
ពិធីមង្គលការមួយនៅភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ វេលាម៉ោង០៩ និង១០ នាទីព្រឹក រវាងកូនកម្លោះពោះម៉ាយជាវេជ្ជបណ្ឌិត អាយុ៣៣ឆ្នាំ និងកូនក្រមុំវ័យក្មេងខ្ចី ដែលភ្លេងទើបតែបន្លឺបានរយៈពេលប្រមាណ២ម៉ោងប៉ុណ្ណោះ ត្រូវបានអាក់ខានទៅវិញដោយសារប្រពន្ធដើមរបស់កូនកម្លោះ ដឹកដៃកូនស្រីអាយុ៤ឆ្នាំ ចេញមុខមកអុកឡុក ប្តឹងហាមឃាត់កម្មវិធី សិរីសួស្តីនេះ បន្ទាប់ពីបានដឹងព័ត៌មានតាមបណ្តាញសង្គម Facebook ធ្វើឲ្យផ្អើលដល់ភ្ញៀវទាំងឡាយពេញរោងការទាំងមូល។
អាពាហ៍ពិពាហ៍ដែលជួបប្រទះនឹងបញ្ហានេះគឺមានកូនកម្លោះឈ្មោះ ប៉ាង ថ្លៃថ្លា អាយុ៣៣ ឆ្នាំ មានមុខរបរជាវេជ្ជបណ្ឌិត ស្រុកកំណើតនៅខេត្តស្វាយរៀង ហើយបច្ចុប្បន្នរស់នៅភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងកូនក្រមុំឈ្មោះ ឆាំ សុជាតា មានទីលំនៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង។
មុននឹងឈានចូលមកដល់ថ្ងៃសិរីសួស្តីមង្គលការ គឺកូនកម្លោះពោះម៉ាយកូន១ ប៉ាង ថ្លៃថ្លា និងកូនក្រមុំក្មេងខ្ចី ឆាំ សុជាតា បានរៀបចំប្រារព្ធពិធីភ្ជាប់ពាក្យរួចហើយ។
ស្ត្រីឈ្មោះ គិត សិរីផល្លិកា អាយុ២៧ឆ្នាំ មានមុខរបរជាបុគ្គលិកក្រុមហ៊ុនឯកជន រស់នៅភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលអះអាងថា ជាប្រពន្ធដើម របស់បុរសឈ្មោះ ប៉ាង ថ្លៃថ្លា ជាកូនកម្លោះក្នុងថ្ងៃមង្គលការនោះ បានរៀបរាប់ឲ្យដឹងថា នាងបានរៀបការជាមួយប្តីឈ្មោះ ប៉ាង ថ្លៃថ្លា «តាមកាលបរិច្ឆេទក្នុង Facebook របស់នាង បញ្ជាក់ថា នាងបានរៀបការនៅថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០០៨» ដោយទទួលបានចំណងដៃកូនស្រីម្នាក់។ ក្រោយមកនាងបានលែងលះជាមួយប្តីដល់តុលាការ ប៉ុន្តែសាលក្រមរបស់តុលាការសាលាដំបូងរាជធានីភ្នំពេញ កំពុងជាប់បណ្តឹងឧទ្ធរណ៍នៅឡើយ។ លុះដល់ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៣ នាងបានមើលឃើញតាម Facebook ទើបដឹងថា ប្តីរបស់នាងដែលលែងលះមិនទាន់ដាច់ស្រេចនោះ ត្រូវរៀបការជាមួយកូនក្រមុំថ្មី នៅថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ នៅលំនៅឋានខាងស្រី ភូមិបឹងអំពិល ឃុំស្តៅ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង រួចហើយនាងក៏បានប្តឹងទៅអាជ្ញាធរមូលដ្ឋានហាមឃាត់អាពាហ៍ពិពាហ៍នោះ។
បុរសឈ្មោះ ប៉ាង ថ្លៃថ្លា បានឲ្យដឹងថា លោកបានលែងលះជាមួយប្រពន្ធឈ្មោះ គិត សិរីផល្លិកា កាលពីឆ្នាំ២០១០ ហើយត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញសាលក្រមលេខ៣៨ «ជ» ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ សម្រេចឲ្យកូនស្រីឈ្មោះ ប៉ាង ប៉លី កើតឆ្នាំ២០០៩ ឲ្យទៅម្តាយជាអ្នកបីបាច់ថែរក្សា និងបានបង្គាប់ឲ្យលោកជាឪពុកបង់ថ្លៃអាហារកិច្ចដល់កូនស្រីចំនួន៥០ដុល្លារអាមេរិក ក្នុង១ខែ ដល់អាយុ៦ឆ្នាំ ប៉ុន្តែចាប់ពីអាយុ៦ឆ្នាំដល់៨ឆ្នាំត្រូវបង់ចំនួន១០០ដុល្លារអាមេរិក ក្នុងមួយខែ។ ដោយឡែករឿងរៀបការប្រពន្ធថ្មីនេះ លោកបានសុំអនុញ្ញាតច្បាប់ត្រឹមត្រូវរួចហើយ។
យោងតាមទិន្នន័យក្នុងបណ្តាញសង្គម Facebook បានបង្ហាញឲ្យឃើញថា រូបភាពនៃពិធីភ្ជាប់ពាក្យ រវាងកូនកម្លោះពោះម៉ាយឈ្មោះ ប៉ាង ថ្លៃថ្លា និងកូនក្រមុំក្មេខ្ចីឈ្មោះ ឆាំ សុជាតា គឺត្រូវបានជូនដំណឹងទៅដល់អ្នកស្រី គិត សិរីផល្លិកា នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៣ តាមរយៈ Status របស់កូនក្រមុំឈ្មោះ ឆាំ សុជាតា។
នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៣ វេលាម៉ោង០៨ និង ៤៩នាទីព្រឹក អ្នកស្រី គិត សិរីផល្លិកា បានតបមកកូនក្រមុំក្មេងខ្ចីឈ្មោះ ឆាំ សុជាតា តាម Facebook វិញថា «រៀបការជាមួយប្តីខ្ញុំឬ? ខ្ញុំគិតថា អ្នកមិនអាចរៀបការបានទេ, ស្រីឥតកេរ្តិ៍ខ្មាស»។ នៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ ២០១៣ វេលាម៉ោង១៣ និង១១នាទីរសៀល នាង ឆាំ សុជាតា បានឆ្លើយតបវិញថា «អ្នកណាប្តីរបស់នាង ស្រីចង្រៃ?»។ បន្ទាប់មក នាវេលាម៉ោង១៣ និង១៥នាទីរសៀលថ្ងៃដដែលអ្នកស្រី គិត សិរីផល្លិកា បានឆ្លើយតបថា «ស្រីអាក្រក់ គឺនាងឯង»។
លោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង បានមានប្រសាសន៍កាលពីថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ម្សិលមិញថា ករណីប្រពន្ធដើមមកអុកឡុករោងការនៅចំណុចភូមិបឹងអំពិល នោះ គឺភាគីខាងប្រុស «កូនកម្លោះ» មិនមានកំហុសខាងផ្លូវច្បាប់ទេ ហើយសមត្ថកិច្ចគួរតែអនុញ្ញាតឲ្យពិធីមង្គលការនោះដំណើរការវិញ ដោយឡែកចំពោះអាហារកិច្ចសម្រាប់ចិញ្ចឹមកូន ដែលរស់នៅជាមួយប្រពន្ធដើមអាចតវ៉ាគ្នាបានក្រោយពីរៀបការរួច។
ទោះយ៉ាងណាក៏ដោយ ពិធីមង្គលការរវាងកូនកម្លោះពោះម៉ាយកូនមួយឈ្មោះ ប៉ាង ថ្លៃថ្លា និងកូនក្រមុំក្មេងខ្ចីឈ្មោះ ឆាំ សុជាតា កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៣ ម្សិលមិញនោះត្រូវបានអាក់ខានរួចទៅហើយ ដោយសារប្រពន្ធដើមដឹងព័ត៌មានតាម Facebook ដឹកដៃកូនស្រីចេញមុខអុកឡុកប្តឹងហាមឃាត់។
ដូច្នេះ តើជាកំហុសអ្នកណា ដែលមង្គលការកូនក្រមុំវ័យក្មេងខ្ចីរបស់អ្នកស្រុកបាត់ដំបងត្រូវអាក់ខាននេះ? សូមប្រិយមិត្តអ្នកអានជួយពិចារណាទាំងអស់គ្នា៕
Source from: www.dtn7.com
No comments:
Post a Comment