
ស្ត្រីចំណាស់អាយុ៦៥ឆ្នាំ មានមុខរបរជាមេផ្ទះម្នាក់ឈ្មោះ Du Xiulan ត្រូវបានទទួលរងការប្រើអំពើហិង្សាពីសំណាក់អ្នកជិតខាងរបស់គាត់ដោយការអូសទាញច្រងាប់ច្រងិល បោចសក់ ទាត់ធាក់ ព្រមទាំងវាយសំពងលើក្បាលសឹងចំនួនរាប់ភ្លេចនឹងកំប៉ុងជើងធូបនិងកៅអី បណ្តាលឲ្យមានរបួសយ៉ាងធ្ងន់ធ្ងរ។
អំពើហិង្សាដ៏គួរឲ្យភ្ញាក់ផ្អើលមួយនេះ បានកើតមានឡើងកាលពីវេលាម៉ោងប្រមាណ១០ព្រឹកនាថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៣ នៅវិថីChai Chee ប្រទេសសិង្ហបុរី ដែលរូបភាពនៃអំពើហិង្សានោះត្រូវបានចាប់ដោយCCTV កាមេរ៉ា។
ក្រោយកើតមានអំពើហិង្សាដែលបានបង្កឲ្យមានរបួសភ្លាមៗ អ្នកស្រី Du Xiulan ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យChangi ខណៈដែលជនរងគ្រោះបានទទួលរងរបួសជាច្រើនកន្លែងដូចជាក្បាល ដងខ្លួន ព្រមទាំងដៃជើងយ៉ាងធ្ងន់ធ្ងរ។
អ្នកស្រីMaggie Goh ត្រូវជាកូនប្រសាស្រីរបស់ជនរងគ្រោះបានបញ្ជាក់ឲ្យដឹងថា ម្តាយក្មេករបស់នាងដែលមានជំងឺមហារីកពោះវៀនធំជាង២០មកហើយស្រាប់នោះបានវិលត្រឡប់ពីផ្សារមកផ្ទះវិញ គាប់ជួនអ្នករស់នៅជិតខាងគ្នាមិនដឹងក្រពុលមុខនឹងរឿងអ្វីមួយ ក៏ស្រាប់តែប្រើអំពើហិង្សាគ្រប់រូបភាពមកលើម្តាយក្មេកនាងតែម្តង ទោះបីម្តាយក្មេកនាងបានសំពះអង្វរករដល់អ្នកជិតខាងនោះយ៉ាងណាក៏ដោយ ប៉ុន្តែសំណាងល្អបានសមត្ថកិច្ចប៉ូលិសមកជួយអន្តរាគមន៍ទាន់ពេលវេលាទើបបានរស់រានមានជីវិត។
សមត្ថកិច្ចប៉ូលិសបានបញ្ជាក់ឲ្យដឹងថា ស្ត្រីម្នាក់អាយុប្រមាណ៤០ឆ្នាំដែលប្រើអំពើហិង្សាយ៉ាងសាហាវទៅលើស្ត្រីចំណាស់អាយុ៦៥ឆ្នាំនោះ ត្រូវបានចាប់ខ្លួនហើយ។
នេះគឺជារូបភាពនៃអំពើហិង្សាដ៏គួរឲ្យភ្ញាក់ផ្អើលមួយកើតមាននៅក្នុងប្រទេសសិង្ហបុរី ដែលជាប្រទេសមួយមានច្បាប់ទម្លាប់តឹងរ៉ឹងនិងជាប្រទេសមានអំណាចសេដ្ឋកិច្ចជាខ្លានៅអាស៊ី។សូមកុំឲ្យអំពើហិង្សាបែបនេះ កើតមាននៅក្នុងប្រទេសកម្ពុជាយើងឲ្យសោះ៕
Source from: www.dtn7.com