
កាលពីរាត្រីថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៣ម្សិលមិញនេះ មានករណីរត់ពន្ធទូរស័ព្ទប្រភេទទំនើបៗទ្រង់ទ្រាយធំមួយដោយប្រើប្រាស់រថយន្តទំនើបម៉ាក Range Rover ដឹកជញ្ជូនចេញពីខេត្តសៀមរាបឆ្ពោះមកដល់ស្រុកស្ទោង ខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦ ប៉ុន្តែ អំពើល្មើសនេះត្រូវសមត្ថកិច្ចបង្ក្រាបបាន។
ក្នុងបេសកកម្មបង្ក្រាបអំពើរត់គេចពន្ធទូរស័ព្ទទំនើបទ្រង់ទ្រាយធំរហូតដល់ចំនួន៤វ៉ាលីស ដែលជាបទល្មើសគយនេះ ត្រូវបានសមត្ថកិច្ចឃាត់រថយន្តទំនើបម៉ាក Range Rover ពណ៌ស គ្មានស្លាកលេខមួយគ្រឿង ទូរស័ព្ទទំនើបម៉ាក LG និង ម៉ាក Samsung ចំនួន១.៤៨៣គ្រឿង និងឃាត់ខ្លួនជនសង្ស័យបានចំនួន៣នាក់ រួមមាន៖ ១- ឈ្មោះ កែវ សុខហេង ភេទប្រុស អាយុ៦២ឆ្នាំ មានទីលំនៅរាជធានីភ្នំពេញ ជាម្ចាស់ទូរស័ព្ទ, ២- ឈ្មោះ កែវ សុខបេ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅខេត្តស្វាយរៀង និង ៣- មិនទាន់ស្គាល់អត្តសញ្ញាណច្បាស់នៅឡើយ។
មជ្ឈដ្ឋានអ្នកវិភាគកិច្ចការសង្គមនៅកម្ពុជាបានលើកឡើងថា ថ្វីដ្បិតសមត្ថកិច្ចបង្ក្រាបបានមែន ប៉ុន្តែករណីរត់ពន្ធទូរស័ព្ទទំនើបទ្រង់ទ្រាយធំរហូតដល់ចំនួន១.៤៨៣គ្រឿងនេះ គឺជាការពញាក់អារម្មណ៍ដល់រាជរដ្ឋាភិបាលអាណត្តិថ្មី នាយករដ្ឋមន្ត្រីចាស់ផងដែរ និងម្យ៉ាងទៀតសមត្ថកិច្ចត្រូវតែបន្តធ្វើការស៊ើបអង្កេតស្រាវជ្រាវឲ្យដឹងទៀតថា តើទូរសព្ទ័ទំនើបគេចពន្ធដ៏ច្រើននេះចូលមកដល់ខេត្តសៀមរាប និងឆ្ពោះមកដល់ភូមិសាស្ត្រខេត្តកំពង់ធំ តាមច្រកណា និងឈានទៅមានវិធានការជាក់ស្តែងទៅលើសមត្ថកិច្ចដែលប្រចាំការនៅច្រកនោះទៀតទើបជាការល្អប្រសើរក្នុងការទប់ស្កាត់ និងបង្ក្រាបអំពើរត់គេចពន្ធឲ្យមានប្រសិទ្ធភាពខ្ពស់៕
Source from: www.dtn7.com
No comments:
Post a Comment