
ខេត្តស្វាយរៀង ៖ បុរសម្នាក់បានរងរបួសធ្ងន់ធ្ងរ ឈាមហូរស្រោចពេញផ្ទៃមុខ ដោយសារតែត្រូវជនទំនើងក្នុងភូមិម្នាក់ស្ទាក់កាប់ប្រហារ៣កាំបិត កាលពីវេលាម៉ោង៣រសៀល ថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣ ស្ថិតនៅក្នុងភូមិឈូកស ឃុំឈើទាល ស្រុកស្វាយជ្រំ។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ មានឈ្មោះ អេង ពន្លក អាយុ២៥ឆ្នាំ មានទីលំនៅភូមិ-ឃុំកើតហេតុខាងលើ ប៉ុន្តែបានចាកចេញពីស្រុកកំណើតទៅធ្វើជាកម្មករនៅខេត្តស្ទឹងត្រែង។ ចំណែកជនបង្កមានឈ្មោះ ហែម សារុន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅត្រង់ចំណុចកើតហេតុខាងលើ។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះបានត្រឡប់មកលេងស្រុកកំណើតក្នុងឱកាសភ្ជុំបិណ្ឌ ហើយបានអង្គុយផឹកស៊ីជុំគ្នាជាមួយបងប្អូនតាំងពីវេលាម៉ោង ១១ថ្ងៃត្រង់ រហូតដល់វេលាម៉ោង៣រសៀល។ បន្ទាប់ពីផឹកស្រវឹង ជនរងគ្រោះបានជិះម៉ូតូទៅទិញបារី នៅកន្លែងលក់ចាហ៊ួយ ខណៈពេលដែលកំពុងតែជិះតាមផ្លូវ ស្រាប់តែត្រូវជនសង្ស័យចេញមកស្ទាក់ពីមុខម៉ូតូ រួចកាប់ជនរងគ្រោះចំនួន៣កាំបិត ១កាំបិតចំក្បាលលើសៀតផ្កាមុតផុងលលាដ៏ ២កាំបិតចំម្រាមដៃឆ្វេងស្ទើរដាច់ឈាមហូរស្រោចផ្ទៃមុខ ខណៈនោះជនរងគ្រោះបានផ្តួលម៉ូតូ រួចស្រែកឆោឡោផ្អើលដល់អ្នកជិតខាង និងសមត្ថកិច្ច ធ្វើការឡោមព័ទ្ធដេញព័ទ្ធចាប់ខ្លួនជនបង្កបានភ្លាមៗ។
នៅចំពោះមុខសមត្ថកិច្ច ជនបង្កបានឲ្យដឹងថា រូបគេនិងជនរងគ្រោះគ្មានគំនុំអ្វីនឹងគ្នាពីមុននោះទេ មូលហេតុដែលគេកាប់ជនរងគ្រោះ ព្រោះតែមិនដែលឃើញជនរងគ្រោះមករស់នៅក្នុងស្រុក ហើយមកអង្គុយផឹកស៊ីស្រែកឡូឡាឌឺខ្លាំងពេក ទើបគេកាប់ជនរងគ្រោះដូច្នេះ។
បន្ទាប់ពីកើតហេតុ ជនរងគ្រោះ ត្រូវបានគេបញ្ជូនយកទៅធ្វើការសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ ចំណែកជនសង្ស័យត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនខ្លួនទៅកាន់តុលាការចាត់ការទៅតាមនីតិវិធីច្បាប់៕
Source from: watphnom-news.com
No comments:
Post a Comment