
ប្រទេសថៃ ៖ រហូតមកដល់ថ្ងៃព្រហស្បត្តិ៍នេះ មិនមានការចាប់ខ្លួនណាមួយ បានត្រូវធ្វើឡើងនៅឡើយទេ ហើយលោក ស៊ូថេប នៅតែបន្តដឹកនាំមហាបាតុកម្ម តាមដងផ្លូវ កាន់កាប់ក្រសួងស្ថាប័នរដ្ឋសំខាន់ៗ ជាង ១០កន្លែង និងរាប់បញ្ចូលបាតុកម្ម នៅតំបន់ដទៃទៀត ហើយលោក ស៊ូថេប ដែលជាមេបាតុកម្ម ប្រឆាំងលោកស្រី បានប្រកាសថា លោកត្រៀមខ្លួនរួចរាល់ ដើម្បីប្ដូរស្លាប់ ក្នុងសមរភូមិនយោបាយលើកនេះ។
នៅចំកណ្ដាលនៃមហាបាតុកម្ម នៅក្រុងបាងកក និងតំបន់មួយចំនួន នៃប្រទេសថៃ ដែលទាមទារឱ្យលោក ស្រីយីងឡាក់ នាយករដ្ឋមន្ត្រីថៃ លាលែងពីតំណែង និងរំលាយសភានោះ នៅថ្ងៃនេះសភាជាន់ទាបរបស់ថៃ ដែលសមាជិកភាគច្រើន មកពីគណបក្សភឿថៃ និងសម្ព័ន្ធមិត្ត ក្នុងរដ្ឋាភិបាលនោះ បានសម្រេចផ្ដល់ សេចក្ដីទុកចិត្តសាជាថ្មី ក្នុងការបោះឆ្នោតដកសេចក្ដីទុកចិត្ត ដែលស្នើឡើងដោយ គណបក្សប្រជាធិបតេយ្យដែលជាបក្សប្រឆាំង។
សមាជិកសភា ២៩៤ រូប បានលើកដៃគាំទ្រ ខណៈ ១៣៤ រូប ទៀតបានលើកដៃ ប្រឆាំងលោកស្រី។ ប្រឆាំង និងចង់ទម្លាក់ ក៏ដោយសារតែ ក្រោមហេតុផលថា រដ្ឋាភិបាលលោកស្រី យីងឡាក់ មានរឿងអាស្រូវ ក្នុងរឿងគម្រោងគ្រប់គ្រង ធនធានទឹកមានតម្លៃ ១០៨ លានដុល្លារ និងបញ្ហាវិបត្តិថវិកា របស់រដ្ឋាភិបាល ក្នុងការឧបត្ថម្ភធន ធានាទិញស្រូវអង្ករកសិករ។ តែលទ្ធផលនៃការបោះឆ្នោត ផ្ដល់សេចក្ដីទុកចិត្តជាថ្មីនេះ ទំនងជានឹងមិនអាច ឱ្យវិបត្តិនយោបាយថយកម្ដៅទេ។
តែនេះអាចនឹងនាំឱ្យ កាន់តែធ្ងន់ធ្ងរទៀតក៏ថាបាន ខណៈដែលការគាំទ្រនេះ មានលក្ខណៈផ្ទុយពីឆន្ទះ ហ្វូងមនុស្សរាប់ម៉ឺននាក់ នៅតាមដងផ្លូវក្នុង ក្រុងបាងកក ដែលទាមទារយ៉ាងរន្ថើន ឱ្យគាស់រំលើងរបប ថាក់ស៊ីន យកអំណាចឱ្យប្រជាជន។ ពាក្យយកអំណាច ឱ្យប្រជាជននេះ ត្រូវបានប្រើដោយលោក ស៊ូថេប ក្នុងការដឹកនាំបាតុកម្ម ហើយកាលពីម្សិលមិញ លោកបាននិយាយថា លោកត្រៀមខ្លួនរួចរាល់ ដើម្បីស្លាប់ក្នុងសមរភូមិ នយោបាយលើកនេះ។ ដែលការប្រកាសនេះកើតឡើងមួយថ្ងៃ បន្ទាប់ពីតុលាការព្រហ្មទណ្ឌ បានចេញដីកាតាមចាប់ខ្លួនលោក និងស្នើឱ្យលោកប្រគល់ខ្លួន តាមសម្រួល៕
Source from: watphnom-news.com
No comments:
Post a Comment