ដោះលែង​ស័ក្តិ​៤​អង្គរក្ស​វ័យក្មេង ប៊ុន ច័ន្ទ​ពិសិដ្ឋ ក្នុង​រឿង​បាញ់បោះ​សេរី​នាំ​ឲ្យ​ទទួលរង​នូវ​ការរិះគន់​ថា ជាអំពើអយុត្តិធម៌សង្គម

​សមត្ថកិច្ច​បានសម្រេច​ដោះលែង​លោក​ស័ក្តិ​៤ ប៊ុន ច័ន្ទ​ពិសិដ្ឋ អាយុ​៣១​ឆ្នាំ បម្រើ​ការងារ​នៅ​បញ្ជាការដ្ឋាន​កង​អង្គរក្ស​រួចហើយ​កាលពី​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៣ ម្សិលមិញ​នេះ បន្ទាប់ពី​បាន​ឃាត់ខ្លួន​ត្រឹម​តែមួយ​យប់​ក្នុង​រឿង​បាញ់បោះ​សេរី នា​រាត្រី​ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៣​។​

​លោក​ស័ក្តិ​៤​វ័យក្មេង ដែល​បម្រើ​ការងារ​នៅ​អង្គភាព​អង្គរក្ស ប៊ុន ច័ន្ទ​ពិសិដ្ឋ និង​ត្រូវជា​កូនប្រុស​របស់លោក ប៊ុន ច័ន្ទ សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​ឃាត់ខ្លួន​កាលពី​រាត្រី ថ្ងៃទី​២៩ ខែតុលា ឆ្នាំ​២០១៣ នៅតាម​ផ្លូវ​ទំនប់​៧​មករា ភូមិ​ព្រែក​ប្រណាក សង្កាត់​ជើងឯក ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បន្ទាប់ពី​បុរស​វ័យក្មេង​រូបនេះ​បាញ់បោះ​សេរី​ក្រោយ​ចេញពី​ផឹកស៊ី នៅ​បន្ទាយ​ទួល​ក្រសាំង​។​

​ប្រភពពី​សមត្ថកិច្ច​បា​ន​ឲ្យ​ដឹងថា ក្រោយ​ការឃាត់ខ្លួន​លោក​ស័ក្តិ​៤ វ័យក្មេង ប៊ុន ច័ន្ទ​ពិសិដ្ឋ បាន​មួយ​រាត្រី លុះដល់​ពេលព្រឹក​ឡើង​ឃើញ​មាន​ក្រុម​អង្គរក្ស​ជាច្រើន​នាក់​ជិះ​រថយន្ត​ទំនើប​ម៉ាក Tundra ពណ៌​ស គ្មាន​ពាក់​ស្លាក​លេខ ចេញមក​ធ្វើការ​អន្តរាគមន៍​ឲ្យ​មានការ​ដោះលែង​ជនបង្ក​ដែលជា​អង្គរក្ស​ដូចគ្នា​។ នៅ​ទីបំផុត វេលា​ម៉ោង​ប្រមាណ​១៦ និង ៣០​នាទី​ល្ងាច នា​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៣ ជនបង្ក​ត្រូវបាន​ដោះលែង​តាម​ការអន្តរាគមន៍​នោះ ដោយមាន​វត្តមាន​លោក ប៊ុន ច័ន្ទ ជា​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដែល​ត្រូវជា​ឪពុក​របស់​ជនបង្ក​ផងដែរ​។​

​ក្រុម​សមត្ថកិច្ច​ដែល​បាន​ប្តូរផ្តាច់​បំពេញបេសកកម្ម​ឃាត់ខ្លួន​ជន​ប្រព្រឹត្តល្មើស​ក្នុង​រឿង​បាញ់បោះ​សេរី​បានត្រឹមតែ​គ្រវីក្បាល​ហួសចិត្ត​នូវពេល​ដែលមាន​អ្នកធំ​ឬ​ថ្នាក់លើ​ចេញមុខ​ជួយ​អន្តរាគមន៍​ដោះលែង​ជនបង្ក ប៊ុន ច័ន្ទ​ពិសិដ្ឋ យ៉ាង​រហ័ស​ទាន់ហន់​។​

​លោក ប៊ុន ច័ន្ទ ជា​ឪពុក​ជនបង្ក​បាញ់បោះ​សេរី ឈ្មោះ ប៊ុន ច័ន្ទ​ពិសិដ្ឋ ត្រូវបាន​ទទួលស្គាល់​ជា​សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​ពោធិ៍​សែន​ជ័យ​នៃ​រាជធានី​ភ្នំពេញ​អាណត្តិ​ទី​១ ដោយ​អនុក្រឹត្យ​លេខ​១៣៤៦​អនក្រ​.​ត​ត ចុះ​ថ្ងៃទី​២៨ ខែធ្នូ ឆ្នាំ​២០១១​។​

​ការដោះលែង​ជន​បាញ់បោះ​សេរី​ឈ្មោះ ប៊ុន ច័ន្ទ​ពិសិដ្ឋ ដែលមាន​តួនាទី​ជា​អង្គរក្ស​ពាក់​ស័ក្តិ​៤ នៅលើ​ស្មា និង​ត្រូវជា​កូន​អ្នកធំ​មាន​លុយ និង​មានអំណាច​នោះបាន​ធ្វើ​ឲ្យ​មជ្ឈដ្ឋាន​នានា​រិះគន់​យ៉ាងខ្លាំង​ថា ជា​អំពើ​អយុត្តិធម៌​ក្នុងសង្គម​មួយ​ដែល​និយម​ប្រើប្រាស់​វប្បធម៌​អ្នកធំ អ្នកមានអំណាច អ្នកមាន​លុយ រួចខ្លួន រីឯ​អ្នកតូច អ្នកក្រីក្រ ត្រូវ​ជាប់គុក​ក្នុង​បទល្មើស​ដូចគ្នា​៕​

res41


Source from: www.dtn7.com

No comments:

Post a Comment