
ប្រទេសចិន ៖ នៅលើពិភពលោក ដ៏ធំល្វឹងល្វើយនេះ អ្វីៗមិនទៀងទាត់ គ្មានអ្វីជាអមតៈនោះទេ មានជួបមានព្រាត់ ជារឿងព្រហ្មលិខិត ដូចដែលស្ត្រីជនជាតិចិនម្នាក់ ដែលបានចំណាយពេល សន្លប់អត់ដឹងខ្លួនអស់ពេល ២ ឆ្នាំបានបង្កើតនូវព្រឹត្តិការណ៍ ដ៏រំជួលចិត្តពីសំណាក់ មនុស្សជាទីស្រឡាញ់ នោះគឺពិធីរៀបអាពាហ៍ពិពាហ៍ ជាមួយសង្សារ ជាទីស្រឡាញ់របស់នាង មុនពេលក្រុមគ្រួសារ បង្ខំចិត្តបិទម៉ាស៊ីនទ្រទ្រង់ជីវិត ដើម្បីជូននាងទៅកាន់ សុគតិភព។
ស្ត្រីរងគ្រោះដែលមាន វាសនាអភ័ព្វជាងគេបំផុត នៅលើពិភពលោកនេះ មានឈ្មោះ ហេ ជីងជីង ហើយសង្សាររបស់នាងគឺលោក លូ ឡៃ ជាអ្នកស្រុកខេត្តហ្កាងទុង នៅភាគអាគ្នេយ៍នៃប្រទេសចិន ធ្លាប់កាន់ការងារខ្ពស់ នៅក្នុងរដ្ឋាភិបាលក្រុង ហ្កាងហ្សូ។ ពួកគេបានទិញផ្ទះ និងមានផែនការរៀបការ ជាមួយគ្នាកាលពីឆ្នាំ២០១១ ។ ប៉ុន្តែក្តីស្រម៉ៃរបស់ពួកគេ ក្នុងការបង្កើត សុភមង្គល រយៈពេលយូរជាមួយគ្នា បានក្លាយជារឿង សោកសង្រេងភ្លាមៗ នៅពេលដែលនាង ហេ ជីងជីង ធ្លាក់ខ្លួនឈឺក្នុងពេលធ្វើការ។
នាង ហេ ជីងជីង បានសន្លប់ក្នុងពេល ត្រូវបាននាំមកកាន់មន្ទីរពេទ្យ និងមិនដឹងខ្លួនជារៀងរហូត ដោយត្រូវសម្រាកក្នុងបន្ទប់សង្គ្រោះបន្ទាន់ ដូចជាមនុស្សរុក្ខជាតិ អាចដកដង្ហើមតាម ម៉ាស៊ីនជំនួយ។ នាង ហេ ជីងជីង បានសន្លប់ក្នុង បន្ទប់សង្គ្រោះបន្ទាន់ អស់រយៈពេល ២ឆ្នាំ ។ នៅទីបំផុតសមាជិកគ្រួសារ នាង ហេ ជីងជីង បានមកអបអរ ខួបកំណើតគម្រប់២៨ ឆ្នាំរបស់នាង ជាមួយនំខេក និងបន្ទាប់មកចូលរួម ក្នុងពិធីរៀបការមួយ ដែលជាក្តីសុបិនរបស់គូស្នេហ៍នេះ។ ក្រុមគ្រួសាររបស់នាង ក៏បានសម្រេចចិត្ត បរិច្ចាគ សរីរាង្គរបស់នាង ទៅឲ្យអ្នកដែលត្រូវការចាំបាច់។
ក្នុងទិដ្ឋភាពដ៏សោកសៅនោះ កូនកម្លោះ លូ ឡៃ បាននិយាយថា នាងនឹងនៅក្នុងចិត្ត របស់ខ្ញុំជារៀងរហូត យើងចង់បានពិធីរៀបការ ពិសេសមួយ ។ លោក លូ ឡៃ បានបន្តថា នាងមានជំងឺ តែនាងមិនបានឈប់សម្រាកពីការងារ។ បន្ទាប់មកនៅថ្ងៃមួយ ខ្ញុំត្រូវបានគេទូរស័ព្ទ មកប្រាប់ថា នាងដួលនៅនឹងកុំព្យូទ័រនិង ត្រូវបាននាំទៅមន្ទីរពេទ្យ។ គេថានាងឈប់ដកដង្ហើម តែត្រូវបានជួយសង្គ្រោះ ដោយការធ្វើចលនាបេះដូង តែទោះជាយ៉ាងណា គ្រូពេទ្យបាននិយាយថា ទោះជានាងនៅមានជីវិត តែខួរក្បាលរបស់នាងបានខូច និងគ្មានអ្វីអាចជួយនាងបានទេ។
ឪពុកម្តាយរបស់របស់នាង ហេ ជីងជីង បាននិយាយថា កូនស្រីរបស់គាត់ ជានារីស្រស់ស្អាត សកម្មការងារម្នាក់ ហើយនាងតែងនិយាយថា នាងចង់ធ្វើជាអ្នកបរិច្ចាគ សរីរាង្គ និងការបរិច្ចាគនេះ នឹងជួយឲ្យផ្នែកខ្លះរបស់នាង នៅរស់និងជួយជីវិត មនុស្សដទៃទៀត។ មុនពេលដកម៉ាស៊ីនជំនួយ សម្រាប់ការដកដង្ហើម ឪពុកម្តាយបានរំលឹកថា នាង ហេ ជីងជីង ជាកូនតែមួយរបស់យើង ដូច្នេះយើងចង់មានពិធីពិសេសចុងក្រោយមួយ គឺរៀបការនាងជាមួយសង្សារ ដែលជាក្តីសុបិន្ត ដ៏ពិសេសបំផុត៕
Source from: watphnom-news.com
No comments:
Post a Comment