​តម្លៃ​៣០​ម៉ឺន​ដុល្លារ​អាមេរិក ឲ្យ​ទៅ​បើក​នៅ​ធនាគារ ANZ Royal ក្នុង​រឿង​ជំពាក់​ប្រាក់​។​

​ជនត្រូវចោទ​ត្រូវបាន​តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ចោទប្រកាន់​ពីបទ​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន «​ចេញ​មូល​ប្ប​ទា​នប​ត្រ​គ្មាន​សាច់ប្រាក់​» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ខែតុលា ឆ្នាំ​២០១២ ដែលជា​បទល្មើស​ព្រហ្មទណ្ឌ និង​បន្ទាប់មក​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ក៏បាន​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​លេខ​៥៤២​ត​.​ព្រ ចុះ​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៣​។​

​កម្លាំង​សមត្ថកិច្ច​នៃ​កងរាជអាវុធហត្ថ​បាន​ចាត់ចែង​នាំយក​ទាំង​រថយន្ត និង​ទាំង​ជន​ត្រូវ​ចោទ​ទៅ​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​នៃ​ច្បាប់​៕​

54323


Source from: www.dtn7.com

No comments:

Post a Comment