
ខេត្ដសៀមរាប ៖ កូនអ្នកមានស្ដុកស្ដម្ភម្នាក់ ស្ថិតក្នុងស្ថានភាពស្រវឹងជោកជាំ ត្រូវបានសមត្ថកិច្ចចាប់ដាក់ខ្នោះភ្លាមៗ បន្ទាប់ពីបើករថយន្ដស៊េរីទំនើប បុកម៉ូតូពីរគ្រឿងបន្តបន្ទាប់គ្នា ហើយព្យាយាមបើករត់ ជ្រុលទៅបុករថយន្តមួយគ្រឿងទៀត ពេញទំហឹងរួចរុញចូលផ្ទះអ្នកស្រុក ទៅមុខលែងរួច កាលពីវេលាម៉ោងជាង ៩យប់ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៣ ស្ថិតនៅចំណុចផ្លូវក្រវាត់ក្រុង កែងផ្លូវភូមិជន្លង់ ក្នុងភូមិខ្នារថ្មី សង្កាត់ជ្រាវ ក្រុងសៀមរាប ប៉ុន្ដែមិនបណ្ដាលឲ្យ គ្រោះថ្នាក់ដល់មនុស្សធ្ងន់ធ្ងរទេ។
នៅវេលាម៉ោងខាងលើ ពួកគេឃើញរថយន្ដម៉ាក CRV ស៊េ រី២០០៣ បានបើកយ៉ាងលឿន គេចពីការតាមចាប់របស់សមត្ថកិច្ច ខណៈទៅដល់កន្លែងកើតហេតុ ជនបង្កបានទាញចង្កូតទៅខាងឆ្វេង ក៏ជ្រុលទៅបុកឡានកូរ៉េមួយគ្រឿងទៀត កំពុងបើកបញ្ច្រាសទិសគ្នា ។ អ្នកបើករថយន្ដទំនើបនេះ បានបើកបុកម៉ូតូពីរគ្រឿងបន្ដបន្ទាប់គ្នា គឺបុកនៅខាងលិចដងស្ទឹងសៀមរាប ក្បែរព្រះរាជដំណាក់មួយគ្រឿង និងបើករត់មកកៀរម៉ូតូមួយគ្រឿងទៀត កែងផ្លូវភូមិជន្លង់ ក្នុងសង្កាត់សាលាកំរើក ហើយបន្តបើករត់។
ជនបង្កស្រវឹងស្រាជោកជាំ ថែមទាំងក្អួតដាក់រថយន្ត និងបានតដៃជាមួយសមត្ថកិច្ច ហើយជនបង្កទំនងជាកូនអ្នកមានស្ដុកស្ដម្ភ តែអន់ចរិតបានព្យាយាម រត់ទាំងដៃជាប់ខ្នោះនិងធ្វើឫកក្អេងក្អាង ។ អ្នកបង្កគ្រោះថ្នាក់ចរាចរណ៍ បើកបររថយន្ដម៉ាក CRV ស៊េរី២០០៣ ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ 2A-1712 មិនទាន់ស្គាល់ឈ្មោះ មានទីលំនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប។ ដោយឡែករថយន្ដមួយគ្រឿងទៀត ម៉ាកកូរ៉េចំណុះ ៣តោន ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3B-6268 អ្នក បើកបរឈ្មោះ ឡុង ចន្ថា អាយុ ៣៨ឆ្នាំ នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ព្រួឡានរបួសស្រាល៕
Source from: watphnom-news.com