
រាជធានីភ្នំពេញ ៖ មានហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងកាលពីវេលាម៉ោង ៥និង ២០នាទីល្ងាចថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣ ដែលបង្កឡើងដោយម៉ូតូមួយគ្រឿង បានជិះជ្រុលទៅបុករថយន្តម៉ាក សាំយ៉ុងពេញទំហឹង នៅចំណុចជិតផ្លូវរថភ្លើង ក្នុងភូមិកន្ទោកខាងជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ បណ្តាលឲ្យយុវជន២នាក់រងរបួសធ្ងន់។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំង២នាក់ខាងលើនេះមានឈ្មោះ ឆន រាជ អាយុ ២១ឆ្នាំ ជាអ្នកបើកបរ និងរួមដំណើរដោយបុរសម្នាក់ទៀតឈ្មោះ រិន រតនា អាយុ ២០ឆ្នាំ។ ពួកគេទាំង២នាក់មានទីលំនៅក្នុងភូមិព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល។
ប្រភពដដែលបានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុគេបានឃើញជនរងគ្រោះទាំង២នាក់ បានជិះម៉ូតូមួយគ្រឿងម៉ាក សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្តាល 2L-0357 ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិច។ ខណៈពេលធ្វើដំណើរមកដល់ចំណុចក្បែរផ្លូវរថភ្លើង ស្រាប់តែមានរថយន្តសាំងយ៉ុង ១គ្រឿង ពណ៌ស អត់ចាំស្លាកលេខ ធ្វើដំណើរពីកើតមកឆ្លងផ្លូវ ធ្វើឲ្យម៉ូតូចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលទៅបុកចំពេញទំហឹងតែម្តង។ ក្រោយពេលបង្កហេតុ រថយន្តបង្កខាងលើ បានបន្ថែមល្បឿនដើម្បីបើករត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុជនរងគ្រោះត្រូវបានគេបញ្ជូនយកទៅធ្វើការសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យ ព្រះកុសមៈ ហៅពេទ្យលោកសង្ឃ ។ ចំណែកម៉ូតូរបស់ជនរងគ្រោះ ត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកជាបណ្តោះអាសន្នដើម្បីរង់ចាំធ្វើការដោះស្រាយនៅពេលក្រោយ៕
Source from: watphnom-news.com