
ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៥នៃរដ្ឋសភានេះ ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៩១៣/៩០៣ ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៣។
កាលពីអាណត្តិមុនៗ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ដែលស្ពាយចំណេះដឹងមកពីប្រទេសរុស្ស៊ី«អតីតសហភាពសូវៀត»នោះ ទទួលបានការតែងតាំងក្នុងមុខតំណែងយ៉ាងច្រើនគគោក មានជាអាទិ៍៖ ជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើទេសរដ្ឋមន្ត្រីផង ជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ មានឋានៈស្មើទេសរដ្ឋមន្ត្រីផង ជារដ្ឋមន្ត្រីអមប្រតិភូនាយករដ្ឋមន្ត្រីផង ជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុផង និងជាក្រុមប្រឹក្សាភិបាលធនាគារជាតិនៃកម្ពុជាតំណាងឲ្យរាជរដ្ឋាភិបាលផង។
ក្នុងនាមជាទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រីនិងជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនាពេលកន្លងមកនោះ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ធ្លាប់បានផ្តល់យោបល់ជូននាយករដ្ឋមន្ត្រីជាច្រើនទាក់ទងនឹងសំណុំរឿងក្តី ដែលការផ្តល់យោបល់ខ្លះនាំឲ្យមានការរំលោភអំណាចស្ថាប័នតុលាការ បំពានរដ្ឋធម្មនុញ្ញនិងបង្ហិនបង្ហោចផលប្រយោជន៍រដ្ឋទៀតផង។
ព័ស្តុតាងជាក់ស្តែងមួយបានបង្ហាញថា ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ក្នុងមុខតំណែងជាទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រី ជាប្រធានឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិនិងជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានផ្តល់យោបល់ជូននាយករដ្ឋមន្ត្រីឲ្យមានការសម្រេចបង្កនូវការខូចខាតផលប្រយោជន៍រដ្ឋ រំលោភលើអំណាចស្ថាប័នតុលាការនិងបំពានលើរដ្ឋធម្មនុញ្ញ គឺទាក់ទងនឹងសំណុំរឿងវិវាទដីធ្លីមួយកន្លែងមានទំហំប្រមាណ៤០០ម៉ែត្រក្រឡា ឋិតនៅភូមិជម្ពូវ័ន សង្កាត់ចោមចៅ ខណ្ឌដង្កោ«បច្ចុប្បន្នខណ្ឌពោធិ៍សែនជ័យ»រាជធានីភ្នំពេញ រវាងអាជ្ញាធរភូមិជម្ពូវ័ននិងបុគ្គលម្នាក់ឈ្មោះ កែវ ជីន ។
រឿងក្តីខាងលើនេះ ត្រូវបានស្ថាប័នតុលាការជំនុំជម្រះចប់សព្វគ្រប់ហើយដល់តុលាការកំពូល«តុលាការកំពូលជំនុំជម្រះរហូតដល់ទៅពីរដង»ដោយសម្រេចប្រគល់ដីទំនាស់ឲ្យទៅអាជ្ញាធរភូមិជម្ពូវ័នគ្រប់គ្រងជាកម្មសិទ្ធិរួមភូមិ«ផលប្រយោជន៍សាធារណៈ»និងហាមមិនឲ្យអាជ្ញាធរលក់ ដូរ ផ្ទេរសិទ្ធិឲ្យទៅអ្នកដទៃឡើយ តាមអំណាច សាលដីការដ្ឋប្បវេណីស្ថាពរលេខ១៤១ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០០៥ របស់តុលាការកំពូល។មានន័យថា ការសម្រេចរបស់ស្ថាប័នតុលាការបានផ្តល់នូវផលប្រយោជន៍រដ្ឋទុកឲ្យអាជ្ញាធរភូមិប្រើប្រាស់ជាកម្មសិទ្ធិរួមនៅលើដីទំនាស់។
ក្រោយមក តាមការផ្តល់យោបល់ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០០៥ របស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន គោរពជូនសម្តេចនាយករដ្ឋមន្ត្រី នាំឲ្យរាជរដ្ឋាភិបាលសម្រចប្រគល់ដីទំនាស់ឲ្យទៅឈ្មោះ កែវ ជីន ដែលជាបុគ្គលធ្លាប់ចាញ់ក្តីនៅស្ថាប័នតុលាការរួចហើយ បានកាន់កាប់ជាកម្មសិទ្ធិវិញ តាមស្មារតីលិខិតលេខ១៩៦៩សជណ ចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់ទីស្តីការគណៈរដ្ឋមន្ត្រី«យោងតាមចំណារ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៥ របស់សម្តេចនាយករដ្ឋមន្ត្រី»។
ការផ្តល់យោបល់របស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ដែលជាទីប្រឹក្សាផ្ទាល់នាយករដ្ឋមន្ត្រីនិងជាមន្ត្រីដែលបណ្តុះបណ្តាលដោយសម្តេចនាយករដ្ឋមន្ត្រី នាំឲ្យរាជរដ្ឋាភិបាលសម្រេចបែបនេះ គឺបានធ្វើឲ្យស្ថាប័នតុលាការរួញរាក្នុងការអនុវត្តអំណាចសាលដីការបស់តុលាការកំពូល ដើម្បីប្រគល់ដីទំនាស់ឲ្យទៅអាជ្ញាធរភូមិជម្ពូវ័នគ្រប់គ្រងជាផលប្រយោជន៍រួមភូមិតាមនីតិវិធីនៃច្បាប់ឡើយ ដ្បិតមន្ត្រីតុលាការតែងខ្លបខ្លាចនឹងអំណាច សជណ របស់ទីស្តីការគណៈរដ្ឋមន្ត្រី។
ប៉ុន្តែ រឿងចម្រូងចម្រាសក្នុងការអនុវត្តសាលដីកាតុលាការកំពូលនិង សជណ ទីស្តីការគណៈរដ្ឋមន្ត្រីពាក់ព័ន្ធនឹងវិវាទដីធ្លីដ៏រ៉ាំរ៉ៃនេះ នៅទីបំផុតត្រូវបានក្រុមប្រឹក្សាធម្មនុញ្ញសម្រេចឲ្យអនុវត្តន៍តាមអំណាចសាលដីកាស្ថាពររបស់តុលាការកំពូល។
អនុលោមតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជានិងលិខិតលេខ០៣២/០១/២០១៣កបធ.សជណ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៣ របស់ក្រុមប្រឹក្សាធម្មនុញ្ញ បានឆ្លុះបញ្ចាំងឲ្យឃើញថា ការផ្តល់យោបល់របស់ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន គោរពជូនសម្តេចនាយករដ្ឋមន្ត្រី គឺនាំឲ្យមានការរំលោភបំពានរដ្ឋធម្មនុញ្ញផង ជាន់ឈ្លីលើអំណាចសាលដីការបស់ស្ថាប័នតុលាការផងនិងធ្វើឲ្យខូចខាតផលប្រយោជន៍របស់រដ្ឋផង។
ឥឡូវនេះ ទោះបីយ៉ាងណាក៏ដោយ ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ដែលជាមន្ត្រីផ្តល់យោបល់បង្ហិនបង្ហោចផលប្រយោជន៍រដ្ឋនិងផលប្រយោជន៍ច្បាប់ជូននាយករដ្ឋមន្ត្រីនោះ ត្រូវបានតែងតាំងឲ្យធ្វើជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអាណត្តិទី៥ហើយ ដ្បិតទំនងមកពី«សម្តេចតេជោសែន»យល់ឃើញថា អ្នកចេះច្បាប់និងអ្នកចេះធ្វើសេដ្ឋកិច្ចនៅស្រុកខ្មែរអស់ត្រឹមឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ហើយមើលទៅ៕
Source from: www.dtn7.com