
រាជធានីភ្នំពេញ ៖ ក្មេងស្ទាវមួយក្រុម ប្រដាប់ដោយកាំភ្លើងខ្លីគ្រប់ដៃ បានព្រួតគ្នាវាយនគរបាលម្នាក់ឈ្មោះ សេង វណ្ណ: ភេទប្រុស អាយុ ៣៩ឆ្នាំ បែកក្បាលនិងបាញ់ឡើងលើមួយគ្រាប់ បន្ទាប់ពីមានជម្លោះពាក្យសំដី ជាមួយជនរងគ្រោះដែលកំពុងយាមនៅគោលដៅ កាលពីវេលាម៉ោងជិត ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៣ នៅមុខផ្ទះលេខ១៤៩ តាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា។
មុនពេលកើតហេតុ មានក្រុមក្មេងស្ទាវចំនួ ន៣នាក់ ដែលពួកគេមានកាំភ្លើងគ្រប់ដៃ បានជិះម៉ូតូចំនួន ២គ្រឿង មានម៉ាកស្កុបពី ពណ៌សមួយគ្រឿង និងហុងដាឌ្រីម សេ១២៥មួយគ្រឿង មកឈប់នៅកន្លែងកើតហេតុ។ បន្ទាប់មកក្មេងស្ទាវម្នាក់ បានចុះពីលើម៉ូតូ រួចដើរទៅឈរនោម នៅជិតកន្លែងដែលមានមន្ត្រីនគរបាលម្នាក់កំពុងសម្រាក ព្រមទាំងនិយាយឌឺដង ធ្វើឲ្យជនរងគ្រោះទ្រាំមិនបាន ក៏ចេញមកនិយាយអប់រំ និងហាមឃាត់ពួកគេ។
គ្រានោះដែរក្រុមក្មេងស្ទាវ ក៏ផ្ទុះហិង្សា ហើយដកកាំភ្លើង វាយបំបែកក្បាលជនរងគ្រោះ បណ្តាលឲ្យហូរឈាមជោកខ្លួន។ ឃើញដូចនោះ សន្តិសុខម្នាក់ទៀត ដែលនៅក្បែរនោះ ក៏បានស្ទុះរត់មកជួយឃាត់ ប៉ុន្តែត្រូវក្រុមក្មេងស្ទាវ ២នាក់ផ្សេងទៀត ដកកាំភ្លើងភ្ជង់ មិនឲ្យចូលជួយ ហើយបន្ទាប់មក ក្រុមក្មេងស្ទាវ ក៏បានបាញ់មួយគ្រាប់ឡើងលើ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ ប្រជាពលរដ្ឋនៅតំបន់នោះ រួចពួកគេឡើងម៉ូតូជិះគេចខ្លួន បាត់ស្រមោលតែម្តង៕
Source from: watphnom-news.com