
ប្រភពស្និទ្ធនឹងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឲុ្យដឹងថា ឯកឧត្តម វង្សី វិស្សុត ហៅ "VS ការ៉េ" ជារដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបច្ចុប្បន្ន និងត្រូវជាសែស្រឡាយមិត្តភក្តិយ៉ាងជិតស្និទ្ធជាមួយឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អាចនឹងត្រូវតែងតាំងឲ្យធ្វើជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករ ដែលជាប៉ុស្តិ៍ខ្លាញ់ប្រមូលលុយធ្វើអ្នកមាននាសម័យមហាពុករលួយ និងបក្ខពួកនិយមនេះ ជំនួសឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ដែលនឹងត្រូវដល់អាយុចូលនិវត្តន៍នៅឆ្នាំ២០១៤ខាងមុខ ។
សមាសភាពថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបច្ចុប្បន្ន គឺជាសែស្រឡាយបក្ខពួករបសឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ជារដ្ឋមន្ត្រី ដែលស្ពាយចំណេះដឹងពីអតីតសហភាពសូវៀតតែម្តង គឺឯកឧត្តម វង្សី វិស្សុត ជារដ្ឋលេខាធិការ បន្ទាប់ពីរដ្ឋមន្ត្រី និងឯកឧត្តម ជូ វិជិត្ត ជារដ្ឋលេខាធិការ បន្ទាប់ពីឯកឧត្តម វង្សី វិស្សុត ខណៈដែលឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ជាមន្ត្រីជំនិត និងបណ្តុះបណ្តាលផ្ទាល់ដៃដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ។
ប្រភពដដែលបានឲ្យដឹងទៀតថា ឯកឧត្តមបណ្ឌិត ប៉ែន ស៊ីម៉ន ដែលបានធ្វើជាមេគយចាប់តាំងពីអំឡុងឆ្នាំ១៩៩៩មកនោះ អាចនឹងត្រូវតែងតាំងឲ្យធ្វើជារដ្ឋលេខាធិការក្រសួងរ៉ែ និងថាមពល ដែលជាក្រសួងទើបបង្កើតថ្មីបំបែកចេញពីក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល ។
មជ្ឈដ្ឋានអ្នកវិភាគសេដ្ឋកិច្ចនៅកម្ពុជា បានលើកឡើងថា ឯកឧត្តមបណ្ឌិត អូន ព័ន្ធមុនីរ័ត្ន ព្រមទាំងសែស្រឡាយរបស់ឯកឧត្តមរូបនេះ បានឡើងកាន់កាប់មុខតំណែងជាថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គឺដោយសារពូកែធ្វើរបាយការណ៍ល្អៗ និងវែងអន្លាយដូចប្រលោមលោក ធ្វើឲ្យបុរសខ្លាំងបានសប្បាយចិត្ត ពេញចិត្ត លន្លង់លន្លោច ក្នុងនាមជាមន្ត្រីដែលបណ្តុះបណ្តាលដោយបុរសខ្លាំង ហើយបានស្គាល់ចិត្តស្គាល់ថ្លើមរបស់បុរសខ្លាំងយ៉ាងច្បាស់ ៕
Source from: www.dtn7.com