
ខេត្តកណ្តាល ៖ គេមិនដឹងថាការដឹកនាំ របស់លោក ម៉ឹង យូឡេង ជាប្រធានមន្ទីរសាធារណការខេត្តកណ្តាល ដែលឡើងជំនួសតំណែងលោក មាស សឿន របៀបណា នោះទេ ព្រោះនៅទូទាំងខេត្តកណ្តាល ដែលជាច្រកចេញចូលដ៏សំខាន់ នៃរាជធានីភ្នំពេញ គ្រប់ផ្លូវជាតិទាំងអស់មានជញ្ជីងថ្លឹង រថយន្តដាក់តាំងជាអចិន្ត្រៃយ៍ ប៉ុន្តែផ្លូវនៅទូទាំងខេត្តកណ្តាល មានការខូចខាតខ្លាំងជាងគេ។ ប្រជាពលរដ្ឋមួយចំនួនរិះគន់ថា ក្រោមការដឹកនាំរបស់លោក ម៉ឹង យូឡេង មានភាពអសកម្មនិងពុករលួយ បណ្តែតបណ្តោយឲ្យមន្ត្រី ដែលដេញថ្លៃប៉ុស្តិ៍ ក្នុងការដាក់ជញ្ជីង ថ្លឹងរថយន្តផ្ទុកលើសទម្ងន់ ប្រមូលលុយយកទៅច្រកហោប៉ៅផ្ទាល់ខ្លួន ហើយថវិកាដែលត្រូវយកទៅ ប្រើប្រាស់ជួសជុលផ្លូវ ទូទាំងខេត្តកណ្តាល ក៏មានទំហំច្រើនជាងគេបំផុត។
មន្ត្រីមន្ទីរសាធារណការ មួយចំនួនបានបង្ហើបឲ្យដឹងថា ក្រៅពីអំពើបក្ខពួកនិយមលោក ម៉ឹង យូឡេង បានចាត់តាំងមន្ត្រីជំនិតៗ របស់ខ្លួនឲ្យចុះប្រមូលលុយ ពីទីតាំងជញ្ជីងថ្លឹងរថយន្ត ក៏ដូចជាការិយាល័យចុះបញ្ជីយានយន្ត ដែលទីនោះមានការ បង្ខំឲ្យប្រជាពលរដ្ឋ មកធ្វើស្លាកលេខបង់លុយ លើសពីការកំណត់ ហើយក៏មានការលក់លេខការ៉េ លេខសាម និងលេខរៀង ក្នុងតម្លៃថ្លៃ យកប្រាក់ទៅច្រកហោប៉ៅចែកគ្នា ធ្វើមានធ្វើបានផ្ទាល់ខ្លួន។ កាលពីជំនាន់លោក មាស សឿន ដឹកនាំមន្ទីរសាធារណការខេត្តកណ្តាល ចេះចែករំលែកឲ្យមន្ត្រីតូចតាច គ្រប់ជាន់ថ្នាក់បានរស់ ប៉ុន្តែរហូតមកដល់សម័យលោក ម៉ឹង យូឡេង គេសង្កេតឃើញមន្ត្រីដែលគ្មានខ្សែទុយោ ឬមិនសូវស៊ីសង្វាក់ជាមួយលោក ម៉ឹង យូឡេង រកតែប្រាក់ចាក់សាំង ជិះម៉ូតូមកធ្វើការ ឬផឹកកាហ្វេសឹងមិនបានផង។
និយាយពីទីតាំងជញ្ជីងថ្លឹងរថយន្ត នៅក្នុងខេត្តកណ្តាល គឺមានច្រើនសន្ធឹកសន្ធាប់ គ្រប់ផ្លូវជាតិសំខាន់ៗចេញចូល រាជធានីភ្នំពេញទាំងអស់ ដូចជានៅចំណុចផ្លូវជាតិលេខ៥ មានទីតាំងក្បែរផ្សារឧដុង្គ ដែលនៅទីនោះមានការដឹកជញ្ជូន ទំនិញឆ្លងកាត់គគ្រឹកគគ្រេង ទាំងយប់ទាំងថ្ងៃ ទោះជាផ្ទុកលើសទម្ងន់ឬមិនលើសទម្ងន់ ក៏ត្រូវចូលបង់លុយថ្លៃក្បាលឡាន ឲ្យទីតាំងជញ្ជីងថ្លឹងរថយន្ត ចាប់ពី ១០ ម៉ឺនទៅ ១៥ ម៉ឺនរៀលហើយ សម្រាប់រថយន្តខ្សែ ដឹកទំនិញ ដឹកក្រួសថ្មខ្សាច់ សុទ្ធតែជាប់កាតព្វកិច្ចបង់លុយប្រចាំខែឲ្យក្រុមជញ្ជីង ថ្លឹងរថយន្តដើម្បីកុំឲ្យ មានការរំខាន។ នៅតាមបណ្តោយផ្លូវជាតិលេខ១ក៏មានការដាក់តាំងជញ្ជីងថ្លឹងរថយន្ត នៅចំណុចស្រុកកៀនស្វាយ ដែលនៅទីនោះសូម្បីតែ រថយន្តទួរីស ឬរថយន្តតាក់ស៊ី ក៏ត្រូវចូលបង់លុយឲ្យក្រុមជញ្ជីង ថ្លឹងរថយន្តផងដែរ។
គេមិនដឹងថាគោលការណ៍ ចុះដាក់ជញ្ជីងថ្លឹងរថយន្ត តាមដងផ្លូវជាតិលេខ១ ឡើងដុះស្លែទៅហើយនោះ ធ្វើអ្វីឲ្យច្បាស់លាស់នោះទេ ព្រោះរថយន្តដឹកជញ្ចូនលើសទម្ងន់តទ្រុង ខុសលក្ខណៈបច្ចេកទេស នៅតែមានឱកាសដឹកជញ្ជូនទំនិញ យ៉ាងអនាធិបតេយ្យបំផុត។ នៅចំណុចផ្លូវជាតិលេខ២១ ទីដែលមានការដឹកជញ្ជូន គ្រឿងសំណង់ ផលកសិកម្ម យ៉ាងគគ្រឹកគគ្រេងនោះ គេសង្កេតឃើញក្រុមជញ្ជីង ថ្លឹងរថយន្តបានដាក់ប៉ុស្តិ៍ជាអចិន្ត្រៃយ៍ ប៉ុន្តែមិនដែលមានការបង្ការ បង្ក្រាបទប់ស្កាត់សកម្មភាព ដឹកជញ្ជូនលើស ទម្ងន់ឲ្យមានប្រសិទ្ធភាព ម្តងណាឡើយគឺក្រុមជញ្ជីងថ្លឹងរថយន្ត នៅតាមផ្លូវជាតិលេខ២១ បានត្រឹមតែកំណត់ឲ្យក្រុមអ្នកដឹកទំនិញ លើសទម្ងន់ចូលបង់លុយ ថ្លៃក្បាលឡានចាប់ពី ១០ ដល់ ៤០ ម៉ឺនរៀល។
ទោះបីជាមានជញ្ជីងថ្លឹងរថយន្ត ប្រចាំការឡើងដុះស្លែ ទៅហើយក៏ដោយ ប៉ុន្តែការដឹកជញ្ជូន លើសទម្ងន់បានបំផ្លាញផ្លូវស្ពាន នៅចំណុច ផ្លូវជាតិលេខ២១សឹងគ្រប់កន្លែងទាំងអស់ ហើយមួយឆ្នាំៗលោក ម៉ឹង យូឡេង បានរៀបគម្រោង ស្នើសុំថវិកាជាតិ សម្រាប់ស្តារនិងជួសជុល ផ្លូវជាតិលេខ២១ នេះ យ៉ាងខ្ជីខ្ជាបំផុត ដែលសូម្បីតែក្រុមការងារ អន្តរក្រសួងចុះវាយតម្លៃ ពីផលប៉ះពាល់ដើម្បីស្តារ ផ្លូវជាតិលេខ២១ឡើងវិញ ក្រោមជំនួយរបស់ចិន ក៏លោក ម៉ឹង យូឡេង នៅតែរកឱកាសស្នើសុំថវិកា សម្រាប់ជួសជុលផ្លូវយ៉ាងខ្ជីខ្ជាផងដែរ។ នៅតាមផ្លូវជាតិលេខ២ និងលេខ៣ ទីដែលមានរថយន្ត ដឹកក្រួស ថ្ម ខ្សាច់ ផ្ទុកចាប់ពី ៨០ តោនឡើងតោន យ៉ាងគគ្រឹកគគ្រេង ក៏មានជញ្ជីងថ្លឹងរថយន្តចំនួន២កន្លែង គឺចាំតែរាប់ក្បាលឡានយកលុយប៉ុណ្ណោះ។
ភាពអសកម្មរបស់លោក ម៉ឹង យូឡេង ដែលបន្តរក្សាទុកទីតាំង ជញ្ជីងថ្លឹងរថយន្តផ្ទុកលើសទម្ងន់ ឲ្យ ប្រមូលប្រាក់យកទៅ ច្រកហោប៉ៅផ្ទាល់ខ្លួន ផ្ទុយពីគោលការណ៍របស់ ក្រសួងសាធារណការ និងដឹកជញ្ជូនជាគំរូអាក្រក់បំផុត នៃការបំផ្លាញចំណូលថវិកាជាតិ តាមរយៈការលើកគម្រោង ជួសជុលផ្លូវជាប់ជាប្រចាំ ប៉ុន្តែមានការធូររលុង ឲ្យរថយន្តដឹកជញ្ជូនលើសទម្ងន់ បើកបរឆ្លងកាត់ ដោយគ្រាន់តែបង់លុយថ្លៃក្បាលឡាន ជូនក្រុមជញ្ជីងជញ្ជីងថ្លឹងរថយន្ត តែប៉ុណ្ណោះ។ លោក ត្រាំ អ៊ីវតឹក ជារដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនគួរតែ ពិនិត្យមើលឡើងវិញ ពីភាពអសកម្មរបស់លោក ម៉ឹង យូឡេង ហើយក្នុងករណីចាំបាច់ គួរតែលុបបំបាត់ការដាក់ជញ្ជីង ថ្លឹងរថយន្តជាអចិន្ត្រៃយ៍ នៅតាមដងផ្លូវជាតិក្នុងខេត្តកណ្តាល ដែលផ្ទុយពីគោលការណ៍ ណែនាំរបស់ថ្នាក់លើ៕
Source from: watphnom-news.com
No comments:
Post a Comment