
ខេត្តព្រះសីហនុ ៖ ចាប់តាំងពីលោក ចៅ ម៉េង បានឡើងកាន់តំណែង ជាប្រធានការិយាល័យ នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ប្រចាំខេត្តព្រះសីហនុ ជំនួសលោក ប៊ួរ សុទ្ធី គេសង្កេតឃើញ មន្ត្រីនគរបាលសេដ្ឋកិច្ចមួយចំនួនដែលពូកែកាប់ដាវ ប្រមូលលុយពីការរកស៊ី ដឹកជញ្ជូនទំនិញខុសច្បាប់ បានចុះទៅដាក់ប៉ុស្តិ៍ជជុះ ចាំរាប់ក្បាលឡាន ដឹកជញ្ជូនទំនិញគេចពន្ធ និងទំនិញខុសច្បាប់ បង្ខំឲ្យបង់លុយ ទៅតាមតែអំពើចិត្ត របស់ពួកគេ ដែលករណីនេះ គេវាយតម្លៃ ថាលោក ចៅ ម៉េង កំពុងព្យាយាមតាមគ្រប់មធ្យោបាយ ក្នុងការប្រមូលលុយយកទៅស្រង់ដើម ព្រោះមុនពេលគាត់ឡើងតំណែង ជាមេនគរបាលសេដ្ឋកិច្ច ខេត្តព្រះសីហនុ ទំនងជាបានរត់ការ ចាយលុយច្រើនសន្ធឹកសន្ធាប់ផងដែរ។
នៅក្នុងខេត្តព្រះសីហនុ គឺជាចំណុចយុទ្ធសាស្ត្រ នៃការនាំចូលទំនិញគេចពន្ធ និងទំនិញខុសច្បាប់ មកពីគ្រប់ច្រកល្ហក ទាំងតាមផ្លូវទឹកនិងតាមផ្លូវគោក ហើយនៅតាមចំណុចសំខាន់ៗ ដែលមានការដឹកជញ្ជូនទំនិញឆ្លងកាត់ គេឃើញមន្ត្រីនគរបាលសេដ្ឋកិច្ច ក្រោមបញ្ជារបស់លោក ចៅ ម៉េង បានចុះទៅដាក់ប៉ុស្តិ៍ជជុះ យ៉ាងអនាធិបតេយ្យបំផុត ចាំរាប់ក្បាលឡានដឹកទំនិញយកលុយ។ ជាក់ស្តែងនៅចំណុច ក្បែរស្ថានីយ៍រថភ្លើង ទីដែលមានការដឹកជញ្ជូនទំនិញ មកពីផ្លូវសមុទ្រគេឃើញ នគរបាលសេដ្ឋកិច្ចរបស់លោក ចៅ ម៉េង បានដាក់តុប្រចាំការនៅទីនោះ ដើម្បីឲ្យរថយន្តដឹកទំនិញ ទាំងតូចទាំង ធំចូលបង់លុយ ហើយមានក្រុមចល័តផ្សេងទៀត ទៅឈរជើងនៅតាមផ្លូវ ជិតផែទំនប់រលកដើម្បី ចាំប្រមូលលុយដុំៗ ពីឈ្មួញធំៗតែម្តង។
សូម្បីតែការដឹកជញ្ជូនទំនិញ មកពីខេត្តកំពតនិងខេត្តកោះកុង ដែលត្រូវឆ្លងកាត់ទឹកដី ខេត្តព្រះសីហនុ មិនអាចគេចផុត ពីក្រសែភ្នែករបស់លោក ចៅ ម៉េង នោះទេ ហើយគេដឹងថា នៅតាមផ្លូវសំខាន់ៗ ទីដែលមានដាក់ប៉ុស្តិ៍ជជុះ គឺមន្ត្រីជំនិតរបស់លោក ចៅ ម៉េង បានឈរជើងនៅទីនោះ ហើយរូបភាពខ្លះក៏មានការជួលប្រជាពលរដ្ឋ ឬកូនក្មេងឲ្យចាំប្រមូលលុយ ពីរថយន្តដឹកជញ្ជូនទំនិញ ដើម្បីបិទបាំងរឿងអាស្រូវផងដែរ។ ក្រុមឈ្មួញរកស៊ី ដឹកជញ្ជូនទំនិញខុសច្បាប់ មួយចំនួនមកពីខេត្តកំពត បានរអ៊ូរទាំពីការគាបជំរិត កោសរូសឲ្យបង់លុយ ក្នុងកម្រិតខ្ពស់ពីសំណាក់ នគរបាលសេដ្ឋកិច្ចរបស់លោក ចៅ ម៉េង សឹងថារកប្រាក់ចំណេញមិនឃើញទេ។
ឃ្លាំងស្តុកទំនិញខុសច្បាប់ និងទំនិញគេចពន្ធ រាប់រយកន្លែង ដែលមានទីតាំង នៅក្នុងខេត្តព្រះសីហនុ គេសង្កេតឃើញលោក ចៅ ម៉េង ពង្រាយកូនចៅជំនិតៗរបស់ខ្លួន ឲ្យចុះទៅឃ្លាំមើលសកម្មភាព ដឹកជញ្ជូន លើកដាក់ទំនិញ បើមានភាពមិនប្រក្រតីណាមួយ គេសុំចុះត្រួតពិនិត្យលើកដាក់ទំនិញ នាំឲ្យខូចខាតបាក់បែក ឬខាតបង់ថ្លៃពលកម្ម។ ប៉ុន្តែសម្រាប់ម្ចាស់ឃ្លាំងទំនិញ មួយចំនួនដើម្បី ក៏សុខចិត្តបង់លុយប្រចាំខែ ឲ្យនគរបាលសេដ្ឋកិច្ច ខេត្តព្រះសីហនុ ក្រោមបញ្ជារបស់លោក ចៅ ម៉េង ដើម្បីកុំឲ្យមានការរំខាន។ ពោលគឺក្រោមការគ្រប់គ្រងរបស់លោក ចៅ ម៉េង នគរបាលសេដ្ឋកិច្ចខេត្តព្រះសីហនុ មិនទាន់មានស្នាដៃអ្វី ជាដុំកំភួនទេ គឺលោក ចៅ ម៉េង គិតតែពីការពង្រាយមន្ត្រីក្រោមឱវាទ ឲ្យចុះប្រមូលលុយពីគ្រប់ច្រកល្ហក ។
ក្រុមឈ្មួញរកស៊ីដឹកជញ្ជូន ទំនិញស្របច្បាប់មួយចំនួន ក៏បានរអ៊ូរទាំពីការកោសរូស ឲ្យបង់លុយដោយគ្មានការយោគយល់ ដែលនគរបាលសេដ្ឋកិច្ច របស់លោក ចៅ ម៉េង កំពុងអនុវត្តន៍នាពេលបច្ចុប្បន្ននេះ ព្រោះពួកគេត្រូវបង់ពន្ធនាំចូល តាមច្បាប់រួចរាល់អស់ហើយ បែរជារងគ្រោះត្រូវបង់លុយក្រោមតុ ឲ្យសមត្ថកិច្ចពាក់ព័ន្ធ ជាពិសេសនគរបាលសេដ្ឋកិច្ច របស់លោក ចៅ ម៉េង នាំឲ្យទំនិញដែលពួកគេ នាំចូលស្របច្បាប់លក់ចេញ នៅលើទីផ្សារ ក្នុងតម្លៃខ្ពស់ មិនអាចប្រកួតប្រជែងជាមួយ ឈ្មួញរកស៊ីនាំចូល ទំនិញគេចពន្ធបានទេ ហើយគេចង់ឃើញអគ្គស្នងការ នគរបាលជាតិ ពិនិត្យមើលភាពអសកម្ម និងអំពើពុករលួយរបស់លោក ចៅ ម៉េង ឡើងវិញផង ៕
Source from: watphnom-news.com