
នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០១៣នេះ រាជរដ្ឋាភិបាលនីតិកាលទី៥ នៃរដ្ឋសភា បានចេញសារាចរមួយលេខ០៥សរ ដោយសម្រេចផ្អាកការរៀបចំព្រះរាជពិធីអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក តាមដងទន្លេសាបមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ និង១៨ ខែវិច្ឆិកា ២០១៣ ខាងមុខ ប៉ុន្តែការរៀបចំនៅតាមទីកន្លែងដទៃទៀតអាចប្រព្រឹត្តទៅជាធម្មតា តាមទំនៀមទម្លាប់ប្រពៃណី និងតាមលទ្ធភាពរបស់ប្រជាពលរដ្ឋ។
សារាចររបស់រាជរដ្ឋាភិបាលបានបញ្ជាក់ថា ការឈប់សម្រាករបស់មន្ត្រីរាជការ និយោជិត កម្មករ ចំនួន៣ថ្ងៃក្នុងព្រះរាជពិធីនេះ នៅរក្សាដដែល ដូចខ្លឹមសារដែលមានចែងក្នុងអនុក្រឹត្យលេខ១៨៦អនក្រ.បក ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០១២ ស្តីពីប្រតិទិនឈប់សម្រាកការងាររបស់មន្ត្រីរាជការ និយោជិត កម្មករប្រចាំឆ្នាំ២០១៣។
ការផ្អាកព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៣ នៅរាជធានីភ្នំពេញនេះ ត្រូវបានរាជរដ្ឋាភិបាលលើកហេតុផលថា បណ្តាលមកពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរ។
សូមបញ្ជាក់ថា នេះគឺឆ្នាំទី៣ហើយ ដែលព្រះរាជពីធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្អាកការរៀបចំបន្ទាប់ពីផ្អាកលើទី១ នៅឆ្នាំ២០១១ ផ្អាកលើកទី២ នៅឆ្នាំ២០១២ និងផ្អាកលើកទី៣ នៅឆ្នាំ២០១៣៕
Source from: www.dtn7.com