
រាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខនស/រកត/០១០៥/០១៩ ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០០៥ និងមានឯកឧត្តមបណ្ឌិតសភាចារ្យសុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ជាប្រធានក្រុមប្រឹក្សាភិបាលនោះ ត្រូវបានរាជរដ្ឋាភិបាលសម្រេចធ្វើសមាហរណកម្មឲ្យឋិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងយុត្តិធម៌វិញហើយ ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១៣/១០៥៨ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ ។
ដោយឡែក គណៈកម្មាធិការទទួលស្គាល់គុណភាពអប់រំនៃកម្ពុជា ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខនស/រកត/០៣០៣/១២៩ ចុះថ្ងៃទី៣១ ខែមីនា ឆ្នាំ២០០៣ និងមានឯកឧត្តមបណ្ឌិតសភាចារ្យសុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីជាប្រធាននោះ ក៏ត្រូវបានរាជរដ្ឋាភិបាលសម្រេចធ្វើសមាហរណកម្មឲ្យឋិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងអប់រំ យុវជន និងកីឡាវិញដែរ ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១៣/១០៦១ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ ។
រីឯ គណៈកម្មាធិការជាតិជំរុញចលនា«ភូមិមួយ ផលិតផលមួយ» ហៅកាត់ថា «ភ១.ផ១» ដែលត្រូវបានបង្កើតឡើងដោយព្រះរាជក្រឹត្យលេខនស/រកត/០១០៦/០៤៣ ចុះថ្ងៃទី២៧ ខែមករា ឆ្នាំ២០០៦ និងមានសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ជាប្រធាន និងឯកឧត្តមបណ្ឌិតសភាចារ្យសុខ អាន ជាអនុប្រធាន ក៏ត្រូវបានរាជរដ្ឋាភិបាលសម្រេចធ្វើសមាហរណកម្មឲ្យឋិតនៅក្រោមការទទួលខុសត្រូវរបស់ក្រុមប្រឹក្សាស្តារអភិវឌ្ឈន៍វិស័យកសិកម្ម និងជនបទវិញ ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១៣/១០៥៩ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ ។
លើសពីនេះ ក្រុមប្រឹក្សាកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ដែលមានឯកឧត្តមបណ្ឌិតសភាចារ្យសុខ អាន និង ឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូល ជាសហប្រធាន«បង្កើតឡើងដោយព្រះរាជក្រឹត្យលេខនស/រកត/០៦០២/១៥៨ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០០២» ក៏ត្រូវបានរាជរដ្ឋាភិបាលសម្រេចរំលាយចោលរួចហើយ ដោយព្រះរាជក្រឹត្យលេខនស/រកត/១០១៣/៩៥៦ ចុះថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៣ និងត្រូវបានដាក់ឲ្យឋិតនៅក្រោមការទទួលខុសត្រូវរបស់ក្រសួងយុត្តិធម៌វិញ ក្រោមរូបភាពការងារកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដែលមានឯកឧត្តមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ជាប្រធាន ។
ដូច្នេះ ឥទ្ធិពលអំណាចរបស់ឯកឧត្តមបណ្ឌិតសភាចារ្យសុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រីនិងជាដន្លងដងស្នែងជាមួយសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រហស្សនាម«បុរសខ្លាំង» ក្នុងវស័យតុលាការនិងវិស័យអប់រំ ដែលធ្លាប់តែគ្រប់គ្រងនិងលូកកប់ៗក្លៀកនោះ ត្រូវបានកាត់បន្ថយជាបណ្តើរៗហើយនៅអាណត្តិទី៥នេះ ៕
Source from: www.dtn7.com