អ្នកច្បាប់​រិះគន់​មន្ត្រី​សុរិយោដី​រាជធានី​ភ្នំពេញ​ថា មាន​ចរិត​លាក់លៀម​មិន​ចង់​ផ្តល់​កិច្ចសហការ​ជាមួយ​មេធាវី​

មេធាវី​ដែល​កំពុង​ប្រកប​វិជ្ជាជីវៈ​ភាគច្រើន​បាន​រអ៊ូរ​រទាំ​ថាមានការ​លំបាក​ធ្វើការ​ជាមួយ​មន្ត្រី​ជំនាញ​សុរិយោដីនៃ​មន្ទីរ​រៀបចំ​ដែនដីនគរូបនីយកម្មសំណង់និង​សុរិយោដីរាជធានី​ភ្នំពេញ

មេធាវី​ដែល​កំពុង​ប្រកប​វិជ្ជាជីវៈ​ភាគច្រើន​បាន​រអ៊ូរ​រទាំ​ថា មានការ​លំបាក​ធ្វើការ​ជាមួយ​មន្ត្រី​ជំនាញ​សុរិយោដី នៃ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ ដែលមាន​លោក ឆាយ ឫទ្ធិ​សែន ជា​ប្រធាន ដោយ​មន្ត្រី​ទាំងនោះ​តែង​បដិសេធ​ក្នុង​ការទទួល​ពាក្យបណ្តឹង​ឬ​ពាក្យសុំ​នានា​របស់​មេធាវី​តំណាង​ដោយ​អាណត្តិ​ឲ្យ​កូនក្តី​របស់ខ្លួន  ដ្បិត​ក្រុមមន្ត្រី​បាន​លើក​ហេតុផល​ថា «​មេធាវី​គ្មាន​សិទ្ធិ​ដាក់​ពាក្យសុំ​ឬ​ពាក្យ​ប្តឹង​មក​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ទេ​»​។​

​ជាក់ស្តែង កាលពី​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៣ កន្លងមក លោក​មេធាវី ប៊ុត កែវ​កុល​រ័​ក្ខ បានធ្វើ​លិខិតផ្លូវការ​មួយច្បាប់​រាយការណ៍​ជូន​មក​គណៈមេធាវី នៃ​ព្រះរាជាណាចក្រ​កម្ពុជា រៀបរាប់​ឲ្យ​ដឹងថា «​លោក​មានការ​លំបាក ក្នុងការ​ទទួលបាន​សេវាសាធារណៈ​របស់​មន្ទី​រ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់​និង​សុរិយោដី រាជធានី​ភ្នំពេញ នៅពេល​ដាក់​ពាក្យសុំ​លិខិតបញ្ជាក់​ព័ត៌មាន​សុរិយោដី ពាក់ព័ន្ធ​នឹង​ការផ្ទេរកម្មសិទ្ធិ​របស់​ម្ចាស់​អចលនវត្ថុ ដែលមាន​មេធាវី​ជា​តំណាង​ដោយ​អាណត្តិ​»​។​

​បន្ទាប់ពី​ទទួលបាន​របាយការណ៍​របស់លោក​មេធាវី ប៊ុត កែវ​កុល​រ័​ក្ខ រួចមក ឯកឧត្តម​មេធាវី ប៊ុន ហុន ប្រធាន​គណៈមេធាវី និង​ជា​សមាជិក​ក្រុមប្រឹក្សា​អ្នកច្បាប់​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​អាណត្តិ​ទី​៤ បានធ្វើ​លិខិតផ្លូវការ​មួយច្បាប់ ចុះ​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៣ គោរព​ជូន ឯកឧត្តម អ៊ឹម ឈុនលឹម ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ ស្នើសុំ​ឲ្យ​មានការ​ជួយ​អន្តរាគមន៍ ចាប់​វិធានការ​យ៉ាងណា ឲ្យ​មន្ត្រី​សុរិយោដី​គ្រប់​ជាន់ថ្នាក់ ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា ផ្តល់​កិច្ចសហការ​ចំពោះ​ការស្នើសុំ​ទាំងឡាយ​របស់​មេធាវី ដែល​តំណាង​សិទ្ធិ​ឲ្យ​កូនក្តី​តាម​នីតិវិធី​ជា​ធរមាន​ស្របតាម​គោលនយោបាយ​កំណែទម្រង់​របស់​រាជរ​ដ្ឋា​ភិ​បាល​។​

​មជ្ឈដ្ឋាន​អ្នកច្បាប់ បាន​លើកឡើងថា អនុលោម​តាមច្បាប់​ស្តីពី​លក្ខន្តិកៈ​មេធាវី គឺ​មេធាវី​មិនមែន​ត្រឹមតែ​អាច​តំណាង ឬ​ការពារ​កូនក្តី​នៅ​ចំពោះមុខ​តុលាការ​ប៉ុណ្ណោះ​ទេ មេធាវី​អាច​តំណាង ឬ​ការពារ​កូនក្តី​លើ​គ្រប់​ករណី​ទាំងអស់​តាម​ការ​ពឹងពាក់ ឬ​ប្រគល់​សិទ្ធិ​ពី​កូនក្តី​នៅតាម​សាលាជម្រះក្តី និង​តាម​ស្ថាប័ន​មាន​សមត្ថកិច្ច​នានា​។ ប៉ុន្តែ ការណ៍​ដែល​មន្ត្រី​ជំនាញ​សុរិយោដី​បម្រើ​ការងារ​នៅ​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី រាជធានី​ភ្នំពេញ មិន​ចង់​ផ្តល់​កិច្ចសហការ​ជាមួយ​មេធាវី​នោះ ទំនង​មកពី​ក្រុមមន្ត្រី​មាន​ចេតនា​លាក់លៀម​នូវ​របៀបរបប​ធ្វើការ​ប្រឡាំប្រកូវ និង​អសមត្ថភាព​របស់លោក​ប្រធាន​មន្ទីរ ឆាយ ឫទ្ធិ​សែន តែម្តង​៕​

160000


Source from: www.dtn7.com

No comments:

Post a Comment