
សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាអាណត្តិទី៥ចាប់ផ្តើមមានទីប្រឹក្សាផ្ទាល់ខ្លួននិងជំនួយការថ្មីជាបណ្តើរៗហើយ ដោយសម្រេចបញ្ចប់មុខតំណែងទីប្រឹក្សាផ្ទាល់និងជំនួយការកាលពីអាណត្តិទី៤កន្លងមក។
យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៣ ឡាយព្រះហស្តលេខាដោយព្រះមហាក្សត្រ បានត្រាស់បង្គាប់តែងតាំងទីប្រឹក្សាផ្ទាល់សម្តេចនាយករដ្ឋមន្ត្រីអាណត្តិទី៥ចំនួន២១នាក់និងជំនួយការជាលើកដំបូងចំនួន៣៤នាក់ គឺសរុបមានចំនួន៥៥នាក់។
ក្នុងចំណោមទីប្រឹក្សាផ្ទាល់និងជំនួយការសម្តេចនាយករដ្ឋមន្ត្រីអាណត្តិទី៥ដែលទទួលបានការតែងតាំងលើកដំបូងទាំង៥៥នាក់នេះ គឺចំនួន២នាក់ មានឋានៈស្មើទេសរដ្ឋមន្ត្រី ចំនួន៨នាក់ មានឋានៈស្មើរដ្ឋមន្ត្រី ចំនួន១៦នាក់ មានឋានៈស្មើរដ្ឋលេខាធិការ ចំនួន១៩នាក់ មានឋានៈស្មើអនុរដ្ឋលេខាធិការ និងចំនួន១០នាក់ មានឋានៈស្មើអគ្គនាយក។
គួររម្លឹកជូនដែរថា កាលពីអាណត្តិទី៤«សម្តេចតេជោសែន»បុរសខ្លាំងនៃកម្ពុជា មានទីប្រឹក្សាផ្ទាល់ខ្លួនចំនួន៣២៩នាក់ ជំនួយការចំនួន១៧២នាក់ និងសមាជិកក្រុមលេខាចំនួន១០២នាក់ គឺសរុបមានចំនួន៦០៣នាក់ «សូមចូលអានគេហទំព័រសារព័ត៌មានដើមត្នោតចុះផ្សាយថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៣បន្ថែម»។
គេមិនទាន់បានដឹងជាមុនថា តើនៅអាណត្តិទី៥នេះ បុរសខ្លាំងនៃកម្ពុជានឹងមានចំនួនទីប្រឹក្សាផ្ទាល់ខ្លួន ជំនួយការនិងសមាជិកក្រុមលេខាច្រើនសន្ធឹកសន្ធាប់សំពីងសំពោងដូចកាលពីអាណត្តិទី៤ដែរឬយ៉ាងណានោះទេ ចណៈដែលសមាសភាពគណៈរដ្ឋមន្ត្រីនិងអនុរដ្ឋលេខាធិការ ទទួលបានរហស្សនាមថា ជារាជរដ្ឋាភិបាលក្បាលធំ ដូចរាជរដ្ឋាភិបាលអាណត្តិទី៤ដែរ? ៕
Source from: www.dtn7.com