
មេធាវីដែលកំពុងប្រកបវិជ្ជាជីវៈភាគច្រើនបានរអ៊ូររទាំថា មានការលំបាកធ្វើការជាមួយមន្ត្រីជំនាញសុរិយោដី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ ដែលមានលោក ឆាយ ឫទ្ធិសែន ជាប្រធាន ដោយមន្ត្រីទាំងនោះតែងបដិសេធក្នុងការទទួលពាក្យបណ្តឹងឬពាក្យសុំនានារបស់មេធាវីតំណាងដោយអាណត្តិឲ្យកូនក្តីរបស់ខ្លួន ដ្បិតក្រុមមន្ត្រីបានលើកហេតុផលថា «មេធាវីគ្មានសិទ្ធិដាក់ពាក្យសុំឬពាក្យប្តឹងមកមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីទេ»។
ជាក់ស្តែង កាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៣ កន្លងមក លោកមេធាវី ប៊ុត កែវកុលរ័ក្ខ បានធ្វើលិខិតផ្លូវការមួយច្បាប់រាយការណ៍ជូនមកគណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា រៀបរាប់ឲ្យដឹងថា «លោកមានការលំបាក ក្នុងការទទួលបានសេវាសាធារណៈរបស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដី រាជធានីភ្នំពេញ នៅពេលដាក់ពាក្យសុំលិខិតបញ្ជាក់ព័ត៌មានសុរិយោដី ពាក់ព័ន្ធនឹងការផ្ទេរកម្មសិទ្ធិរបស់ម្ចាស់អចលនវត្ថុ ដែលមានមេធាវីជាតំណាងដោយអាណត្តិ»។
បន្ទាប់ពីទទួលបានរបាយការណ៍របស់លោកមេធាវី ប៊ុត កែវកុលរ័ក្ខ រួចមក ឯកឧត្តមមេធាវី ប៊ុន ហុន ប្រធានគណៈមេធាវី និងជាសមាជិកក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្ត្រីអាណត្តិទី៤ បានធ្វើលិខិតផ្លូវការមួយច្បាប់ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៣ គោរពជូន ឯកឧត្តម អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្នើសុំឲ្យមានការជួយអន្តរាគមន៍ ចាប់វិធានការយ៉ាងណា ឲ្យមន្ត្រីសុរិយោដីគ្រប់ជាន់ថ្នាក់ ទូទាំងព្រះរាជាណាចក្រកម្ពុជា ផ្តល់កិច្ចសហការចំពោះការស្នើសុំទាំងឡាយរបស់មេធាវី ដែលតំណាងសិទ្ធិឲ្យកូនក្តីតាមនីតិវិធីជាធរមានស្របតាមគោលនយោបាយកំណែទម្រង់របស់រាជរដ្ឋាភិបាល។
មជ្ឈដ្ឋានអ្នកច្បាប់ បានលើកឡើងថា អនុលោមតាមច្បាប់ស្តីពីលក្ខន្តិកៈមេធាវី គឺមេធាវីមិនមែនត្រឹមតែអាចតំណាង ឬការពារកូនក្តីនៅចំពោះមុខតុលាការប៉ុណ្ណោះទេ មេធាវីអាចតំណាង ឬការពារកូនក្តីលើគ្រប់ករណីទាំងអស់តាមការពឹងពាក់ ឬប្រគល់សិទ្ធិពីកូនក្តីនៅតាមសាលាជម្រះក្តី និងតាមស្ថាប័នមានសមត្ថកិច្ចនានា។ ប៉ុន្តែ ការណ៍ដែលមន្ត្រីជំនាញសុរិយោដីបម្រើការងារនៅមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី រាជធានីភ្នំពេញ មិនចង់ផ្តល់កិច្ចសហការជាមួយមេធាវីនោះ ទំនងមកពីក្រុមមន្ត្រីមានចេតនាលាក់លៀមនូវរបៀបរបបធ្វើការប្រឡាំប្រកូវ និងអសមត្ថភាពរបស់លោកប្រធានមន្ទីរ ឆាយ ឫទ្ធិសែន តែម្តង៕
Source from: www.dtn7.com