
មានព័ស្តុតាងយ៉ាងច្រើនបង្ហាញឲ្យឃើញថា ច្បាប់នៅកម្ពុជាឋិតនៅលើបបូរមាត់និងការសម្រេចរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន រហស្សនាម"បុរសខ្លាំង" អនុប្រធានគណបក្សប្រជាជនកម្ពុជាដ៏មានឥទ្ធិពល និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាទី២រយៈពេល២០ឆ្នាំកន្លងទៅ ជាហេតុធ្វើឲ្យអំណាចរដ្ឋទាំងមូលធ្លាក់មកលើបុរសខ្លាំងតែម្នាក់ប៉ុណ្ណោះ ទោះបីរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលនៃព្រះរាជាណាចក្រកម្ពុជាបានចែងបញ្ញត្តិឲ្យមានការបែងចែកដាច់ពីគ្នា រវាងអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការក៏ដោយ ហើយត្រូវបានមជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គមហៅ "ព្រះរាជាណាចក្រកម្ពុជា"ថាជា"ព្រះរាជាណាចក្រហ៊ុន សែន"ទៀតផង ។
នៅពេលនេះ គេហទំព័រសារព័ត៌មានដើមត្នោតសូមលើកយកព័ស្តុតាងមួយចំនួន ដែលឆ្លុះបញ្ចាំងឲ្យឃើញអំពីអំណាចដ៏មហិមារបស់បុរសខ្លាំង រហូតដល់មានឥទ្ធិពលធំជាងច្បាប់ ដូចខាងក្រោម ៖
១-ទីតាំងឈាបនដ្ឋានវត្តពោធិ៍ព្រឹក្ស ហៅវត្តខ្ទរ ទំហំប្រមាណ៣ហិកតា ត្រូវបានរាជរដ្ឋាភិបាល ក្រោមការលើកយោបល់របស់ក្រសួងធម្មការនិងសាសនា សម្រេចធ្វើការផ្លាស់ប្តូរទៅទីតាំងថ្មី ឋិតនៅចំណុចស្ពានទី៥ សង្កាត់ព្រែកលៀប ខណ្ឌឫស្សីកែវ ដែលមានចម្ងាយឆ្ងាយជាងមុន ដោយទីតាំងចាស់ប្រគល់ឲ្យក្រុមហ៊ុន អេង កាំង ឌីវេឡុបមេន ខបភើរេសិន អភិវឌ្ឍន៍ជាមជ្ឈមណ្ឌលពាណិជ្ជកម្ម តាមស្មារតីលិខិតលេខ៤៤៥សជណ ចុះថ្ងៃទី២៥ ខែមេសា ឆ្នាំ២០១២ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។
ក្រោយពីមានការតវ៉ារបស់ក្រុមប្រជាពលរដ្ឋ និងពុទ្ធបរិស័ទចំណុះជើងវត្តខ្ទរយ៉ាងគគ្រឹកគគ្រេងនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៣កន្លងមក ដោយបិទការធ្វើចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៦មួយរយៈ និងដុតកម្ទេចគ្រឿងចក្រអេស្កាវ៉ាទ័រ ព្រមទាំងទុយោបូមខ្សាច់របស់ក្រុមហ៊ុនអេង កាំង ផងនោះ ទើបធ្វើឲ្យរាជរដ្ឋាភិបាលផ្លាស់ប្តូរជំហរសាជាថ្មីយ៉ាងប្រញាប់ប្រញាល់ ដោយសម្រេចលុបចោលគោលការផ្លាស់ប្តូរទីតាំងឈាបនដ្ឋានវត្តពោធិ៍ព្រឹក្ស ហៅវត្តខ្ទរ ឲ្យទៅក្រុមហ៊ុនអេង កាំង ហើយរក្សាទុកទីតាំងចាស់ដដែលវិញ តាមស្មារតីលិខិតលេខ១៩០៥សជណ ចុះថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។
មជ្ឈដ្ឋានអ្នកច្បាប់ឯករាជ្យ បានធ្វើការរិះគន់ថា នេះគឺជាការសម្រេចត្រឡប់ត្រឡិនម្តងអ៊ីចេះ ម្តងអ៊ីចុះតាមការនឹកឃើញ គ្មានការពិនិត្យពិចារណាឲ្យបានច្បាស់លាស់ ល្អិតល្អន់ជាងមុន ធ្វើឲ្យក្រុមហ៊ុនអេង កាំង ក៏ទទួលរងការខាតបង់ ប្រជាពលរដ្ឋក៏ទទួលអារម្មណ៍ធុញទ្រាន់ រីឯអ្នកទទួលផលចំណេញ គឺក្រុមមន្ត្រីពុករលួយដែលសមគំនិតគ្នាធ្វើការដោះដូរដីឈាបនដ្ឋានវត្តខ្ទរកន្លងមក ហើយក៏បានឆ្លុះបញ្ចាំងឲ្យឃើញនូវការសម្រេចដូរឬមិនដូរ លុបចោលឬមិនលុបចោលគោលការចាស់ស្រេចលើបុរសខ្លាំង ទោះចង់សម្រេចទាំងថ្ងៃអាទិត្យជាថ្ងៃឈប់សម្រាកពីការងារក៏បានដែរ ។
២-ករណីវិវាទការងាររវាងក្រុមកម្មករ កម្មការិនីតំណាងដោយសហជីពស៊ីខាវឌូប្រចាំរោងចក្រអេសអិល និងថៅកែរោងចក្រ SL Garment Processing (Cambodia) Ltd. ជាជនជាតិសិង្ហបុរី មានទីតាំងឋិតនៅអគារលេខ៦១៥ ផ្លូវលេខ៣៧១ ភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលអូសបន្លាយពេលវេលារ៉ាំរ៉ៃអស់ចំនួនជាង៣ខែមកហើយនោះ មានសំណុំរឿងនៅនាយកដ្ឋានវិវាទការងារនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈផង នៅក្រុមប្រឹក្សាអាជ្ញាកណ្តាលផង នៅគណៈកម្មការសម្រាប់ដោះស្រាយបញ្ហាកូដកម្ម បាតុកម្មនៅតាមគ្រប់មុខសញ្ញា "គ.ក.ប" ផង និងនៅស្ថាប័នតុលាការផង ប៉ុន្តែនៅតែដោះស្រាយមិនចេញលទ្ធផលផ្លែផ្កាអ្វីទាល់តែសោះ ខណៈឃើញមានតែកម្មករធ្វើកូដកម្មប្រកបដោយអំពើហិង្សាឥតឈប់ឈរ ហើយស្របពេលដែលថៅកែរោងចក្រប្រកាសថា ក្នុងរយៈពេលប្រមាណ៣ខែដែលក្រុមកម្មករនាំគ្នាធ្វើកូដកម្ម មិនធ្វើការងារ គឺធ្វើឲ្យក្រុមហ៊ុនអេសអិលខាតបង់ប្រាក់អស់ចំនួនជាង១៥លានដុល្លារអាមេរិក ។
ក្រោយមក ក្រុមកម្មកររោងចក្រអេសអិលនាំគ្នាដង្ហែក្បួនបាតុកម្មឆ្ពោះទៅកាន់ភូមិគ្រឹះនាយករដ្ឋមន្ត្រី ឲ្យជួយអន្តរាគមន៍ដោះស្រាយ ក៏ត្រូវបានបង្ក្រាបដោយកងកម្លាំងសមត្ថកិច្ចប្រដាប់អាវុធចម្រុះយ៉ាងសាហាវ នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៣ ត្រង់ចំណុចមុខវត្តស្ទឹងមានជ័យ បណ្តាលឲ្យមានមនុស្សស្លាប់ និងរងរបួសគួរឲ្យខ្លោចផ្សា និងនឹកស្មានមិនដល់ ។
បន្ទាប់ពីមានមនុស្សស្លាប់ និងរងរបួសក្នុងព្រឹត្តិការណ៍បង្ក្រាបបាតុកម្មរបស់កម្មកររោងចក្រអេសអិលនោះ រាជរដ្ឋាភិបាលបានសម្រេចបង្គាប់បញ្ជាឲ្យក្រុមហ៊ុនអេសអិល ទទួលយកតំណាងកម្មករចំនួន១៩នាក់ឲ្យចូលធ្វើការវិញ ដើម្បីបញ្ចប់វិវាទ និងក្នុងករណីក្រុមហ៊ុនរឹងរូស ត្រូវចាត់វិធានការតាមនីតិវិធីតុលាការ តាមស្មារតីលិខិតលេខ១៨៦៣សជណ.អវ ចុះថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី ។
មជ្ឈដ្ឋានអ្នកច្បាប់មានលើកឡើងថា ករណីវិវាទការងារនៅរោងចក្រអេសអិល មិនត្រូវបានដោះស្រាយតាមនីតិវិធីនៃច្បាប់ ដូចមានចែងនៅក្នុងច្បាប់ស្តីពីការងារនោះទេ គឺបែរជាយកមកដោះស្រាយនៅក្រោមឥទ្ធិពលអំណាចរបស់នាយករដ្ឋមន្ត្រីទៅវិញ ជាហេតុធ្វើឲ្យវិនិយោគិនផ្នែកវាយនភ័ណ្ឌកាត់ដេរនៅកម្ពុជាបាត់បង់ជំនឿលើប្រព័ន្ធច្បាប់កម្ពុជា ដោយសារច្បាប់ឋិតនៅលើមាត់ និងការសម្រេចរបស់នាយករដ្ឋមន្ត្រីតែម្នាក់ ។
៣-រឿងរ៉ាវវិវាទដីធ្លីរវាងលោកឧកញ៉ា ជៀម ផែន ថៅកែក្រុមហ៊ុនស្រាបៀរលីអូ ជាមួយក្រុមប្រជាពលរដ្ឋចំនួន៤៩គ្រួសារ ឋិតនៅភូមិកែវផុស ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ "អតីតឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង" ដែលមានរយៈពេលរ៉ាំរ៉ៃអស់ជាង៧ឆ្នាំ ធ្វើឲ្យអ្នកភូមិខ្លះជាប់គុកច្រវាក់ និងអ្នកភូមិខ្លះទៀតរត់ចោលលំនៅឋាន ព្រោះខ្លាចអាជ្ញាធរចាប់ខ្លួនតាមដីកាបង្គាប់របស់តុលាការ ត្រូវបានរាជរដ្ឋាភិបាលសម្រេចសាចុះសាឡើងត្រឡប់ត្រឡិនរហូតដល់ទៅចំនួន៧លើក ដោយម្តងប្រគល់ដីទំនាស់ឲ្យទៅក្រុមប្រជាពលររដ្ឋ និងម្តងទៀតប្រគល់ដីទំនាស់ឲយទោះលោកឧកញ៉ា ជៀម ផែន វិញ ទោះបីករណីវិវាទដីធ្លីនេះត្រូវបានស្ថាប័នតុលាការដោះស្រាយសម្រេចចេញជាសាលក្រមរួចហើយក៏ដោយ ។
នៅទីបំផុត សំណុំរឿងវិវាទដីធ្លីដ៏រ៉ាំរ៉ៃនេះ ត្រូវបានវះកាត់បញ្ចប់ដោយបុរសខ្លាំង តាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ១២សសរ ចុះថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៣ និងស្មារតីលិខិតលេខ៤៩៦សជណ ចុះថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១៣ របស់ទីស្តីការគណៈរដ្ឋមន្ត្រី គឺសម្រេច ប្រគល់ដីទំនាស់ឲ្យទៅក្រុមប្រជាពលរដ្ឋគ្រប់គ្រងកាន់កាប់ជាកម្មសិទ្ធិ ។
មជ្ឈដ្ឋានអ្នកច្បាប់បានលើកឡើងថា ក្នុងរឿងវិវាទដីធ្លីនេះ ថ្វីដ្បិតក្រុមប្រជាពលរដ្ឋទទួលបានយុត្តិធម៌វិញក៏ដោយ ប៉ុន្តែការសម្រេចសាចុះសាឡើងច្រើនដងកន្លងមក ក៏បានធ្វើឲ្យក្រុមប្រជាពលរដ្ឋរងទុក្ខវេទនាអស់រយៈពេលជាង៧ឆ្នាំ និង៏បានធ្វើឲ្យលោកឧកញ៉ា ជៀម ផែន ទទួលរងការខាតបង់ តាមការចំណាយលុយកាក់ទៅក្រុមមន្ត្រីពុករលួយក្នុងសាច់រឿងជាហូរហែ ។
ទាំងនេះ គឺជាព័ស្តុតាងមួយចំនួនដែលឆ្លុះបញ្ចាំងឲ្យឃើញថា ច្បាប់នៅកម្ពុជាឋិតនៅលើបបូរមាត់ និងការសម្រេចរបស់បុរសខ្លាំងតែម្នាក់គត់ប៉ុណ្ណោះ ក្រោមរូបភាពនៃការប្រមូលផ្តុំអំណាចឲ្យឋិតលើមនុស្សតែម្នាក់ ផ្ទុយនឹងរដ្ឋធម្មនុញ្ញ ហើយដែលអាចនាំឲ្យប្រទេសជាតិ និងប្រជាពលរដ្ឋ ប្រឈមនឹងគ្រោះថ្នាក់បំផុត ៕
Source from: www.dtn7.com
No comments:
Post a Comment