
ឯកឧត្តម នាយឧត្តមសេនីយ៍ផ្កាយមាស៤ ជា តារា នាយទាហានជាន់ខ្ពស់ អត្តលេខ០០០១៨៣ និងជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ ត្រូវបានមជ្ឈដ្ឋានអ្នកលេង Facebook ចាប់អារម្មណ៍យ៉ាងខ្លាំងថា មានការពាក់ព័ន្ធក្នុងល្បែងស្នេហាត្រីកោណជាមួយតារាសម្តែងជើងចាស់ ចន ច័ន្ទលក្ខិណា ទើបនាំឲ្យតារាសម្តែងរូបនេះដាច់ចិត្តដាក់ពាក្យសុំលែងលះប្តីកម្សត់កម្រ គឺលោក យុត្ថារ៉ា ឆានី ទៅតុលាការ ទោះបី ចន ច័ន្ទលក្ខិណា ចេញមុខបកស្រាយបដិសេធនឹងព័ត៌មាននេះក៏ដោយ ។ ហើយទន្ទឹមនឹងនេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ ជា តារា ត្រូវបានគេរកឃើញថា បានប្រើប្រាស់រថយន្តទំនើបម៉ាក Lexus 570 ពាក់ស្លាកលេខប្រភេទខេមរភូមិន្ទខុសច្បាប់ទៀតផង ។
ជុំវិញព័ត៌មានដែលថា នាយឧត្តមសេនីយ៍ ជា តារា មានសម្ព័ន្ធស្នេហាត្រីកោណជាមួយតារាសម្តែង និងជាពិធីការិនីក្នុងកម្មវិធី"សមាគមជុំមិត្ត" នៃស្ថានីយ៍ទូរទស្សន៍បាយ័ន ចន ច័ន្ទលក្ខិណា នោះ ត្រូវបានអ្នកនាង ចន ច័ន្ទលក្ខិណា ប្រកាសបដិសេធ ប៉ុន្តែមជ្ឈដ្ឋានអ្នកលេង Facebook មិនបានជឿទៅលើការបកស្រាយរបស់អ្នកនាងទេ ។ ផ្ទុយទៅវិញ មានអ្នកលេង Facebook ខ្លះថែមទាំងបានបញ្ជាក់ទៀតថា អ្នកនាង ចន ច័ន្ទលក្ខិណា ពិតជាមានស្នេហាត្រីកោណជាមួយនាយឧត្តមសេនីយ៍ផ្កាយ៤ម្នាក់តាំងពី២-៣ឆ្នាំមុនមកម្ល៉េះប្រាកដមែន តែមិនមែនជាមួយនាយឧត្តមសេនីយ៍ផ្កាយមាស៤ពោះម៉ាយកូន២ ជា តារា ឡើយ ។
មជ្ឈដ្ឋានអ្នកលេងបណ្តាញសង្គម Facebook មួយចំនួនទៀតបានលើកយកការប្រើប្រាស់រថយន្តទំនើបម៉ាក Lexus 570 ពណ៌ខ្មៅ ពាក់ស្លាកលេខខេមរភូមិន្ទ 01.2-3871 មួយគ្រឿង មកភ្ជាប់នឹងរឿងរ៉ាវស្នេហាត្រីកោណរវាងនាយឧត្តមសេនីយ៍ ជា តារា ជាមួយអ្នកនាង ចន ច័ន្ទលក្ខិណា ហើយបានបង្ហោះពេញ Facebook ។
ក្រុមអ្នកច្បាប់ឯករាជ្យនៅកម្ពុជា បានលើកឡើងថា អនុលោមតាមស្មារតីអនុក្រឹត្យរបស់រាជរដ្ឋាភិបាលលេខ៧៧អនក្រ.បក ចុះថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០០៣ ស្តីពីការចេញស្លាកលេខសម្គាល់យានជំនិះ និងប្រកាសលេខ០៦៤/២០០៩ប្រ.ក ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០៩ របស់ក្រសួងការពារជាតិ គឺប្រសិនបើរថយន្តទំនើបម៉ាក Lexus 570 ពណ៌ខ្មៅ ពាក់ស្លាកលេខខេមរភូមិន្ទ 01.2-3871 នោះ ត្រូវបានប្រើប្រាស់ដោយនាយឧត្តមសេនីយ៍ ជា តារា មានន័យថា ជាការប្រើប្រាស់រថយន្តពាក់ស្លាកលេខខេមរភូមិន្ទខុសច្បាប់ ពីព្រោះរថយន្តពាក់ស្លាកលេខខេមរភូមិន្ទជារថយន្តឋិតក្រោមការគ្រប់គ្រងរបស់ក្រសួងការពារជាតិ សម្រាប់ដឹកជញ្ជូនសម្ភារៈទ័ព ឬដឹកជញ្ជូនកងទ័ពក្នុងការងារការពារជាតិ ដែលត្រូវលាបពណ៌ត្រេអ៊ី ឬប៉ារ៉ា ព្រមទាំងសរសេរអក្សរឡាតាំងថា RCAF នៅនឹងតួរថយន្តទៀតផង ។ ប៉ុន្តែរថយន្តទំនើបម៉ាក Lexus 570 ពាក់ស្លាកលេខខេមរភូមិន្ទ 01.2-3871 នេះមិនមានលាបពណ៌ត្រេអ៊ី ឬប៉ារ៉ាអ្វីឡើយ គឺមានតែពណ៌ខ្មៅ ដែលជាការរំលោភបំពានទៅនឹងអនុក្រឹត្យរបស់រាជរដ្ឋាភិបាល និងប្រកាសរបស់ក្រសួងការពារជាតិ ។
ដូច្នេះ ការប្រើប្រាស់រថយន្តទំនើបម៉ាក Lexus 570 ពណ៌ខ្មៅ ពាក់ស្លាកលេខខេមរភូមិន្ទ 01.2-3871 ទោះដោយនាយឧត្តមសេនីយ៍យោធា ជា តារា ក្តី ទោះដោយតារាសម្តែង ចន ច័ន្ទលក្ខិណា ក្តី គឺជាការខុសច្បាប់ ដែលរំលោភបំពានលើអនុក្រឹត្យរបស់សម្តេចអគ្គមហាសេនាបតីតេជា ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាបុរសខ្លាំងរបស់កម្ពុជា និងប្រកាសរបស់ឯកឧត្តមនាយឧត្តមសេនីយ៍ផ្កាយមាស៤ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ៕
Source from: www.dtn7.com
No comments:
Post a Comment