
ខេត្តពោធិ៍សាត់ ៖ សកម្មភាពដឹកជញ្ជូន ឈើប្រណីតខុសច្បាប់ តាមរ៉ឺម៉កម៉ូតូនៅស្រុកភ្នំក្រវាញ កំពុងមានភាពមមាញឹក ទាំងថ្ងៃទាំងយប់ គ្មានការរំខានដល់សមត្ថកិច្ច ឬជំនាញរដ្ឋបាលព្រៃឈើបន្តិចសោះឡើយ ហើយក្នុងមួយថ្ងៃៗឃើញតែរ៉ឺម៉កម៉ូតូ ដឹកជញ្ជូនឈើប្រណីត ទោះជានៅតាមគល់ស្ពាន ឆ្លងស្ទឹងព្រៃខ្លុង មានសមត្ថកិច្ចចម្រុះដូចជា ប៉ូលិសប៉ុស្ដិ៍រដ្ឋបាលឃុំរកាត កងរាជអាវុធហត្ថស្រុកភ្នំក្រវាញ ទាហាន និងកម្លាំងប្រជាការពារភូមិ នៅដេកប្រចាំការ គ្រប់ពេលក៏ដោយ។
សមត្ថកិច្ចដែលដេកចាំនៅគល់ស្ពាននេះ នៅពេលដែលមានរ៉ឺម៉ក ដឹកឈើមកដល់ ពួកគេ មិនបានសួរនាំអ្វីទេ ព្រោះមានអ្នករត់ការ បង់លុយរួចស្រេចទៅហើយ។ ការដឹកជញ្ជូនឈើប្រណីត តាមរ៉ឺម៉កម៉ូតូនេះ គឺដឹកចេញមកពីជួរភ្នំ បន្តពីរទេះគោក្របី ចុះតាមច្រកផ្លូវពីរ គឺតាមផ្លូវការរដ្ឋានទី៣ និងទី៥ ដែលក្រុមហ៊ុនចិន កំពុងធ្វើទំនប់វារីអគ្គិសនីខ្នាតតូច ដែលតាមផ្លូវនេះត្រូវឆ្លងកាត់កន្លែងត្រួតពិនិត្យ របស់អង្គការអភិរក្សព្រៃឈើនិងសត្វព្រៃ (C I) នៅតំបន់ខ្សាច់ពូក។
ឈ្មួញដឹកឈើទាំងអស់ បានបន្តដំណើរដឹកមកតាមផ្លូវ រហូតមកប្រសព្វគ្នា នៅស្ទឹងវត្តព្រៃខ្លុង រួចយកទៅស្តុកទុក នៅតាមផ្ទះជុំវិញផ្សារលាច និងនៅក្នុងភូមិស្បូវរីក ឃុំព្រងិល ស្រុកភ្នំក្រវាញ ពេលដែលឈើប្រមូលបានច្រើនហើយ ទើបពួកគេដឹកតាមរថយន្តតូចៗ ស៊េរីទំនើបបន្តទៅលក់នៅឯភ្នំពេញ។ ក្រោយទទួលបានព័ត៌មាន ពាក់ព័ន្ធនឹងការដឹកឈើខុសច្បាប់ យ៉ាងគគ្រឹកគគ្រេង តែគ្មានអ្នកបង្ក្រាប ក្រុមអ្នកយកព័ត៌មានបាននាំគ្នា ចុះទៅឃ្លាំមើលសកម្មភាពនេះ ក៏បានប្រទះឃើញមានអ្នកដឹកឈើប្រណីត ប្រភេទនាងនួន គ្មានក្រែងញញើតអ្វីឡើយ មិនខុសពីសេចក្ដីរាយការណ៍នោះទេ។
សមត្ថកិច្ចមួយចំនួននៅស្រុកភ្នំក្រវាញ បានក្លាយជាអ្នកកាងបទលើ្មស ដូចជាឈ្មោះ ម៉ៅ ជាមន្ត្រីកងរាជអាវុធហត្ថស្រុកភ្នំក្រវាញ និងឈ្មោះ ផល មានលំនៅភូមិព្រៃស្មាច់ ឃុំរកាត ជាម្ចាស់សិប្បកម្មចម្លាក់ឈើ និងជាប្រជាការពារភូមិ។ ប្រជាពលរដ្ឋបានរិះគន់ថា ខ្លួនសុទ្ធតែជាសមត្ថកិច្ច មានសិទ្ធិគ្រប់យ៉ាង មិនគិតគូរនាំគ្នាបង្ក្រាបបទល្មើសទេ ប្រហែលជាពួកគេ មានភាគហ៊ុននៅក្នុងរឿងនេះ ដែរហើយមើលទៅ បានរក្សាភាពស្ងៀមស្ងាត់ សូម្បីតែលោក ខូយ សុខា ជាអភិបាលខេត្ត ក៏មិនដែលហ៊ានហើបមាត់។
គួររំលឹកថា រាល់បទល្មើស ដឹកជញ្ជូនឈើប្រណីត ដែលសមត្ថកិច្ចបង្ក្រាបបាន នៅក្នុងខេត្តកំពង់ឆ្នាំង ច្រើនសារកន្លងមក គឺចេញពីស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ដោយសារតែសមត្ថិកច្ច បើកភ្លើងខៀវឲ្យក្រុមឈ្មួញរកស៊ីដឹកជញ្ជូនឈើ យ៉ាងអនាធិបតេយ្យ។ ជាក់ស្តែងនៅពេល ព្រះអាទិត្យចាប់ផ្តើមលិច គេ សង្កេតឃើញ ចាប់ពីទីរួមខេត្តពោធិ៍សាត់ បន្តទៅដល់ស្រុកភ្នំក្រវាញ មានសមត្ថកិច្ចបណ្ដាក់គ្នាដូចខ្យង ចាំរាប់ក្បាលឡានដឹកឈើយកលុយ ប៉ុន្តែពេលឡានដឹកឈើទាំងនោះ ទៅដល់ខេត្តកំពង់ឆ្នាំង តែងតែត្រូវបានបង្ក្រាប៕
Source from: watphnom-news.com
No comments:
Post a Comment