អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​ស្នើ​ឲ្យ Cambodia Daily កែតម្រូវ​រឿង​ចុះផ្សាយ​ទាក់ទង​នឹង​ប្រាសាទព្រះវិហារ​

ប្រភពព័ត៌មាន​ពី​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​បាន​ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ ម្សិលមិញ​នេះ សមាជិក​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​មួយរូប​គឺ​លោក ប៉ែន ងឿ​ន បាន​សរសេរ​លិខិត​មួយច្បាប់​ជូន​លោក​និពន្ធ​នាយក​ព្រឹត្តិបត្រ Cambodia Daily ស្នើ​ឲ្យ​ព្រឹត្តិបត្រ​នេះ​ធ្វើការ​កែតម្រូវ​ទៅលើ​អត្ថបទ​មួយ​មាន​ចំណងជើង​ថា «​អ្នកភូមិ​រស់នៅ​ជុំវិញ​ប្រាសាទព្រះវិហារ​បាន​ក្រាបចុះ​រង់ចាំ​ការ​កាត់សេចក្តី​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​» ចុះផ្សាយ​កាលពី​ថ្ងៃ​សុក្រ ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០១៣ ដោយ​លោក ប៉ែន ងឿ​ន អះអាងថា ជាការ​ចុះផ្សាយ​ធ្វើ​ឲ្យ​អ្នកអាន​យល់​ខុស​យ៉ាងធ្ងន់ធ្ងរ​ទាំង​ក្នុងប្រទេស ទាំង​លើ​ឆាក​អន្តរជាតិ​ទៅលើ​ករណី​កម្មសិទ្ធិ​លើ​ប្រាសាទព្រះវិហារ ដោយ​និយាយថា «​ប្រជាជន​ដែល​រស់នៅ​ប៉ែក​ខាង​ដី​ថៃ​លើ​ផ្ទៃ​ព្រំប្រទល់​ជុំវិញ​ប្រាសាទព្រះវិហារ​ដែលមាន​ទំនាស់​នោះ បានចាប់ផ្តើម​សាងសង់​លេណដ្ឋាន​ក្រោម​ដី ដើម្បី​ត្រៀម​ពេលដែល​តុលាការ​យុត្តិធម៌​អន្តរជាតិ​ចេញ​សាលដីកា​អំពី​កម្មសិទ្ធិ​នៃ​ប្រាសាទ​នៅ​ថ្ងៃ​ចន្ទ​ដោយយោង​ទៅតាម​ការផ្សាយ​របស់​កាសែត​ថៃ​»​។​

​សមាជិក​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បាន​លើកឡើងថា តាម​ការពិត​រឿង​ដែល​កើតឡើង​ហើយ​អាច​និយាយ​យ៉ាងហោចណាស់​ដែល​គេ​យល់ដឹង​ទូទាំងប្រទេស និង​និយាយ​ក្នុងន័យ​ឲ្យ​ទូលាយ​ទាំង​ផ្នែក​តំបន់ និង​លើ​ឆាក​អន្តរជាតិ​បាន​ទទួលស្គាល់ថា ប្រាសាទព្រះវិហារ «​គឺ​ឋិត​នៅក្រោម​អធិបតេយ្យ​របស់​កម្ពុជា​» យោងតាម​សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ​ចុះ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២ ដែលមាន​រយៈពេល​៥១​ឆ្នាំ កន្លងមកហើយ​។ Cambodia Daily មិន​អាចធ្វើ​មិនដឹងមិនឮ​ម្នាក់ឯង​នោះទេ​។​

​លើសពីនេះ សមាជិក​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស បានលើកឡើង​ដែរ​ថា ម្យ៉ាងវិញទៀត​ការកំណត់​ពេល​ថ្ងៃ​ចន្ទ ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៣ សម្រាប់​ចេញ​សាលដីកា​ដោយ​តុលាការ​យុត្តិធម៌​អន្តរជាតិ​នោះ គឺ​យោង​ជាពិសេស​ទៅលើ​ពាក្យបណ្តឹង​របស់​កម្ពុជា ដែល​បានដាក់​ចុះបញ្ជី​នៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ​កាលពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១១ ដើម្បី​សុំ​ឲ្យ​ធ្វើការ​បកស្រាយ​នូវ​សាលដីកា​ចុះ​ថ្ងៃទី​១៥ ខែមិថុនា ឆ្នាំ​១៩៦២ ស្តីពី «​រឿងក្តី​ប្រាសាទព្រះវិហារ​» ដែល​នេះ​ពុំមែន​ជា «​សាលដីកា​របស់​តុលាការ​យុត្តិធម៌​អន្តរជាតិ លើ​រឿងក្តី​កម្មសិទ្ធិ​នៃ​ប្រាសាទ​» ដែល Cambodia Daily បាន​សរសេរ​ខុស​។​

​ទាក់ទង​នឹង​ការស្នើ​ឲ្យ​មានការ​កែតម្រូវ​លើ​ការចុះផ្សាយ​របស់​ព្រឹត្តិបត្រ Cambodia Daily ដោយ​សមាជិក​អង្គភាព​ព័ត៌មាន និង​ប្រតិកម្ម​រហ័ស​នេះ គេ​មិន​បានឃើញ​ព្រឹត្តិបត្រ Cambodia Daily ចេញផ្សាយ​នៅ​ថ្ងៃ​សៅរ៍​-​អាទិត្យ​ទី​០៩-១០ ខែវិច្ឆិកា ឆ្នាំ​២០១៣​នេះ ធ្វើការ​ចុះផ្សាយ​កែតម្រូវ​អ្វី​ឡើយ​៕​

eee3G


Source from: www.dtn7.com

No comments:

Post a Comment