
នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៣នេះ គណបក្សសង្គ្រោះជាតិបានចេញសេចក្តីប្រកាសព័ត៌មានមួយអំពាវនាវដល់មហាជនខ្មែរទូទាំងប្រទេសឲ្យរៀបចំខ្លួន សម្លៀកបំពាក់ កន្សែង-ក្រមា បាយ-ទឹក ដើម្បីចូលរួមយុទ្ធនាការសង្គ្រោះជាតិ ដោយអហិង្សា និងសន្តិវិធីជាធម្មយាត្រា-សិទ្ធិយាត្រា នៃទិវាសិទ្ធិមនុស្សអន្តរជាតិ នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ ខាងមុខ ក្រោមការរៀបចំរបស់សង្គមស៊ីវិល អង្គការក្រៅរដ្ឋាភិបាល និងសហជីព។
សេចក្តីប្រកាសព័ត៌មានរបស់គណបក្សសង្គ្រោះជាតិបានជូនដំណឹងថា អ្នកចូលរួមយុទ្ធនាការនេះទាំងអស់គ្នានឹងត្រូវធ្វើដំណើរដោយថ្មើរជើងពីតាមបណ្តាខេត្តនានាតាមផ្លូវជាតិទាំង៦ ចូលមករាជធានីភ្នំពេញ ចាប់ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១៣ ស្អែកនេះ ហើយមកដល់រាជធានីភ្នំពេញនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៣ ខាងមុខ ដើម្បីទទួលបានមកវិញនូវឯករាជ្យ អធិបតេយ្យភាព បូរណភាពទឹកដីពេញលេញ ការគោរពសិទ្ធិមនុស្ស ប្រជាធិបតេយសេរីពហុបក្ស នីតិរដ្ឋ យុត្តិធម៌សង្គម ជីវភាពរុងរឿងសុខសន្តិភាពពិតប្រាកដ៕
Source from: www.dtn7.com